RSS

ឧ​ក្រិដ្ឋ​​​ជន​ចម្លែក​​ព្រៃ​​ផ្សៃ​​ចូល​ចិត្ត​​​​តែ​ស៊ីសាច់​​មនុស្ស​​


អត្ថបទតទៅនេះ លើកឡើងតែពីពួកឧក្រិដ្ឋជនព្រៃផ្សៃចម្លែកដែលចូល ចិត្តសម្លាប់មនុស្ស ព្រោះតែចង់ស៊ីសាច់មនុស្សប៉ុណ្ណោះ មិនសូវមានគោលដៅអ្វីផ្សេងក្រៅពីហ្នឹងទៀតឡើយ ។

* វីន វេហ្គាងលី-ប្រទេសកាណាដា
វីន វេហ្គាងលី (Vince Weiguang Li) កើតនៅលីវនីង ប្រទេសចិន ក្រោយមកទៅនៅប្រទេសកាណាដា ក្នុងឆ្នាំ២០០៦ ។ យប់ថ្ងៃទី៣០ កក្កដា ឆ្នាំ២០០៨ លើរថយន្តបឺសពី Edmonton ទៅ Winniped សុខៗស្រាប់តែលីប្រើប្រាស់កាំបិតចុងស្រួចចាក់ចូលបំពង់ក និងទ្រូងយុវជនម្នាក់ឈ្មោះ Tim Mclean អាយុ២២ឆ្នាំ ដែលអង្គុយក្បែរគ្នា រួចហើយសីុសាច់ជនរងគ្រោះដោយពន្លះមួយដុំម្តងបោះចូលមាត់ ទំពាទាំងឈាមកក្លាក់ ។ បន្ទាប់ពីប្រព្រឹត្តឧក្រិដ្ឋកម្មនេះ លី ព្យាយាមរត់ចេញពីរថយន្តតែមិនបានសម្រេច ។ ក្នុងហោប៉ៅអាវជននេះ ប៉ូលិសរកឃើញត្រចៀក ច្រមុះ និងអណ្តាតរបស់ Tim Mclean ។

* ភីថឺប្រាយយ៉ាន-ប្រទេសអង់គ្លេស
ភីថឺប្រាយយ៉ាន (Peter Bryan) កើតឆ្នាំ១៩៦៩ នៅទីក្រុងឡុង ប្រទេសអង់គ្លេស ។ ខែកុម្ភៈ ឆ្នាំ២០០៤ ភីថឺប្រាយយ៉ាន ស៊ីសាច់មិត្តភក្តិរបស់ខ្លួនឈ្មោះ Brian Cherry។ ជនរងគ្រោះ Cherry ត្រូវសម្លាប់ដោយពូថៅសំពងក្បាលរហូតដល់២៤ពូថៅ ។ ពេលសម្រុកចូលផ្ទះអា«ខ្មោចកំណាច»នោះ ប៉ូលិសស្រឡាំងកាំងចំពោះទិដ្ឋភាពដ៏គួរឱ្យហួសចិត្ត… សួរអីវាឆ្លើយហ្នឹង ហើយឆ្លើយទាំងញញឹមញញែមធម្មតា ហាក់ដូចគ្មានខ្លាចអ្វីសោះ ។ វានិយាយយ៉ាងហីរៀបរាប់ពីរបៀបសម្លាប់មិត្តភក្តិរបស់ ខ្លួនដើម្បីស៊ីសាច់ ព្រោះនឹកចង់ស៊ីសាច់មិត្តភកិ្តឈ្មោះ Cherry នេះយូរហើយ ។ ក្នុងពន្ធនាគារ Pentonville វានិយាយថា ចេះតែនឹកចង់សីុច្រមុះមនុស្ស ។ ក្រោយមកគេបញ្ជូនវាទៅមន្ទីរពេទ្យ Broadmoor ។ ប៉ុន្តែជាការស្មានមិនដល់សោះ នៅមន្ទីរពេទ្យនោះ ភិថឺប្រាយយ៉ាន ឆ្លៀតសម្លាប់ស៊ីសាច់មនុស្សប្រុសម្នាក់បានទៀតឈ្មោះ Richard Loudwell អាយុ៦០ឆ្នាំ ។ ពិតជាញៀនសាច់មនុស្សមិនអាចទ្រាំបានមែន!

* ចាណូអែល-ប្រទេសហ្វាំងឡង់
កើតឆ្នាំ១៩៧៥ នៅ Hyvinkas ចាណូ អែល (Jarno Elg) ទទួលខុសត្រូវចំពោះការសម្លាប់មនុស្សសាហាវបំផុតក្នុង ប្រវត្តិសាស្ត្រប្រទេសហ្វាំងឡង់ ។ ថ្ងៃទី២១ វិច្ឆិកា ឆ្នាំ១៩៩៨ចាណូ អែល ដើរចូលក្នុងផ្ទះបុរសដែលគេមិនទាន់ស្គាល់ឈ្មោះម្នាក់ ហើយច្របាច់កសម្លាប់ពន្លះស៊ីសាច់ ។ ចាណូ អែល មានបក្សពួក៣នាក់សុទ្ធតែចូលចិត្តស៊ីសាច់មនុស្សដូចគ្នា ។ រាល់ពេលសម្លាប់អ្នកណាបានម្នាក់ ពួកវារៀបចំសាច់ជាពីរចំណែក មួយចំណែកសម្រាប់ស៊ី ឯមួយចំណែកទៀតយកទៅប្រើប្រាស់ក្នុងពិធីសែនបិសាចសាតាន (Satan) ។ ចាណូ អែល ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតបន្ទាប់ ពីវាសម្លាប់ស៊ីសាច់យុវជនចុងក្រោយម្នាក់អាយុ២៣ឆ្នាំ ហើយត្រូវចាប់ខ្លួនបាន ។

* ហ្សូស៍ល្វី កាល់វ៉ា-ប្រទេសម៉ិចស៊ិក
ខែតុលា ឆ្នាំ២០០៧ ពេលសម្រុកចូលផ្ទះហ្សូស៍ល្វី កាល់វ៉ា (Jose Luis Calva) ប៉ូលិសឃើញជននេះកំពុងអង្គុយស៊ីសាច់មិត្តស្រីរបស់ខ្លួន យ៉ាងឆ្ងាញ់ ដោយច្របាច់ក្រូចឆ្មារលើសាច់ដែលត្រូវស៊ីផង ។ ក្នុងផ្ទះកាល់វ៉ា មានឆ្អឹងមនុស្សមួយពំនូកជាឆ្អឹងដែលពន្លះយកសាច់ ចេញអស់ហើយ ក្រៅពីនេះមានធុងមួយដាក់ស្ទើរពេញសុទ្ធតែសាច់មនុស្សដែល ពន្លះចេញពីឆ្អឹង ។ ថ្វីបើកំពុងឆ្ងាញ់មាត់នឹងសាច់មិត្តស្រី តែពេលងាកមកឃើញប៉ូលិសភ្លាម កាល់វ៉ា ដឹងថាអាសន្នធំមកដល់ក៏ស្ទុះរត់ចេញក្រៅតាមបង្អួច ដើម្បីគេចខ្លួន តែត្រូវបាញ់របួសរត់លែងរួច ។ កាសែតម៉ិចស៊ិកហៅកាល់វ៉ា ថា «កវីសីុសាច់មនុស្ស» ព្រោះកន្លងមកវាមានជំនាញខាងសរសេរកំណាព្យ អ្នកណាៗក៏សរសើរ ។ កាល់វ៉ា ត្រូវតុលាការវិនិច្ឆ័យទោសឱ្យជាប់ពន្ធនាគារ៨៤ឆ្នាំ ។

* ស៊ូតូមូ មីយ៉ាសាគី-ប្រទេសជប៉ុន
កើតឆ្នាំ១៩៦២ នៅទីក្រុងតូក្យូ, ស៊ូតូមូ មីយ៉ាសាគី (Tsutomu Miyazaki) ចាប់ផ្តើមសីុសាច់មនុស្សក្នុងឆ្នាំ១៩៨៨ ។ វាសម្លាប់កុមារីអស់៤នាក់ ចាប់ពីអាយុ៤ឆ្នាំដល់៧ឆ្នាំ។ មុនស៊ីសាច់កុមារីរងគ្រោះ វារំលោភសពនាងសិន ។ វាមិនត្រឹមតែចូលចិត្តសីុសាច់ប៉ុណ្ណោះទេ ថែមទាំងចូលចិត្តហុតឈាមជនរងគ្រោះទៀត ។ សាច់ដៃជើងជាចំណូលចិត្តទីមួយរបស់វា។ កុមារីរងគ្រោះដំបូងបំផុតឈ្មោះ Mari Konno ។ វាកាត់ដៃជើងនាងផ្តាច់ចេញពីដងខ្លួន ហើយយកទៅលាក់ក្នុងទូខោអាវ ចំណែកដងខ្លួនយកទៅកប់ចោល។ ស៊ូតូមូ មីយ៉ាសាគី ត្រូវតុលាការកាត់ទោសប្រហាជីវិតនៅថ្ងៃទី១៤ មេសា ១៩៩៧ បន្ទាប់មកថ្ងៃទី១៧ មិថុនា ឆ្នាំ២០០៨  ទើបគេនាំវាចេញពីពន្ធនាគារយកទៅប្រហារជីវិតដោយ ព្យួរ.ក ។

* ចន បិនធីង និងរ៉ូបឺត វេញ៉ី
ចន បិនធីង (John Bunting) ត្រូវបានចាត់ទុកជាឃាតករសាហាវ និងថោកទាបបំផុតក្នុងប្រទេសអូស្ត្រាលី ។ រវាងខែសីហា ឆ្នាំ១៩៩២ និងខែឧសភា ឆ្នាំ១៩៩៩ ចន បិនធីង ធ្វើសកម្មភាពសម្លាប់ស៊ីសាច់មនុស្សនៅ Snow Town ។ វាជាមេបក្សពួកឧក្រិដ្ឋជនមួយក្រុមដែលជំនាញខាង សម្លាប់មនុស្សប្លន់យកទ្រព្យសម្បតិ្ត ។ ប៉ុន្តែក្នុងក្រុមនោះមានតែរូបវា និងដៃគូឈ្មោះ រូបឺត វេញ៉ី (Robert Wagner)ប៉ុណ្ណោះដែលចូលចិត្តសីុសាច់មនុស្ស ។ ជនដែលវាចង់ស៊ីសាច់ជាងគេ គឺអ្នកស្រឡាញ់ភេទដូចគ្នា។ ឆ្នាំ២០០៥ ការចោទប្រកាន់ផ្ទុះឡើង បន្ទាប់ពីពួកវាទាំងពីរនាក់សម្លាប់ស៊ីសាច់បុរសឈ្មោះ David Johnson ហើយបែកការណ៍ត្រូវចាប់ខ្លួន។ គិតរហូតដល់ថ្ងៃពួកវាត្រូវចាប់ខ្លួន គេសង្ស័យពួកវាពាក់ព័ន្ធរហូតដល់២៣០ករណីសម្លាប់មនុស្ស ។

* ដូរ៉ង់ហ្សែល វ៉ាហ្គាស់-ប្រទេសវេណេហ្ស៊ុយអេឡា
ឆ្នាំ ១៩៩៥ ដូរ៉ង់ហ្សែល វ៉ាហ្គាស់ (Dorangel Vargas) ក្លាយជាមនុស្សអត់ផ្ទះសម្បែង រស់រសាត់អណ្តែតតាមចិញ្ចើមថ្នល់ ក្រុង San Cristobal រដ្ឋ Tachira ប្រទេសវេណេហ្ស៊ុយអេឡា ។ វ៉ាហ្គាស់ ជាប់ចោទពីបទសម្លាប់ស៊ីសាច់មនុស្សប្រុស១០នាក់ ចាប់ពីឆ្នាំ១៩៩៥ ដល់១៩៩៩ ។ ជននេះត្រូវចាប់ខ្លួនក្នុងខែកុម្ភៈ ១៩៩៩ នៅក្រុង San Cristobal ជាមួយរហស្សនាម «សត្វចម្លែកស៊ីសាច់មនុស្សនៅជួរភ្នំ Andes» ។ វាប្រាប់ប៉ូលិសថា វាចូលចិត្តស៊ីតែសាច់មនុស្សប្រុសប៉ុណ្ណោះ ។

* យូ យុងចុល-ប្រទេសកូរ៉េខាងត្បូង
យូ យុងចុល (Yoo Yong Chul) ជាឃាតករសម្លាប់រង្គាលនៅកូរ៉េខាងត្បូង ។ វាសារភាពថា សម្លាប់មនុស្សដើម្បីស៊ីសាច់ប៉ុណ្ណោះ ព្រោះញៀនទ្រាំមិនបាន ។ កាលពីនៅក្មេង វារស់ក្នុងជីវភាពតោកយ៉ាកជាមួយឪពុកដែលជាអតីតទាហានក្នុងសង្គ្រាម វៀតណាម ។ រវាងពីឆ្នាំ២០០៣ ដល់ ២០០៤ វាសម្លាប់និងស៊ីសាច់មនុស្សអស់២១នាក់ ដែលភាគច្រើនជាស្រ្តីរកស៊ីផ្លូវភេទ និងប្រុសមានលុយកាក់ចាយវាយហ៊ឺហា ។ ឧបករណ៍សម្លាប់មនុស្សរបស់វា គឺពូថៅដៃមុតអាចកោររោមបាន ៕

 

នារី​អ៊ី​រ៉ង់​ហាត់​គុន​និន​ចាត្រៀម​ខ្លួន​ចេញ​ធ្វើ​សង្គ្រាម​នៅ​ពេល​ប្រទេស​ជាតិ​ត្រូវ​ការ


មិន​មែន​ក្នុង​ខ្សែ​ភាពយន្ត​ ឬ​ក្នុង​សៀវ​ភៅ​កាប់​ដាវ​ទេ​ គឺ​ជាការ​ពិត​ជាក់ស្តែង​កើតមាន​រាល់​ថ្ងៃ​ ដែល​នារី​ក្នុង​ប្រទេស​អ៊ី​​រ៉ង់​រាប់​ពាន់​នាក់​កំពុង​ឈូ​ឆរ​ចូល​រួម​ហាត​់​ក្នុង​ក្លឹប​គុន​ Ninjitsu ពោ​រ​ពេញ​ដោយការ​អំណត់​ ដើម្បី​បាន​ក្លាយ​ជា​និន​ចា​អាជីព​ពិត​ប្រាកដ​ ។ ក្លឹប​គុន​ជំនាញខាង​ក្បាច់​ប្រយុទ្ធ​និន​ចា​នេះ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៨៩​ ដោយ​គ្រូ​គុន​ជើង​ចាស់​ Sensei Akbar Faraji ។​ នេះ​ជាក្លឹប​គុន​ដំបូង​បំផុត​នាំ​យក​ក្បាច់​គុន Ninjitsu (ក្បាច់​គុន​និន​ចា)​ ផ្សព្វ​ផ្សាយ​ក្នុង​ប្រទេស​អ៊ី​រ៉ង់​។

សព្វ​ថ្ងៃ​ក្លឹប​គុន​ Ninjitsu មាន​សិស្ស​ហ្វឹក​ហាត់​ចំនួន​២៤.០០០​នាក់​ ក្នុង​នោះស្រីមាន​៣.៥០០​នាក់​។ លោក​គ្រូ​ ​​ Sensei Akbar Faraji ​បាន​ឱ្យ​ដឹង​ថា ​ក្បាច់​​គុន​ Ninjitsu បើ​ប្រុស​ហាត់​ដល់​កម្រិត​កំពូល​គេហៅ​ថា​ Ninjita បើស្រី​ហាត់​ដល់​កម្រិត​កំពូល​គេហៅ​ថា​ Kunoichi ប៉ុន្តែ​អ្នក​ក្រៅ​មិនសូវ​យល់​ចេះ​តែ​ហៅ​និន​ចា​ៗ​ដូច​គ្នា​ទាំង​ប្រុស​ទាំង​ស្រី​ ។ ថ្វី​បើ​ក្បាច់​គុន​​ Ninjitsu​ត្រូវ​បាន​ចាត់​ទុក​ជាក្បាច់​គុន​មួយ​ក្នុង​ចំណោម​ក្បាច់​គុន​គ្រោះ​ថ្នាក់​ និង​ពិបាក​ហាត់​បំផុត​ តែ​ប្រការ​នេះ​មិន​អាច​ទប់​ស្កាត់​ជំនក់​ចិត្ត​របស់​នារី​​អ៊ី​រ៉ង់​ឡើយ​។

គាត់​សង្កត់​ធ្ងន់​Ninjitsu ត្រូវបានពណ៌នា​ជាឱសថ​ដែរ​ ដូច​យ៉ាង​ពិស​ពស់អ៊ី​​ចឹង​ ថ្វី​បើ​វា​​គ្រោះ​ថ្នាក់​ តែវា​ក៏​អាច​ជា​ឱសថ​បន្សាប​ពិស​យ៉ាង​ល្អ​។ លោក​ Fatima Muamer គ្រូ​ណែ​នាំ​មួយ​រូប​តា​ម​សាលា​យល់​ថា​ ក្បាច​់គុន​ Ninjitsu ​ជួយ​អ្នក​ហ្វឹក​ហាត់​រក្សា​លំ​នឹង​ដង​ខ្លួន​ និង​ប្រាជ្ញា​ស្មារតី​បាន​យ៉ាង​ល្អ​។ មេរៀន​សំខាន់​របស់ ​Ninjitsu សង្កត់​ធ្ងន់​លើការ​គោរព​​ និង​រម្យ​ទម​។ «​អ្នក​ហាត់​គុន​ត្រូវ​ចេះ​គោរព​ខ្លួន​ឯង​ គោរព​អត្ថិភាព​របស់​ខ្លួន​មុន​ពេល​ធ្វើ​ម្ខាស​់​ខ្លួន​ឯង​បាន​។ នឹង​ន ក៏​ជា​មេរៀន​សំខាន់​ត្រូវ​ក្តាប់​ឱ្យ​ជាប់​មុន​ពេល​ក្លាយ​ជា​និន​ចា» ។

បណ្តា​កុលាប​អ៊ី​រ៉ង់​ ដែល​ពី​មុន​គេ​ថា ជា​ភេទ​ទន់​ខ្សោយ​ និង​ទន់​ជ្រាយ​នោះ​ ពេល​នេះ​មួយ​ចំនួនធំ​ធ្វើ​ឱ្យ​ប្រុស​ៗ​បើក​ភ្នែក​ក្រឡង់​តាម​រយៈ​ចលនា​ភ្លឹប​ភ្លែត​ ជាមួ​យ​សមត្ថភាព​ប្រើ​អាវុធ​ពិសេស​ៗរបស់​និនចា ដូច​ពួក​និនចា​ជប៉ុន​ធ្លាប់​ប្រើ​ក្នុង​សម័យ​សង្គ្រាម​បុរាណ​។ និយាយ​រួម​ នេះ​ជា​សិល្បៈប្រយុទ្ធ​សម្រេចដល់​កម្រិត​កំពូលដែល​អ្នក​ក្រៅ​ឃើញ​ដូច​ចេះ​បំ​បាំង​ខ្លួន​គ្រប់​ពេល​គ្រប់​ស្ថាន​ភាព​។

អ្នក​ហាត់​ក្បាច់​គុន​ Ninjitsu មាន​សមត្ថ​ភាព​ប្រើ​អាវុធ​សម្ងាត់​រូប​ផ្កាយ​ ជាអាវុធគ្រោះ​ថ្នាក់​ប្រពៃ​ណី​ជប៉ុន​ មាន​សមត្ថ​ភាព​ប្រើ​ដាវ​ ប្រើ​ដំបង​២​កំណាត់​ អាច​ធ្វើ​ចលនាបម្លាស់​ទីដូច​កំប្រុក​ អាច​ឡើង​ដើម​ឈើ​ ឬ​ឡើង​ជញ្ជាំង​រហ័ស​រហួន​។ ក្រៅ​ពី​​នេះ​ ពួក​គេអាច​លាក់​ខ្លួន​បាន​ភ្លាមៗ​ អាច​ដក​ថយ​តាម​ម​ធ្យោបាយ​ច្រើន​បែប​។ ពួក​គេ​ពិត​ជាអាវុធ​ពិឃាត​គ្រោះ​ថ្នាក់​បំផុត​។ លោក​គ្រូ​ Faraji ​អ្នក​បង្កើត​​​ក្លឹបគុន​ Ninjitsu បាន​ឱ្យដឹង​ដែរ​ថា​ និនចា​ត្រូវ​តែមាន​ស្មារតី​អត់​ធ្មត់​ ស្មារតី​អនុគ្រោះ និង​ក្លាហាន​ប្តូរ​ផ្តាច់​ទើប​ឈាន​ដល់​កម្រិត​បំ​បាំង​ខ្លួន​បាន​គ្រប់​ពេល​។

Ninjitsu ជាសិល្បៈប្រយុទ្ធ​ផ្សារ​ភ្ជាប់​រូប​ភាព​និនចា​ល្បី​ល្បាញ​ច្រើន​ជំនាន់ក្នុង​សង្គ្រាម​នៅ ប្រទេស​ជប៉ុន ​ពី​ឆ្នាំ​១១៨៥​ដល់​១៨៦៨។ បច្ចុប្បន្នមាន​ការ​ប្រែ​ប្រួល​ច្រើន​ រូបភា​ព​និនចា​ឃើញ​តែ​ក្នុង​ខ្សែ​ភាព​យន្ត​ ឬ​ក្នុង​រឿង​កាប់​ដាវ​តែ​ប៉ុណ្ណោះ​ ។ ប៉ុន្តែ​ក្នុង​ប្រទេស​អ៊ី​រ៉ង់​វិញ​ ពួក​គេ​ជា​នារី​ភេទ​ទាំង​សាច់​ទាំង​ឈាម​ពិតៗ​ កំពុង​ហាត់​រៀន​យ៉ាង​អំ​ណត់​ព្យា​យាម ដើម្បី​ក្លាយ​ខ្លួន​ជា​និនចា​ក្នុង​ប្រទេស​អ៊ិស្លាម​មួយ​ ដែល​ក្បាច់គុន​បុរាណ​ជប៉ុនទទួល​បាន​ការ​និយម​ខ្លាំង​នេះ​។

ប្រឈម​នឹង​សម្ពាធ​ពី​ប​ស្ចិម​​ប្រទេស​ រួម​ជាមួយ​ឫក​ពា​កំញើញ​វាយ​ប្រហារ​របស់​ប្រទេ​ស​អ៊ី​ស្រា​អែល​ផង​ យុទ្ធ​នារីនិនចា​អ៊ី​រ៉ង់​ត្រូវ​បាន​ចាត់​ទុក​ជាកម្លាំង​បំពេញបន្ថែម​ចាំបាច់​សម្រាប់​កង​ទ័ព​អ៊ី​រ៉ង់​ពេល​​ផ្ទុះ​សង្គ្រាម​។ តាម​រដ្ឋ​ធម្មនុញ្ញ​អ៊ី​រ៉ង់ ប្រុស​ៗ​ដល់​អាយុ​១៨​ឆ្នាំ​ ត្រូវ​មាន​កាតព្វ​កិច្ច​បម្រើ​ក្នុង​ជួរ​កង​ទ័ព​ តែ​កំណត់​រយៈ​ពេល​ត្រឹម​១៨​ខែ​ គឺ​១​ឆ្នាំ​កន្លះ​ប៉ុណ្ណោះ​ មិន​មែន​៣​ឆ្នាំ​ដូច​នៅ​ប្រទេស​នានា​ឡើយ​ ។ ហេតុ​នេះ​ kunoichi ឬ​និន​ចា​ស្រី​អ៊ី​រ៉ង់​ អាច​មាន​ប្រយោជន៍សំខាន់​ពេល​ស្រុក​ទេស​ផ្ទុះសង្គ្រាម​ ព្រោះ​ពួកនាង​មាន​សមត្ថ​ភាព​ប្រយុទ្ធ​ពេញ​ខ្លួន​ មាន​សេចក្តី​ក្លាហាន​ពេញខ្លួន​។

រយៈ​ពេល​៣៣​ឆ្នាំ​ បង្កើត​របប​សាធារណៈ​រដ្ឋ​អ៊ិស្លាម​អ៊ី​រ៉ង់​ប្រទេស​នៅ​​តំបន់​មជ្ឈិម​បូ​ព៌ា​មួយ​នេះ​ព្យាយាម​បន្តិច​ម្តងៗប្រែ​ក្លាយ​នារី​ភេទ​ដែល​ពី​មុន​គេ​​ថា ទន់​ខ្សោយ​ផង​ ទន់​ជ្រាយ​ផង​នោះ ឱ្យក្លាយ​ជាអ្នក​ខ្លាំង​ទាំង​ស្មារតីទទួល​ខុស​ត្រូវ​លើ​ខ្លួនឯង​ ទាំង​ឆន្ទះ​ប្រយុទ្ធ​ឥត​រាថយ​ ដើម្បី​ជម្រុះចោល​ទស្ស​នៈ​ប្រពៃ​ណីភ័​ន្តច្រឡំ​ពីតួ​នាទី​របស់​នារី​ក្នុង​សង្គម។ ប្រទេស​​នេះ​ ដែល​ពី​មុន​មាន​ច្បាប់​ហាម​ប្រាម​តឹង​តែង​ចំពោះ​នារី​ សូម្បីលេង​កីឡា​ក៏មិន​បាន​ដែរ​ ឥឡូវ​ស្រាប់​​តែ​នារី​ច្រើន​កុះករ​ហាត់​ក្បាច​់គុន​ប្រយុទ្ធប្រភេទ​ពិឃាត​ដ៏​សាហាវ​ និង​ត្រៀម​ខ្លួន​ចេញ​ប្រយុទ្ធ​គ្រប់​ពេល​ទៀត​ វាពិត​ជារឿង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​បំផុត ៕

 

ប្រទេស​អេហ្ស៊ីប​​​៖ បដិមា​Sphinx និង​ពាក្យ​​​ពិសិដ្ឋ«ម៉ែ​អើយ»


និយាយ​ដល់​​​ប្រទេស​អេហ្ស៊ីប​​​​ មនុស្ស​គ្រប់​​​រូប​តែង​តែ​​រំលឹក​​ពីអច្ឆ​រិយ​​​​វត្ថុ​​​ពី​​​រក្នុង​​ចំណោម​​​អច្ឆរិយ​​​វត្ថុ​ទាំង​​៧​​​​​របស់​ពិភពលោក​​​ គឺ​ពីរ៉ាមីត Cheops​ នៅជិត​​​ទី​​ក្រុង​​គែរ​ និង​​សសរ​បង្គោល​​​ភ្លើង​​សមុទ្រPharos ​​​នៅក្រុង​​​កំពង់​​​ផែ​​អាឡិច​សាន​ឌ្រា​​ ។ ប៉ុន្តែ​​នៅ​មាន​ទីតាំង​​​មួយ​ទៀត​​​ ថ្វី​បើ​​មិន​រាប់​បញ្ចូល​​​ជា​អច្ឆរិយ​​​វត្ថុ​​ពិភព​លោក​​​ តែ​​ភ្ញៀវ​​​ទេសចរ​​តែង​ចូល​ចិត្ត​​ទៅ​​​ទស្សនា​​កុះ​ករ​​​​ជាប់​រហូត​​​ដែរ​ (ព្រោះ​​​នៅ​ជិត​​ពីរ៉ាមីត​)​​នោះគឺ​រូប​​បដិមាSphinx ក្បាលមនុស្ស​​​ខ្លួន​តោ​​ ដែល​កសាង​​​តាំងពី​​២.៥០០​ឆ្នាំមុនគ្រិស្ត​​សករាជ​​ ។

​​បដិមា​​​Sphinx មាន​បណ្តោយ​​​៨១​​ម៉ែត្រ​​ កម្ពស់​​អត់គិត​​​​កំណល់​​​១៨ម៉េត្រ​​ ធ្វើ​ពី​ថ្ម​​​សំលៀង​​​ពណ៌ស​ ។ ដោយ​ហេតុ​​​តាំង​​​នៅ​ជាប់​សមុទ្រ​​ខ្សាច់ បដិមា​​​Sphinx ធ្លាប់​ត្រូវ​ខ្សាច់​​លុប​​ជិត​ រដ្ឋ​ា​ភិបាល​​អេហ្ស៊ីប​​​​ចំណាយ​អស់​​ប្រាក់​​​១លាន​ដុល្លារ​​ទម្រាំ​​​សំអាត​​​ខ្សាច់​​ចេញអស់ ជួ​យ​​​ឱ្យ​ធ្វើ​​​កា​រជួស​ជុល​​​ស្តារ​ឡើង​វិញ​​បាន​ ។ គេនិយាយ​ថា ក្បាល Sphinx ​​​តាម​​​ពិត​គឺ​​ព្រះ​​​សិរសា​​ហ្វា​រ៉ាអុង​ ដែល​​ស្តេច​​បុរាណ​​អង្គនោះ​​​បញ្ជា​​​ឱ្យ​គេ​​ឆ្លាក់​ព្រះ​ភក្រ្ត​​​ព្រះ​អង្គ ។ ចំណែក​​​ដង​ខ្លួន​​​តោ​​ គឺ​និមិត្ត​​រូប​​​នៃ​កម្លាំង​​ខ្លាំង​ក្លា​របស់​​បណ្តា​​អធិរាជ​​​បុរាណ​​​យូរលង់ ។
មាន​រឿង​​​ខ្លោច​ផ្សា​​​មួយ​ពាក់​ព័ន្ធ​​​បដិមា​​​Sphinx ។​ ឆ្នាំ​​​១៧៩៨​​​ ពេលលើក​​ទ័ព​​​​​​​ឈ្លាន​ពាន​​​អេហ្ស៊ីប​​​ ស្តេច​​ណាប៉ូឡេអុង​ របស់​បារាំង​​​បាន​មក​​ដល់​ទីនេះ​​ ។ ដោយ​​ធ្លាប់​​​ឮ​​គេតំ​​ណាល​​ពីបដិមា​​​Sphinx មា​ន​អាថ៌​​កំបាំ​​ង​​​​ច្រើន​​​​​​ និង តែងមាន​​​មនុស្ស​​​​គោរពបូជា​ ស្តេច​​ណាប៉ូឡេអុង​​​ឈរមើលបន្តិច​​​​ ស្រាប់តែ​​ស្ទុះ​​ទៅបំបែរ​កាណុង​កាំ​ភ្លើង​​​ធំ​​​​ដោយ​ខ្លួន​​​​ឯង​​​ ហើយ​បាញ់​​​មួយគ្រាប់​​​សំដៅ​​​ Sphinx ។

សំណាង​​ដែរ​ កាំ​ភ្លើង​​​ជំនាន់​នោះ​​​មិន​សូវ​​ខ្លាំង​​ក្លា​​ ហេតុនេះ​​គ្រាប់កាំ​ភ្លើង​​​បាន​ត្រឹមតែ​​​ធ្វើ​ឱ្យ​​​កញ្ឆត​ច្រមុះ​​​មួយដុំ​​ និង​របេះ​​​ថ្ពាល់​​​​ម្ខាង​ ។ ប្រកា​រដែល​​ត្រូវ​​និយាយ​ ​គឺ​ពេល​​​ជួសជុល​​​វិញគេ​​រក្សាស្នាម​​​កញ្ឆត​​​បាក់​​បែក​​ទាំង​នោះ​​នៅដដែល​ ហាក់ដូច​​​មាន​បំណង​​​ទុក​ស្លាកស្នាម​​​ប្រវត្តិ​សាស្ត្រ​​​ឱ្យអ្នក​ជំនាន់​ក្រោយ​​​បាន​ដឹង​​​ អត់​ស្តារ​ទម្រង់​ដំបូង​ឡើយ​ ។ ចំពោះ​​បដិមា​​​Sphinx មាន​អាយុ​កាលជិត​​​៣.០០០​ឆ្នាំ​​នេះ​​ ជនជាតិ​អេហ្ស៊ីប​​​មាន​រឿង​​តំ​​ណាល​ត​​​កូន​​​​ចៅ​​​រហូត​​ដល់​សព្វ​ថ្ងៃ​​ថា​​ ក្រោយ​​ពី​​​បដិមា​​​Sphinx ត្រូវបាន​​កសាង​​​រួច​រាល់​​​ មាន​សម្បថ​សក្តិសិ​ទ្ធិ​​មួយ​​ឋិត​ថេរ​​រហូត​ ។ សម្បថ​នោះ​​គឺបើ​អ្នក​ណា​​​នៅចំពោះ​​មុខ​​​បដិមា​​​Sphinx អាចនិយាយ​​​បាន​ពាក្យមាន​អត្ថន័យ​​​ជ្រាល​ជ្រៅ​​​ពិសិដ្ឋ​បំផុត​​ នឹ​​ងបានSphinx​​​ បន្លឺ​សំណើច​​ ធ្វើ​ឱ្យ​​​អ្នក​និយាយ​នោះ​​​មាន​សំណាង​ល្អ​​​អស់​មួយ​ជីវិត​​ ក្លាយជា​​មនុស្ស​​អស្ចារ្យ​​ក្នុង​លោក ។

ឮសម្បថ​​នេះ មនុស្ស​​ម្នា​​ទាំង​ទីជិត​ទីឆ្ងាយ​​​​​ផ្សង​ព្រេង​​​មក​បន្លឺ​ពាក្យ​​​ប្រកបដោយ​​​ន័យ​ជ្រាល​ជ្រៅ​​​​តាម​ការ​យល់​​ឃើញ​​​របស់​​​ខ្លួន​ ព្រោះ​​​តែចង់​បាន​​សំណាងល្អ​​អស់មួយ​ជីវិត​ ។ អ្នកដែល​​ធ្វើដំណើរ​​មក​រក​បដិមា​​​Sphinx មាន​គ្រប់​​ស្រទាប់​​​​​ តាំង​ពី​​​​​ជនធម្មតា​រហូតដល់​​អ្នក​ចេះដឹង​​​ខ្ពស់ ទាំង​​ទស្សនវិទូ​​ពី​បរទេស​​ទៀត​ផង​ ដូចយ៉ាង​​Socrates(៤៦៩-៣៩៩​មុនគ.ស)Platon (៤២៧-៣៤៧មុនគ.ស) Aristotle​​s (៣៨៤-៣២២មុនគ.ស) ដែល​សុទ្ធសឹង​​​ជា​ទស្សនវិទូ​​​ល្បី​ល្បាញ​​របស់​ពិភពលោក​​​​ ។ ពួកអ្នក​ចេះ​​​ដឹងខ្ពង់​​​ខ្ពស់​​ទាំង​នោះ​​​ ធ្វើ​ដំណើរ​​​មក​​ជាមួយ​​មនុស្ស​​សាមញ្ញ​​ ប្រហែ​លជាដើម្បី​​​ស្វែង​យល់​​រក​ការពិត​​តើ​Sphinx មាន​លក្ខណៈ​​​ពិសេស​​យ៉ាង​​ម៉េច​ខ្លះ​​ បាន​​ជាធ្វើ​​​ឱ្យ​មនុស្ស​​​មាន​ជំនឿ​​​ខ្ពស់​យ៉ាង​នេះ​​ ហើយ​​​ក៏ប្រហែល​​​ជាចង់សាក​ល្បង​​​ខ្លួន​​ឯង​​​ដែរ​​ក៏មិនដឹង​​ ។ ភាព​ពពាក់​ពពូន​​​មាន​រាល់​ថ្ងៃ​​រាល់​​ខែ​ និង​​រាល់​ឆ្នាំ​​ នៅតែមិន​​​ឃើញ​​មា​ន​អ្វី​​​ចម្លែក​​​កើត​ឡើង​ ។

គេ​​តំណាល​​ថា ស្រាប់​តែ​ថ្ងៃមួយ​​​នៅកណ្តាល​ហ្វូ​ង​មនុស្ស​​​កុះ​ករ​​​ មានស្ត្រី​​​ម្នាក់​​​កាន់ដៃ​​កូនតូច​​​មក​មើល​​​នឹ​​ង​គេដែរ​ ។ ម្តាយ​​​-​​កូនដើរ​​មួយ​សន្ទុះ​​ កុមារ​តូច​​​របូត​ដៃ​​ពី​ម្តាយ​​​​ ដោយ​សារហ្វូ​ង​មនុស្ស​​​ប្រជ្រៀត​​​គ្នា​​​ទៅមក​​​ពពាក់​ពពូន​​​ពេក ។ វា​​ងាក​មើល​ឆ្វេង​​​ស្តាំ​​អត់​ឃើញ​​​ម្តាយ​​​ក៏កើត​​​ការ​ភ័យ​ស្លន់​ស្លោ​​​ស្រែកខ្លាំង​​ៗ «ម៉ែអើយ!ម៉ែអើយ​​​​!» ។ ចម្លែក​​អស្ចារ្យ​​​ណាស់​​ ឮពាក្យ​​​«ម៉ែអើយ​​» ស្រាប់ តែ​​​បដិមា​​​Sphinx ផ្ទុះ​​​​សំណើច​​​កក្អឹក​​​​ហាក់​ដូច​​​ពេញ​ចិត្ត​​​មែនទែន​ ។ សំណើច​​​របស់​​Sphinx ធ្វើ​ឱ្យ​មនុស្ស​​​ម្នា​ភ្ញាក់​ផ្អើល​​​ដកក​មើល​​គ្រប់​គ្នា​ ។ នេះជាសំណើច​​​​ដំបូង​​​បំផុត​​​របស់​​​បដិមា​​Sphinx​ដែលមាន​​​អាយុ​​កាលជិត​​​៣.០០០​ឆ្នាំ​​ ។ រហូត​​​មកដល់​​​សព្វ​ថ្ងៃ​​ ជន​ជាតិ​អេហ្ស៊ីប​​​នៅ​តែ​​ឆ្ងល់​​​ចំពោះ​រឿង​​តំ​​ណាល​ខាងលើ​ ។ គ្មាន​​អ្នក​ណា​​​អាច​​បក​ស្រាយ​​​បាន​​ពាក្យ​​​«ម៉ែអើយ​​!» ដ៏​​​ពិ​​​​សិ​​ដ្ឋ​​​សក្តិ​សិទ្ធិ​​យ៉ាង​​ចម្លែក​​នេះឡើយ​ ៕

 

អាថ៌កំបាំង​ជុំ​វិញ​គ្រោះ​ថ្នាក់​យន្ត​ហោះ​ស្លាប់​លោក​អគ្គលេខាអង្គការ​សហប្រជា​ជាតិ​កាល​ពី​៦០ឆ្នាំ​មុន


លោក​​ដាកហាំម៉ា​ហ្សូល (Dag Hammaskjold) អគ្គលេខាអង្គការ​សហ​ប្រជាជាតិ​ត្រូវ​បានអស់ជីវិត​​ឆ្នាំ ​១៩៦១ ដោយ​សារ​គ្រោះ​ថ្នាក់​​​​ធ្លាក់​យន្តហោះ​​ពេល​លោក​​​ទៅបំពេញ​​បេសក​​កម្ម​​​​ពន្លត់​​ភ្លើង​សង្គ្រាម​នៅ កុង​​​​​ហ្គោ ទ្វីប​អាហ្វ្រិក ។ ការ​ស៊ើបអង្កេត​​​​ជុំវិញ​​​​ព្រឹត្តិ​ការណ៍​​នេះ​​លេចចេញ​មតិ​ផ្ទុយ​គ្នា​រហូត​​មក​ដល់​សព្វ​ថ្ងៃ​​​ដែល​ មាន​រយៈ​ពេល​​​៦០​ឆ្នាំហើយ​។ បុរសជនជាតិ​​ស៊ុយអែត​រូប​នេះ​​​មាន​សុបិន​​​ផ្ទាល់ខ្លួន​ចង់​ប្រែក្លាយ​​​អង្គការ​​សហ​​ប្រជា​ជាតិ​​​​ជា «ឧបករណ៍​​បង្កើត​​កម្លាំង​​ចលករ» ជួយ​ឱ្យ​​សហគមន៍​​ពិភព​​លោករៀប​រយ ការពារ​បណ្តា​​​ប្រទេស​ទន់ខ្សោយ ​​តាមរយៈ​សកម្មភាព​​គោល​ដៅ​​សន្តិភាព​​​ពិតៗ ​ជា​សកម្ម​ភាព​​របស់​​អង្គ​ការ​​សហប្រជាជាតិ​​​​ខ្លួន​ឯង​មិន​ចំណុះ​​ឥទ្ធិពល​​មហា​អំណាចទេ ​។​

ជា​មនុស្ស​​​​ទីមួយ​​បាន​ទទួល «រង្វាន់​​​​សន្តិ​ភាព» ក្រោយអស់​ជីវិត​​​ លោក​​ដាក​​ហាំ​ម៉ា​ហ្សូល ​​មានឈ្មោះ​ថា បិតាបេសក​កម្ម​​​ការពារ​សន្តិ​ភាព​ ដោយ​កង​កម្លាំង​​​របស់​អង្គការ​​​សហប្រជាជាតិ​​​ដំបូងបំផុត​ ​បន្ទាប់ពី​​​​វិបត្តិ​​​ព្រែកជីក​ស៊ុយអេ ​​នៅ​ភាគ​ឦសានប្រទេស​អេហ្ស៊ីប ក្នុង​តំបន់​​​មជ្ឈិម​បូព៌ា​ ។ ​
ឆន្ទៈ​មោះមុត​​ដើម្បីសន្តិភាព​
រំលង​​​​អធ្រាត្រ​​​ថ្ងៃទី​១៨ ​កញ្ញា ​​​ឆ្នាំ​១៩៦១ លោក​ដាក​​ហាំម៉ា​ហ្សូល ​កំពុងស្ថិន​​​លើ​​យន្តហោះ​​​​ធ្វើ​ដំណើរ​​ដោយផ្ទាល់​​ទៅកន្លែង​​​​​បើក​​​​ការ​​ចរចា​ឈប់​​បាញ់គ្នា​ក្នុងតំបន់​​ផ្តាច់ខ្លួន​​​​ដ៏​​សម្បូរ​ធនធាន​​​ធម្មជាតិនៅ​កុងហ្គោ ​​ប្រទេស​មួយក្នុង​​​ចំណោម​​ប្រទេស​​​​ដែល​បេសកកម្ម​​​រក្សាសន្តិភាព​របស់​អង្គ​ការ​​​សហប្រជាជាតិ​ត្រូវជាប់​​​ផុង ដោយ​​សារ​បញ្ហា​​​​​នយោបាយ​​​​ស្មុគស្មាញ​​​ក៏​ដូច​​ឥទ្ធិ​ពល​​សម័យ​សង្គ្រាម​​ត្រជាក់​​​តាន​តឹង​។ ​​ប៉ុន្តែមិន​​​នឹក​ស្មាន​​​សោះ​ថា នារាត្រី​​​​ជោគជតា​​អាក្រក់​នេះ ​​យន្ត​ហោះ​ DC-6 ដឹក​លោក​​​អគ្គលេខា​​អង្គ​ការ​​​សហ​ប្រជាជាតិ​​​​​ដាក​ហាំម៉ា​​ហ្សូល ពេលទៅជិត​ដល់​​គោល​ដៅ​​​​ចុះចត​​ស្រាប់​តែផ្ទុះ​​ធ្លាក់​​​​ដី​ជិត​​ព្រ​លាន​យន្តហោះ​ Ndola នៅ Northern Rhodesia ដែល​សព្វថ្ងៃ​​​​​​ស្ថិត​ក្នុងប្រទេស​​​សំប៊ី​។​

លោក​​ក្នុត​ហាំម៉ាហ្សូល ​(Knut Hammaskjold) ក្មួយ​ប្រុស​​លោក​អគ្គ​លេខា​ធិ​ការ​​អភ័ព្វ​ ​ទៅមើល​កន្លែង​​ធ្លាក់​​យន្តហោះ​​បន្ទាប់​ពី​​​គ្រោះថ្នាក់​​​​​កើត​​​​​ឡើង​ប៉ុន្មាន​​ថ្ងៃ​​។ ​​​គាត់​និយាយ​ប្រាប់​​​ BBC ទាំងតក់ស្លុតថា​​​​ «យន្តហោះ​​​បែក​​ជា​ច្រើន​បំណែក​ធ្លាក់​​រាយ​ប៉ាយ​​​ក្នុង​ព្រៃ​។ ​នៅ​ទីនោះ​ខ្ញុំ​​​អត់​បាន​​​ឃើញ​​​​សព​ណាម​ួយ​​ទេ រាប់ទាំង​​ឪ​ពុក​មា​​ខ្ញុំ​ផង ​ប្រហែល​ត្រូវ​​​គេ​ដឹកជញ្ជូន​​​ចេញអស់​​​មុន​ពេល​​​ខ្ញុំទៅដល់​»​។​ ក្នុតនៅនឹកឃើញ​​​​​ច្បាស់​​ពី​ពេល​វេលា​ឈឺ​ចាប់​​​​នោះ​នៅមាតុ​ភូមិ​ស៊ុយអែត​ ទឹកដី​ដែល​​​លោក​ដាក​ហាំ​ម៉ា​ហ្សូល ត្រូវ​បាន​លើក​​​តម្កើង​ជាវីរ​បុរស​​ជាតិ «ទាំង​អស់គ្នា​​​​ស្ទើរ​គាំង​បេះ​ដូង ពេល​ដឹង​ព័ត៌មាន​​​ឪពុក​​មាខ្ញុំរងគ្រោះ ​រហូត​ដល់​​​បាត់​បង់ជីវិត ​។

ប្រទេស​ស៊ុយ​​​អែត​​ទាំងមូល​​​ញ័រ​​​​រញ្ជួយ។ តាម​​​ហាង​ទំនិញ​​​នានា កន្លែង​ណា​ក៏​មាន​​ព្យួរ​រូប​ឪពុក​មាខ្ញុំ​​ដើម្បី​សម្តែង​ការ​​នឹក​រលឹក​។ ​ឪពុកមា​​ខ្ញុំ​បាន​ទទួល​ការរៀបចំ​​​ពិធីបុណ្យ​​​​​​សព​ខ្ពង់ខ្ពស់​​​ពី​ថ្នាក់ជាតិ ​​​ជា​ប្រការ​​​កម្រ​មាន​​​ណាស់​សម្រាប់​​​​អ្នកទៅ​ធ្វើការ​នៅ​បរទេស​»​។​ រំលឹកឡើងវិញ​​​​កាល​ដែល​ក្រុម​ប្រឹក្សា​​សន្តិ​សុខ​​អង្គការ​សហប្រជាជាតិ​​​​តែង​តាំង​​​បុរស​​​ស៊ុយ​អែត​​​ចរិត​​​​​រម្យទម​​ម្នាក់នេះ​​​ជា​អគ្គលេខា​​​អង្គការ​សហប្រជាជាតិ​នា​ឆ្នាំ​​​១៩៥៣ ពេលនោះគ្មាន​​​​អ្នក​ណា​​​​​អាច​ស្មាន​​​​ត្រូវពី​​អាម្មរណ៍​​​ប្តូរ​​​​ផ្តាច់​ដែល​​ដាក​ហាំម៉ា​ហ្សូល បញ្ចូល​ក្នុង​​​ការងា​​រ​ពិសេស​នេះ​​ឡើយ​។​

កាលណោះ​​​​ដាកហាំម៉ាហ្សូល ​​​អាយុ​​​​៤៨ឆ្នាំ ​កាន់​តំណែង​​រដ្ឋ​មន្ត្រី​​​​​​ការបរទេស​​ស៊ុយអែត ​ស្ទើ​រ​តែ​​​​ជាមនុស្ស​​​ម្នាក់ដែល​​គេមិនសូវ​ស្គាល់​​ក្នុងពិភព​លោក​​មុនពេល​​​​​បាន​អង្គុយ​​​កៅអី​​​អគ្គលេខា​អង្គ​ការ​សហប្រជាជាតិ​។ ​គាត់​បាន​​​​ទទួល​ការ​តែ​ង​តាំង​នេះ​​​​ផ្តើម​ចេញ​ពីសំណើ​ដំបូង​របស់​​ប្រទេស​បារាំងជាមូលហេតុ​​សាមញ្ញ ៖ ដាកហាំ​ម៉ា​ហ្សូល ​​​តំណាង​ឱ្យ​ប្រទេស​អព្យាក្រឹត ជា​មនុស្ស​​ប្រកាន់​​​ភាពត្រឹមត្រូវ​​​ គ្មានទស្សន​​​នយោបាយ​​លម្អៀង តាមរយៈ​នោះ​​អាច​ធ្វើ​​​ឱ្យ​​​បណ្តា​​មហា​អំណាច​​​ដែល​មាន​​មុខ​ក្នុង​​​​ក្រុមប្រឹក្សា​​​អង្គការ​​សហ​ប្រជា​ជាតិ​​​​សប្បាយ​​​​ចិត្ត​មិន​ខាន​។

ប៉ុន្តែ​តាម​​​ពិត បារាំង​​​​ និងអ្នក​ឯទៀត​ច្រឡំ​ធំ។ ​​តាំងពីជំហាន​​ដំបូង​ ដាក​ហាំម៉ាហ្សូល ​​​​សំណេះ​សំណាល​​ជាមួយសហការីជំនិត ប្រាប់ពួកគេ​​​​ពីអនាគត​​អង្គការ​សហប្រជាជាតិ​​ក្រោម​ការ​​ដឹក​​របស់ខ្លួន ដែលខ្លួន​​​តាំង​ចិត្ត​​​ធ្វើ​ខ្លួន​ឯង​ក្លាយ​ជា​​កូឡុម​បូថ្មី ៖ «តាមរយៈ​​​នាវា​​ Santa Maria កូឡុមបូ រក​ឃើញទ្វីបអាមេរិក បើកទំព័រ​​​​ប្រវត្តិ​​សាស្ត្រ​ថ្មី​ដល់​​មនុស្សជាតិ​។ ​ខ្ញុំ​ក៏​​​ចង់ប្រែក្លាយ​​អង្គ​ការ​​​សហប្រជាជាតិ​​នាវា Santa Maria ថ្មី ហើយខ្ញុំ​​ខ្លួន​ឯង​​​ជាកូឡុមបូថ្មី​ដែរ​»។​ ហេតុនេះ​​​មិនយូរប៉ុន្មាន​​​​ថ្នាក់ដឹកនាំ​​បណ្តា​ប្រទេស​មហាអំណាច​​​ដឹងខ្លួន ជ្រើសរើស​ចំ​​អគ្គ​​លេខា​អង្គ​ការ​​សហប្រជាជាតិ​​​​ម្នាក់​រឹង​​ក្បាលប៉ុន​ណា ​ប្តូរ​ផ្តាច់​ប៉ុនណា​។​

ឡើងអង្គុយ​​កៅអី​អគ្គលេខាអង្គការ​​​សហ​ប្រជាជាតិ​​​​ភ្លាម​​ ដាក​ហាំម៉ា​ហ្សូល ចាប់​ផ្តើម​​ពិនិត្យ​​ធម្ម​នុញ្ញ​​អង្គការ​សហ​ប្រជាជាតិ រក​មធ្យោ​បាយ​រុះរើ​​​របង​ច្បាប់​ដែល​កន្លង​មក​​​រារាំង​​សកម្ម​ភាព​ពិតប្រាកដ​ ជាមួយ​នោះ ដោះស្រាយ​​មួយ​ជំហាន​​​ម្តងៗ អូសគណៈ​លេខា​របស់ខ្លួន ​ចេញផុត​​ការត្រួតពិនិត្យ​​របស់​បណ្តា​ប្រទេស​​ក្នុង​ក្រុម​ប្រឹក្សា​​​​សន្តិសុខ​។​ ឱកាស​ល្អ​​មក​ដល់​សម្រាប់​ដាក​ហាំ​ម៉ូហ្សូល នា​ចុង​ទស​វត្ស​​១៩៥០ ពេលគាត់​រក​បាន​វេទិកា​​សមស្រប​សម្រាប់​​អនុវត្ត​​តួនាទីជា​ប្រវត្តិ​សាស្ត្រ​របស់ខ្លួន នោះគឺ​​ទ្វីបអាហ្វ្រិក ពិសេស​​ប្រទេស​កុង​ហ្គោដែល​កំពុងឆាបឆេះ​ដោយភ្លើង​សង្គ្រាម ។

ថ្វី​បើ​​ដណ្តើម​​​បាន​ឯករាជ្យពី​អាណានិគម​​​បែល​ហ្ស៊ិក​​នា​ឆ្នាំ​​១៩៦០ តែកុងហ្គោ​រកសន្តិភាព​​មិនទាន់​ឃើញ ព្រោះ​​​ជាប់​​​ផុងក្នុង​ស្ថានភាព​​​បែក​បាក់​​គ្នា​ធ្ងន់ធ្ងរ​​រវាង​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​​ប៉ាទ្រិស លុយ​មុមបា​ (Patrice Lumumba)​ និង​ម៉យត្សូម​បេ (Moise Tshombe) អ្នក​​ក្តោប​ក្តាប់​​​ខេត្ត Katanga ។ ម៉យ​ត្សូម​បេ ផ្តាច់ខ្លួន​ពីអំណាច​រដ្ឋាភិបាល​​​​កណ្តាល ដោយមានការ​គាំទ្រ​ពី​​​បែលហ្ស៊ិក​។​ អាមេ​រិក​ និង​បស្ចិម​ប្រទេស​​ផ្តល់​​​​ជំនួយ​ឱ្យ​ម៉យត្សូមបេ​៥០​លាន​ដុល្លារ​អាមេ​រិក​ មុន​ពេល​ស្នើ​អង្គ​ការ​សហ​ប្រជា​ជាតិ​ដោះ​ស្រាយ​វិបត្តិ​កុង​ហ្គោ​ ។

កិច្ច​ប្រជុំ​បន្ទាន់​របស់​ក្រុម​ប្រឹក្សា​អង្គ​ការ​សហ​ប្រជា​ជាតិ​ដាក់​ចេញ​នូវ​ការ​សម្រេច​ចិត្ត​មួយ​អនុញ្ញាត​ឱ្យ​កង​ទ័ព​អង្គ​ការ​សហ​ប្រជា​ជាតិ​ចូល​ទៅ​រក្សា​សន្តិភាព និង​រក្សា​សណ្តាប់​ធ្នាប់​នៅ​កុង​ហ្គោ​ ។ ក្រោយ​មាន​ការ​សម្រេច​ចិត្ត​នេះ​ ទា​ហាន​ដំបូង​បំផុត​ក្នុង​ជួរ​កង​ទ័ព​មួក​ខៀវ​របស់​អង្គ​ការ​សហប្រជា​ជាតិ​ត្រូវ​បាន​បញ្ជូន​ទៅ​កុង​ហ្គោភ្លាម។ ដំបូង​អ្វី​ៗ​គ្រប់​យ៉ាង​ប្រព្រឹត្ត​ទៅ​ស្រប​ផែន​ការ​របស់​អង់​គ្លេស​ និង​អាមេរិក ។ កម្លាំង​ទ័ព​អង្គ​ការ​សហប្រជាជាតិ​ប្រកាស​គ្រប់​គ្រង​កុង​ហ្គោ​បាន​យ៉ាង​ល្អ រាំង​ស្កាត់​បាន​កង​ទ័​ព​រដ្ឋាភិបាល​កុង​ហ្គោ​មិន​ឱ្យ​វាយ​ប្រហារ​កម្លាំង​បំ​បែក​ខ្លួន​នៅ​Katanga ។

ជាមួយ​គ្នា​នេះ​ស្រាប់​តែ​​លោក​វរ​សេនី​យ៍​ឯក​ម៉ូប៊ូទូ​ បាន​ទទួល​ប្រាក់​៥​លាន​ដុល្លារ​រៀប​ចំ​ធ្វើ​រដ្ឋ​ប្រហារ​ផ្តួល​រំ​លំ​រដ្ឋាភិបាល​កណ្តល​ដឹក​នាំ​ដោយ​នាយក​រដ្ឋ​មន្ត្រីប៉ាទ្រិ​ស​លុយមុម​ប៉ា​ទៀត ។ ថ្ងៃ​ទី ១០ កញ្ញា ឆ្នាំ១៩៦០ រដ្ឋ​ប្រហារ​សម្រេច​​ជោគជ័យ​ ។ ប៉ុន្តែ​បន្ទាប់​ពី​លោក​ប៉ា​ទ្រិស​លុយ​មុម​បាត្រូវ​សម្លាប់​ភ្លាម​សភាព​ការណ៍​កុង​ហ្គោ​បែរ​ជា​ច្រ​បូក​ច្របល់​លើស​ពេល​ណា​ៗ​ទាំង​អស់​ អង្គ​ការ​សហ​ប្រជាជាតិ​ទប់​យ៉ាង​ណា​ក៏​មិន​ឈ្នះ ។ រំលឹក​ដល់​លោក​ដាក​ហាំ​ម៉ា​ហ្សូល លោក​ស្រី​ម៉ា​ហ្គា​រ៉េត អេនស្ទី​ ស្រី​ទី​មួយដែល​មាន​តួនា​ទី ជា​អគ្គ​លេខា​រង​អង្គការ​សហប្រជាជាតិ និយាយ​ក្នុង​ទឹក​មុខ​ស្រ​ពាប់​ស្រពោន​សំឡេង​ស្ទើរ​អួល​«គាត់​ឈ្លាស​វៃ និង​មាន​ការ​យល់​ដឹង​ខ្ពស់​ណាស់​​​ ។

គាត់​ពិត​ជាពូ​កែ​​ខាង​ដាក់​ចេញ​ផែន​ការ​សម្រុះ​​សម្រួល​ ហើយ​ខ្លួន​គាត់​មាន​សិល្បៈ​បញ្ចុះ​បញ្ជូល​​ខ្ពស់​គួប​ផ្សំ​នឹង​ឆន្ទៈ​ដែក​ថែប​សម្រាប់​គោល​ដៅ​ដែល​ខ្លួន​យល់​ថា ពិត​ជា​ត្រឹម​ត្រូវ​ និង​មាន​ផល​ប្រយោជន៍​ធំ​ធេង ។ គោល​ដៅ​ណា​មួយ​ដែល​គាត់​កំណត់​ទុក​ហើយ​ គាត់​តែង​តាំង​ចិត្ត​ទៅ​ទាល់​តែ​ដល់​ និង​សម្រេច​ឱ្យ​បាន​លទ្ធផល​ល្អ​បំផុត» ។ ស្រ្តី​ធ្វើ​ការ​ជូន​អង្គ​ការ​សហ​ប្រជា​ជាតិ​៤០​ឆ្នាំ មក​ហើយ​រូប​នេះ​ បន្ទាប់​ពី​និយាយ​រួច​ដក​ដង្ហើម​ធំ​«​ប៉ុន្តែ​គួរ​ឱ្យ​ស្តាយ​ការ​ងារ​ដ៏​ល្អ​ប្រ​សើរ​របស់​គាត់​ដែល​ចង់​ជួយ​សហគមន៍​ពិភព​លោក​ទាំងមូល​បែរ​ជា​ត្រូវ​ប្រ​ឈម​មុខ​ជា​មួយ​ពួក​អ្នក​ចង់​ប្រើ​ប្រាស់​អង្គ​ការ​សហប្រជា​ជាតិ​សម្រាប់​គោល​ដៅ​ផ្សេងទៅវិញ» ។

បញ្ហា​ដ៏​រសើប​នៅ​ពេល​នោះ​គឺ​អនាគត​ខាង​ណា​ត្រួត​ត្រា​​ខេត្ត​ Katanga នៅភាគ​ខាង​ត្បូង​កុង​ហ្គោបាន​ជា​រៀង​រហូត​ ដែល​សព្វ​ថ្ងៃ​ខេត្ត​នេះ កំពុង​ស្ថិត​ក្នុង​ដៃ​ពួក​ផ្តាច់​ខ្លួន​ដឹកនាំ​ដោយ​ម៉យ​ត្សូម​បេ​នៅ​ឡើយ ហើយ​អា​មេរិក​ និង​អង់គ្លេស​កំពុង​​សម្លក់សម្លឹង​ផល​ប្រយោជ​ន៍​ពី​អាជីវកម្ម​រ៉េ​នៅ​តំបន់​ដ៏សំខាន់​នេះ ។ តាំង​ពី​ដំបូង​លោក​ដាក​ហាំម៉ា​ហ្សូល​គាំ​ទ្រ​រដ្ឋា​ភិបាល​កុង​ហ្គោ​ដឹក​នាំ ដោយ​នាយករដ្ឋ​មន្ត្រី ប៉ាទ្រិស​លុយមុមបាជា​រដ្ឋាភិបាល​ប្រសូតចេញ​ពី​ការ​បោះ​ឆ្នោះ​ ។ សហភាព​សូ​វៀត​ជំនាន់​នោះ​ក៏​ទោរ​ទន់​ទៅ​រក​រដ្ឋា​ភិបាល​របស់​លោក​ប៉ាទ្រិស​ លុយមុមបាដូច​គ្នា ។ លុះ​លោក​ប៉ាទ្រិស​លុយ​មុម​បា ត្រូវ​ស្លាប់​ក្នុង​រដ្ឋ​ប្រហារ​ដ៏​ប្រល័យអ្នក​ឡើ​ង​កាន់​តំណែង​នាយក​រដ្ឋ​មន្ត្រី​ពីគាត់​ គឺ​លោក​ស៊ីរីល​ អាឌូឡា​(Cyrille Adoula) ក៏​នៅ​តែ​ទទួល​បាន​ការ​គាំ​ទ្រ​ពី​លោក​ដាក​ហាំ​ម៉ាហ្សូល​ដដែល​ ។

លោក​អគ្គ​លេខា​អង្គ​ការ​សហ​ប្រជា​ជាតិ​ចង់​ឱ្យ​មាន​សន្តិ​ភាព​នៅ​កុង​ហ្គោ​តាម​រយៈ​ការ​ចរចា​​រវាង​ពួក​ផ្តាច់​ខ្លួន​ និង​រដ្ឋា​ភិបាល​កុង​ហ្គោ​ ។ គោល​​ដៅ​នេះ​កាន់​តែ​បន្ទាន់​ឡើង​ ខណៈ​ពួក​បុគ្គលិក​រក្សា​សន្តិ​ភាព​របស់​អង្គ​ការ​សហប្រជា​ជាតិ​ហាក់​ដូច​ទន់​ដៃ​ក្នុង​ការ​បណ្តេញ​ពួក​ទាហាន​ស៊ី​ឈ្នួល​ធ្វើ​សង្គ្រាម​ចេញ​ពី​ខេត្ត​Katanga។ ចំពេល​សភាព​ការ​ណ៍​តឹង​តែង​ខ្លាំង​ពេញ​បន្ទុក​ទៅ​មុខ​មិន​បាន​ថយ​ក្រោយ​មិន​រួច​នេះ​​ ស្រាប់​តែ​លោក​ដាក​ហាំ​ម៉ាហ្សូ​ល​បាន​ទទួល​សំណើ​ពី​ម៉យ​ ត្សូមបេ មេដឹក​នាំ​ផ្តាច់​ខ្លួន​នៅ​Katanga សុំ​ជួប​ចរចា​ផ្ទាល់​ជា​មួយ​គាត់​ ដើម្បី​រក​ច្រក​ចេញ​កុំ​ឱ្យ​គាំង​តទៅ​ទៀត ។

លោក​អគ្គ​លេខា​ត្រេក​អរណាស់​នៅ​ថ្ងៃទី​១២ កញ្ញា ឆ្នាំ១៩៦១ ម្នី​ម្នា​ដាក់​ចេញ​នូវ​ផែន​ការ​ទៅកុង​ហ្គោ​ដោយ​ផ្ទាល់​ និយាយ​ថា បើ​បាន​ចរចា​ជាមួយ​គ្នា​គាត់​មាន​សង្ឃឹម​បញ្ចុះ​បញ្ចូល​ម៉យ​ត្សូមបេ​បាន​ច្រើន​ ។ ​មិន​នឹក​ស្មាន​​ថាគំនិត​ប្តូរ​ផ្តាច់​រក​សន្តិភាព​របស់​គាត់​បែរ​ជា​សម្លាប់​គាត់​ទៅ​វិញ ។ យប់​ថ្ងៃទី​១៨ កញ្ញា​ ​ឆ្នាំ១៩៦១ យន្ត​ហោះ​DC-៦របស់​គាត់​កំ​ពុង​ហោះ​សុខ​ៗ​ស្រាប់​តែ​ផ្ទុះ​ក្លាយ​ជា​បំណែក​ធ្លាក់​ចុះ​ដី ខណៈ​នៅ​សល់​តែ១២គីឡូ​ម៉ែត្រ​ទៀត​ប៉ុណ្ណោះ​ដល់​ព្រលាន​យន្ត​ហោះ​នៅ​Ndola ។ ការ​ពិត​ត្រូវ​គេ​លាក់​រហូត​ព្រឹត្តិ​ការណ៍​​យន្ត​ហោះ​DC-៦ ដឹក​លោក​អគ្គ​លេខា​អង្គ​ការ​សហ​ប្រជាជាតិ​សុខៗ​ស្រាប់​តែ​ផ្ទុះ​ធ្លាក់នេះ​ រហូត​មក​ទល់​សព្វ​ថ្ងៃ​៦០​ឆ្នាំ​ហើយ​នៅ​តែ​គ្មាន​ការ​ពន្យល់​ច្បាស់​លាស់​ល្មម​អាច​ទទួល​យក​បានទេ​​ ។

លទ្ធ​ផល​ស៊ើប​អង្កេត​ដំបូង​របស់​អាជ្ញាធរ​មូលដ្ឋាន​ និង​ការ​ស៊ើប​អង្កេត​ជា​ផ្លូវ​ការ​ក្នុង​ពេល​បន្ទាប់​របស់​អង្គ​ការ​សហប្រជាជាតិ​ អត់​បាន​បដិសេធ​លទ្ធ​ភាព​ឧ​បាយ​កល​ធ្វើ​ឃាត​លោក​អគ្គ​លេខា​ឡើយ ។ ហេតុ​នេះ​ទើប​ចេះ​តែ​លេច​ឡើង​សំណួរ​ថ្មី​ៗ​ និង​សំណូម​ពរ​ថ្មីៗ​ជា​ហូរ​ហែ​ព្រោះ​តែចង់​រក​ឱ្យ​ឃើញ​ការ​ពិត​តើ​ជា​ឧប្ប​ត្តិហេតុ​មែន​ ឬមាន​អានុ​ភាព​ណា​នៅ​ពី​ក្រោយ​សំ​ដៅ​រា​រាំង​មិន​ឱ្យ​មាន​ការ​ចរចា​កើ​ត​ឡើង​បាន​ដើម្បី​កុង​ហ្គោ​បាន​ឆេះ​ក្នុង​ភ្លើង​សង្គ្រាម​រហូត​ដើម្បី​ខ្លួន​ទទួល​យក​ផល​ប្រយោជន៍?

ឆ្នាំ១៩៩២ គឺជាង៣​ទសវត្ស​ក្រោ​យ​​បុរស​ពី​រ​នាក់​ដែល​ពី​មុន​ជា​តំណាង​អង្គការ​សហប្រជា​ជាតិ​ប្រចាំ​នៅ Katanga មុន​ទសវត្ស​១៩៦០ និង​ក្រោយ​ទសវត្ស​១៩៦០ រួម​មាន​លោក​Conor Cruise O’Brien និង​George Ivan smith បាន​ផ្ញើ​សំបុត្រ​រួម​គ្នា​មួយ​ឱ្យ​កាសែត​Guardien​ អះអាង​ថា​ខ្លួនមាន​ភស្តុតាង​បញ្ជាក់​ថា​យន្ត​ហោះ​លោក​អគ្គ​លេខា​ដាកហាំ​ម៉ា​ហ្សូល​ធ្លាក់​ដោយ​ត្រូវ​បាញ់​មិន​មែន​ធ្លាក់​ដោយ​ឧប្បតិ្ត​ហេតុ​ទេ ។

ពួក​ខ្លួន​សន្និដ្ឋាន​ថា ពេល​នោះ​ទា​ហាន​ស៊ី​ឈ្នួល​ធ្វើ​សង្គ្រាម​ម្នាក់​បាញ់​មួយ​គ្រាប់​តាម​បញ្ជា​មជ្ឍដ្ឋាន​មាន​អំណាច គឺ​គ្រាន់​តែ​បាញ់​ឡើង​លើ​ដើម្បី​បំភ័យ​យន្ត​ហោះឱ្យ​ប្តូរ​ទិស​ទៅ​រក​ការ​ចរចា​ជាមួយ​ក្រុម​ឧស្សាហកម្ម​នៅ​Katangaទៅ​កុំ​មក​ចរចា​ជា​មួយ​ម៉យ​ត្សូម​បេ តែ​ដោយ​ទាហាន​ស៊ី​ឈ្នួល​រូបនោះ​ខ្ជី​ខ្ជា​បែរ​ជា​បាញ់​ត្រូវ​យន្ត​ហោះ​របស់​លោក​អគ្គ​លេខា​ទៅ​វិញ​ធ្វើឱ្យ​យន្ត​ហោះ​ធ្លាក់​នាំដល់​លោក​អគ្គ​លេខា​អស់​ជីវិត​ ។ អ្ន​ក​ទាំង​ពីរ​ជឿ​ថា យន្ត​ហោះនោះ​ ពិត​ជា​ធ្លាក់​ដោយ​ត្រូវ​គ្រាប់​កាំ​ភ្លើង​មិន​​មែន​ដោយ​ឧប្ប​ត្តិ​ហេតុ​ដូច​ការ​លើក​ឡើង​ក្នុង​របាយ​ការណ៍​ឡើយ គ្រាន់​តែ​មិន​ទាន់​ច្បាស់​អ្នក​ណា​បាញ់​ប៉ុណ្ណោះ​​ ការ​បាញ់​ដោយ​ទា​ហាន​ស៊ី​ឈ្នួល​ធ្វើ​សង្គ្រាម​ម្នាក់​ដូច​ការ​សន្និដ្ឋាន​របស់​ខ្លួន​ ឬដោយ​អ្នក​ណាទៀត តែ​ប្រ​ការ​ដែល​គួរ​ជឿ​បំផុត​គឺ​ពិត​ជា​ធ្លាក់​ដោយ​ត្រូវ​គ្រាប់​កាំ​ភ្លើង​មែន ។

ឆ្នាំ​១៩៩៨«គណៈ​កម្ម​ការ​សម្រុះ​សម្រួល​ និង​ការពិត​» នៅ​អា​ហ្វ្រិក​ខាង​ត្បូង​ក្រោម​ការ​ដឹក​នាំ​របស់​​លោក Desmont Tutu បាន​ចេញ​ផ្សាយ​លិខិត​៧​ច្បាប់​មាន​ខ្លឹម​សារ​អះ​អាង​ថា សេអីុអា​អាមេរិក ចារកម្ម​M-១៥របស់​អង់​គ្លេស​ និង​ស្ថា​ប័ន​ចារកម្ម​​អាហ្វ្រិក​ខាង​ត្បូង​មាន​ពាក់​ព័ន្ធ​ដល់​ការ​ធ្លាក់​យន្ត​ហោះ​ស្លាប់​លោក​អគ្គ​លេខា​ដាកហាំ​ម៉ា​ហ្សូល​ក្នុង​ឆ្នាំ​១៩៦១ នៅ​កុងហ្គោ។ គណៈ​​​កម្ម​ការ​សម្រុះ​សម្រួល​ និង​ការ​ពិត​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​ភ្លាម អង់គ្លេស​ស្ទុះ​ស្ទា​ប្រកែក​ញ៉ាញពី​ការ​ពាក់​ព័ន្ធ​នេះ ដោយ​ចាត់​ទុក​ភស្តុ​តាង​ដែល​យក​មក​សំអាង​សុទ្ធ​សឹង​ជា​ភស្តុ​តាង​ក្លែង​ក្លាយ ។

គេនៅចាំ​បាន​ថា ក្រោយ​លោក​អគ្គ​លេខា​ដាក​ហាំ​ម៉ា​ហ្សូល​អនិច្ច​កម្ម​បាន​៧​ឆ្នាំ លោកឧត្តម​សេនីយ៍វរ​ជន​ជាតិន័រវេស៍​ឈ្មោះ​Bjom Egge នាយក​ព័ត៌​មាន​កង​ទ័ព​អង្គ​ការ​សហប្រជា​ជាតិ​ប្រចាំ​នៅ​កុង​ហ្គោ​ឆ្នាំ​១៩៦១ និយាយ​ប្រាប់​កាសែត​Attenposten ថា​ក្រោយ​យន្ត​ហោះ​នេះ​ធ្លាក់​គាត់​បាន​ទទួល​បញ្ជា​Ndolaយក​កាបូប​ឯក​សារ​ និង​ម៉ា​ស៊ីន​លេខ​សម្ងាត់​របស់​លោក​ដាក​ហាំ​ម៉ា​ហ្សូល​។ គាត់​និយាយ​រំលឹក​ឡើង​វិញ​តាម​ការ​ចង​ចាំ​របស់​ខ្លួន«នៅសាលតម្កល់​សព​ក្នុង​មន្ទីរ​ពេទ្យ​ប្រចាំទី​ក្រុង​ ខ្ញុំ​ជា​អ្នក​មុន​គេ​បង្អស់​ក្នុង​ចំណោ​ម​បុគ្គលិក​អង្គ​ការ​សហប្រជាជាតិ បាន​ឃើញ​សព​លោក​ដាកហាំ​ម៉ាហ្សូល​»។

សព​គាត់​អត់​មាន​ឆេះ​រោល​ដូច​មនុស្ស​១៥​នាក់​ទៀត​ ដែល​រួម​ដំណើរ​ជា​មួយ​គាត់​លើ​យន្ត​ហោះ​ទេ ។ ប៉ុន្ត​សពគាត់​មាន​ស្នាម​ធ្លុះ​ដោយ​គ្រាប់​កាំ​ភ្លើង​ ។ រី​ឯ​រូប​ថត​សព​គាត់​ដែល​ខ្ញុំ​បាន​ឃើញ​ពេល​ក្រោយ​មក​ទៀត​ស្នាម​ធ្លុះ​នោះ​ត្រូវ​គេ​កែ​កុន​យ៉ាង​បុិន​ប្រសប់​អត់​ឱ្យ​ឃើញ​ដូច​ដែល​ខ្ញុំ​បាន​ឃើញ​​ឡើយ។ ក្រៅ​ពី​នេះ​កំណត់​ហេតុ​ច្បាប់​ដើមស្តីពី​លទ្ធ​ផល​ត្រួត​ពិនិត្យ​សព​លោក​អគ្គ​លេខាគេយក​ចេញ​បាត់​ពី​សំណុំ​ឯកសារ​ដែល​ត្រូវ​ប្រគល់​ឱ្យ​ស្ថាប័​ន​ស៊ើប​អង្កេត​ ។ ខ្ញុំ​ជឿថា បន្ទាប់​ពី​យន្ត​ហោះ​នោះ​ផ្ទុះ​ធ្លាក់​ដល់​ដី​​ លោក​អគ្គ​លេខានៅ​មាន​​ជីវិត​នៅ​ឡើយ​ គ្រន់​តែ​របួស​ធ្ងន់​ប៉ុណ្ណោះ។ គាត់​ស្លាប់​ដោយ​ត្រូវ​គេ​បាញ់​មួយ​គ្រាប់​ចំថ្ងាស​បន្ថែម ។

តាម​ការ​យល់​ឃើញ​ឧត្តម​សេនីយ៍​ជនជាតិ​ន័រ​វេស៍​រូប​នេះ លោក​អគ្គ​លេខាអង្គ​ការ​សហ​ប្រ​ជា​​ជាតិ​មាន​សំណាង​នៅ​រស់​ក្នុង​ការ​ធ្លាក់​យន្ត​ហោះ​រយៈ​កម្ពស់​ទាប​ល្មម​យន្ត​ហោះ​លេខ​​ Dc-៦​របស់​​ក្រុម​ហ៊ុន​​អាកាសចរណ៍​ស៊ុយអែត​Traneer កំពុងស្ថិត​ក្នុង​ស្ថាន​ភាព​ត្រៀម​បន្ទាប​ខ្លួន​ចុះ​ចត​នៅ​ព្រលាន​យន្តហោះ ​Ndola ។ គាត់​ប្រឹង​ប្រវេ​ប្រវា​ទៅមុខ ដែល​ប្រការ​នេះ​អាច​ដឹង​ច្បាស់​តាម​ការ​សម្គាល់​សំបក​ឈើ​ និង​ស្លឹក​ឈើ​ក្រោម​ជើង​គាត់​។«ខ្ញុំ​ចាប់​ផ្តើម​សង្ស័យ​ពី​មរណភាព​លោក​អគ្គ​លេខា​ចង់​ស្វែង​យល់​ភ្លាមៗ​ ប៉ុន្តែ​ពួក​វេជ្ជ​បណ្ឌិត​អង់​គ្លេស​ធ្វើ​ការ​ក្នុង​មន្ទីរ​ពេទ្យ​ខាង​លើ​បង្ហាញ​អាកប្ប​កិរិយា​សោះ​អង្គើយ​មិន​​ចង់​សហ​ការ​ជាមួយ​អង្គ​ការ​សហ​ប្រជាជាតិ​។ ចំណែក​ជន​ជាតិ​ស៊ុយ​អែត​វិញ​ដោយ​មិន​ចង់​ឱ្យ​ខ្លួន​ទំនាក់​ទំ​នង​ជាមួយ​ទី​ក្រុង​ឡុង ចេះ​តែ​ទ្រាំ​លេប​ក្រួស​លេប​ថ្ម​នៅ​ស្ងៀម​ដូច​អត់​ដឹង​ ។

ហេតុ​នេះ​គ្មាន​ប្រ​តិកម្ម​ណា​ទាំង​អស់​ពី​ខាង​ភាគី​ស៊ុយ​អែត​នៅ​ពេល​នោះ​! ។ សំណួរ​ផ្ទុះ​ឡើង​ភ្លាម…​ហេតុ​ម៉េច​ឧត្ត​ម​សេនីយ៍​ន័រវេសរូប​នេះ​ទាល់​តែ​៧​ឆ្នាំ​ក្រោយ​ទើប​សម្រេច​ចិត្ត​និយាយ​ចេញ​នូវ​អាថ៌​កំបាំង​ដែល​ខ្លួន​បាន​ដឹង​?​ Bjom Egg មិន​ដែល​ឆ្លើយ​បក​ស្រាយ​សំណួរ​នេះ​ឡើយ​ ដែល​អាកប្បកិរិយា​ដូច្នេះ​​ធ្វើ​ឱ្យ​គេ​យល់​ដោយ ​ខ្លួន​ឯង​ថា មិន​ហ៊ាន​និយាយ​ភ្លាមៗ​ព្រោះ​មិន​ចង់​ផ្សង​ព្រេង​នឹង​គ្រោះ​ថ្នាក់​ការ​ងារ​ពិសេស​សុវត្ថិភាព​ផ្ទាល់​ខ្លួន​តែម្តង​ ព្រោះ​អានុ​ភាព​ខ្លាំង​ចង់​បិទ​បាំង​អាថ៌​កំបាំង​នេះ​ជា​​រៀង​រហូត​ អ្នក​​ណា​ហ៊ាន​លើក​យក​វា​មក​ត្រ​ដាង​កណ្តាល​​ពន្លឺ​ថ្ងៃ​គង់​​​តែ​ដឹង​ខ្លួន​មិន​ខាន​។ ដល់​ពេល​នោះ​ទោះ​ភ័យ​ក្រោយ​ក៏​ហូស​ពេល​អស់​ទៅ​ហើយ ។
រយៈ​ពេល​៤​ឆ្នាំ​ចុង​ក្រោយ​នេះ​ បុគ្គ​លិក​ជំនួយ​សង្គ្រោះ​ជន​ជាតិ​ស៊ុយ​អែត​ម្នាក់​ឈ្មោះ​Goran Bjorkdall បាន​ធ្វើ​ការ​ស្រាវ​ជ្រាវស៊ី​ជម្រៅ​មួយ​ដោយ​ខ្លួន​ឯង​ជុំ​វិញ​ករណី​ធ្លាក់​យន្ត​ហោះ​លោក​អគ្គ​លេខា​អង្គ​ការ​សហប្រជាជាតិ​​កាលពី​ឆ្នាំ​១៩៦១ ហើយ​ថ្មី​ៗ​នេះ​លោកស្រី​សមា​ជិកា​បណ្ឌិតសភា​​ជន​ជាតិ​អង់​គ្លេស​ឈ្មោះ​​Susan Williams បាន​បោះ​ពុម្ព​ផ្សាយ​សៀវ​ភៅ​មួយ​ឈ្មោះ«អ្នក​ណា​សម្លាប់​ដាកហាំ​ម៉ាហ្សូល​»។ ទាំង​Goran ទាំង​លោក​ស្រី​ Susan​ សន្និដ្ឋាន​ដូច​គ្នា​ថា យន្ត​ហោះ​នោះ​ត្រូវ​បាញ់​ទម្លាក់​មិន​មែន​ធ្លាក់​ដោយ​ឧប្បតិ្ត​ហេតុ​ចៃ​ដន្យ​​ឡើយ។​

Goran Bjorkdall ចាប់​ផ្តើម​ឈ្មុស​ឈ្មុល​ស្រាវ​ជ្រាវ​ក្រោយ​បានទទួល​«មត៌ក​»ពី​ឪពុក​ខ្លួន​ដែលគាត់​ធ្វើការ​ក្នុង​ប្រទេស​សំប៊ីនាទសវត្ស​១៩៧០ ។«មត៌ក»​នោះ​គឹ​បំណែក​យន្ត​ហោះ​មាន​ប្រហោង​តូចៗ​ដែល​គេមិន​ទាន់​បក​ស្រាយ​បាន​ពី​មូលហេតុ​។ បុរស​ជន​ជាតិ​ស៊ុយ​អែត​រូប​នេះ​​រក​បាន​សាក្សី​១២​នាក់​ ហើយ​ផ្តើម​ចេញ​ពីនេះ​កំណត់​បាន​ចំណុច​គួរ​ឱ្យ​ចាប់​អារម្មណ៍​ចំនួន​៣​គឺ​យន្ត​ហោះDC-៦ កំពុង​ហោះ​ក្រវែល​ទាបៗ​មុន​ពេល​ត្រូវ​បាញ់​ មាន​យន្ត​ហោះ​តូច​មួយ​គ្រឿង​ទៀត ហោះ​ខាង​លើ​យន្ត​ហោះ​DC-៦ និង​មាន​ពន្លឺ​ចាំង​ភ្លែត​លេច​ឡើង​ខាង​មុខ​យន្ត​ហោះ​ DC-៦​មុន​ពេល​វា​ធ្លាក់​​។

មាន​សាក្សី​៦នាក់​នៅនឹក​ឃើញ​ថា​ ព្រឹក​ឡើង​ឃើញ​មាន​មនុស្ស​​ជា​ច្រើ​ន​ស្លៀក​ពាក់​ឯកសណ្ឋាន​ដូចៗ​គ្នា​នៅ​ក្បែរ​កន្លែង​យន្ត​ហោះធ្លាក់​ ថ្វី​បើ​របាយការណ៍​ផ្លូវ​ការ​របស់​គណៈ​កម្មការ​ស៊ើប​អង្កេត​កាល​ណោះ​អះ​អាង​ថា ក្រោយ​យន្ត​ហោះ​ធ្លាក់​១៥​ម៉ោង​រក​មិន​ទាន់​​ឃើញ​បំ​ណែក​យន្ត​ហោះ​ណា​មួយ​ទេ ។ របាយ​ការណ៍​នោះ​អត់​មាន​ដក​ស្រង់​សម្តីអ្នក​បាន​ឃើញ​ហេតុ​ការណ៍​ផ្ទាល់​ភ្នែក​ សូម្បី​តែ​ម្នាក់​។ របាយការណ៍​សន្និ​ដ្ឋាន​​ដោ​យ​ខ្លួន​ឯង​ថា គ្រោះ​ថ្នាក់​មក​ពី​ការ​ភ្លាំង​ភ្លាត់​របស់​ក្រុម​អាកាស​យានិក​ដែល​ស្មាន​ខុស​មុម​បន្ទាប​ខ្លួន​ ។ គេ​ពិបាក​យល់​ស្រប​ ឬបដិសេធ​របាយការណ៍​នោះ​ព្រោះ​ប្រអ​ប់​​ថត​សំ​ឡេង​ឆ្លើយ​ឆ្លង​ទាក់​ទង​គ្នា​រវាង​ក្រុម​អាកាស​យានិក​ និង​អ្នក​នៅ​ព្រលាន​យន្ត​ហោះ​បាត់​ស្រ​មោល​សូន្យ​ឈឹង​ក្រោយ​មាន​គ្រោះ​ថ្នាក់​។

សាក្សី​តែ​ម្នាក់​គត់​នៅ​រស់​ក្នុង​គ្រោះ​ថ្នាក់​ខាង​លើ​គឺ​Harold Julian អង្គ​រក្ស​លោក​អគ្គលេខា​ធិការអង្គ​ការសហ​ប្រ​ជាជាតិ​។ Harold Julian ធ្លាប់​ធ្វើ​ទា​ហាន​ជើង​ទឹក​អា​មេរិក។ គេ​គ្រាន់​តែ​របួស​ធ្ងន់​ប៉ុណ្ណោះ​ តែ​ក្រោយ​ទទួ​ល​ការ​សង្គ្រោះ ក្នុង​មន្ទីរ​ពេទ្យ​បាន​៥​ថ្ងៃ​ ក៏​ស្លាប់​ទៀត ។ កាលនៅ​លើ​យន្ត​ហោះ​Harold Julian បាន​គេ​រៀប​ចំឱ្យ​នៅ​បន្ទប់​មួយ​ដោយ​ឡែក​ក្រោម​ការ​ឃ្លាំ​មើល​របស់​ជន​ជាតិ​អង់គ្លេស​ ។ គិលានុ​បដ្ឋា​យិកា​ម្នាក់​​ដែល​ប្រ​ចាំ​ការមើល​​ថែ ​Harold Julianក្នុង​មន្ទី​រ​​​​ពេទ្យ​ប្រាប់​ថា ពេល​ដឹង​ខ្លួន​ដំបូង​ បុរស​អង្គ​រក្ស​រូប​នេះ​មាន​និយាយ​ពី​ស្នូរ​ផ្ទុះ​លើ​អាកាស​ ​តែ​ដោយ​ជំងឺ​ធ្ងន់​ពេក​និយាយ​ខ្សាវ​ៗ​ដាច់ៗ​ ខ្លួន​ស្តាប់​អត់​យល់​ពុំ​ដឹង​គេ​ចង់​និយាយ​រឿង​អី ។

ចំណែក​គិលានុបដ្ឋាកយិកា​ម្នាក់​ទៀត​ឈ្មោះ​Brian Exsel អ្នក​ដែល​តាម​រថយន្ត​សង្គ្រោះ​បន្ទាន់​ទៅ​ដល់​កន្លែង​យន្ត​ហោះ​ធ្លាក់​នា​ម៉ោង​៤​ និង​១៥​នាទី​ទៀប​ភ្លឺ​រៀប​រាប់​ពី​ទិដ្ឋភាព​ដែល​ខ្លួន​បាន​ឃើញ​ដំបូង លោក​ដាកហាំម៉ា​ហ្សូល​ត្រូវ​បាន​ដាក់​ឡើង​ប្រង់​កា ។ គាត់​អត់​មាន​ត្រូវ​ភ្លើង​ឆេះ​រោល​ទេ ខោអាវ​នៅ​ល្អ​ទាំង​អស់​ តែ​របូត​បាត់​ស្បែក​ជើង​ខាង​ឆ្វេង ។ ក្បែរ​ប្រង់​កា​មាន​កាំ​ភ្លើង​ខ្លី​មួយ​ដើម ។ សម្តី​Brian​ Exsel ធ្វើ​ឱ្យ​អ្នក​គាំ​ទ្រ​ការ​សនិ្ន​ដ្ឋាន​លោក​អគ្គលេខា​ត្រូវ​គេ​រៀប​ផែន​ការ​ធ្វើ​ឃាត​​ មាន​ការ​ក្តៅ​​ក្រ​ហាយ​ចាត់​ទុក​គិលានុបដ្ឋា​យិកា​រូប​នេះ​ និយាយ​បង្វែ​ង​ដាន​តាម​ការ​បង្គាប់​របស់​គេ​សំដៅ​បំភាន់​ស្ថាប័ន​កិច្ច​ការ​សម្ងាត់​ ព្រោះ​ជា​សម្តី​ធ្វើ​ឱ្យ​អ្នក​ផង​ចាប់​ភ្លឹក​ដល់​លទ្ធ​ភាព​លោក​អគ្គ​លេខា​គេ​​ធ្វើ​​ឃាត ។

ពួក​គេ​លើក​ឡើង​ពី​ប្រ​ការ​គួរ​ឱ្យ​សង្ស័យ​មួយ​ទៀត​គឺ រថយន្ត​សង្គ្រោះ​បន្ទាន់​ចេញ​ពី​មន្ទី​រពេទ្យ​ទៅ​ដល់​កន្លែង​ធ្លាក់​យន្ត​ហោះ​ប្រើ​ពេល​តែ​២០​នាទី​ប៉ុណ្ណោះ​ ប៉ុន្តែ​ពេល​ត្រឡប់​មក​វិញ​ប្រើ​ពេល​រហូត​ដល់​៣​ម៉ោង​ តើ​គេ​យក​សព​លោក​អគ្គ​លេខា​ធិការ​ទៅ​ណា? ធ្វើ​អ្វី​ខ្លះ? គណៈ​កម្ម​ការ​ស៊ើប​អង្កេត​ដំបូងមាន​តែ​មួយ​គឺ​គណៈ​កម្ម​ការ​របស់​មូលដ្ឋាន ។ ប៉ុន្តែ​បន្ទាប់​មក​គេ​បញ្ឈប់​ក្រុមនោះ​ប្តូរ​ឱ្យ​ពី​រ​ក្រុម​ទៀត​ធ្វើ​ការ​ជំនួស​វិញ គឺ​មួយ​ក្រុម​មាន​លក្ខណៈ​ជា​អន្តរ​ជាតិ​ដឹក​នាំ​ដោយ​អង្គ​ការសហប្រជាជាតិ ឯក្រុម​ទី​ពីរ​ជា​របស់​ប្រទេស​ស៊ុយ​អែត​ ។ រយៈ​ពេល​ផ្អាក​ការ​ងារ​ដើម្បីទុក​លទ្ធ​ភាព​ឱ្យ​ក្រុម​ស៊ើ​ប​អង្កេត​ថ្មី​ទាំង​ពីរ​ក្រុម​នោះ​ គ្រប់​ស្លាកស្នាម​ជំនួយ​ដល់​ការ​ស៊ើប​អង្កេត​ត្រូវ​គេ​បំបាត់​ចោល​អស់​រលីង ។

តួ​យន្ត​ហោះដែល​មាន​ទម្ងន់​២៧តោន ប្រមូលវិញ​ឃើញសល់​តែ​១ភាគ​១០​ប៉ុណ្ណោះ​។ អ្នក​ស៊ើប​អង្កេត​ជន​ជាតិ​ស៊ុយ​អែត​ម្នាក់​ឈ្មោះ​Danielson សម្គាល់​ឃើញ​មាន​ស្នាម​ធ្លុះ​២​កន្លែង​លើ​បំណែក​យន្ត​ហោះ​មួយ​ផ្ទាំង​​មុន​ពេល​គេ​យក​វាទៅ​ស្ល ។ ស្នាម​ធ្លុះ​ពី​រ​កន្លែង​នោះប្រហែល​ជា​ស្នាម​ត្រូវ​គ្រាប់​កាំ​ភ្លើង​ ប៉ុន្តែ​គួរ​ឱ្យ​ស្តាយ​ដែល​គ្មាន​​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​ពិនិត្យ​ពិច័យ ​ព្រោះគេ​ប្រញាប់​​យក​ទៅ​ស្ល​ពេក ។

ទោះ​ដូច្នេះ​ក្តី ការ​ស៊ើប​អង្កេត​ផ្លូវ​ការ​ពេល​នោះ​បាន​លើក​ឡើង​នូវ​សម្តីសាក្សី​ដែរ​ ដែល​និ​យាយ​ថា ឃើញ​មាន​យន្ត​ហោះ​មួយគ្រឿង​ទៀត​​ហោះ​ខ្ពស់​ចំពី​លើ​យន្ត​ហោះ​CD-​៦ដែល​ត្រូវ​​ធ្លាក់​។ រឿង​វ៉ាវ​ទាំង​នេះ​ធ្វើ​ឱ្យ​លោក​សមាជិកា​​បណ្ឌិត​សភា​Susan Williams លើកជា​សំណួរ​ក្នុង​សៀវ​ភៅ​របស់​គាត់​ថា ហេតុ​ម៉េច​រាល់​ការ​ស៊ើ​បអង្កេត​ផ្លូវ​ការ​មិន​រវីរវល់​ផ្ទៀង​ផ្ទាត់​រូប​ថត​គួរ​ឱ្យ​សង្ស័យ​ក្នុង​ហេតុ​ការណ៍​នេះ? គាត់​អះអាង​ថា​ក្នុង​ករណី​ខ្លះ​រូប​ថត​មួយ​ចំនួន​ត្រូវ​គេ​ក្លែង​បន្លំ​ទៀត​ផង​។ ដូច្នេះ​មាន​ការ​បិទបាំង​ការ​ពិត​ហើយ។

លោកស្រី​សមាជិកា​បណ្ឌិ​ត​សភារូប​នេះ​​​ ដែល​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​មរណភាព​របស់​លោក​អគ្គ​លេខាធិការ​​អង្គការ​សហប្រជាជាតិ​ដាកហាំ​ម៉ា​ហ្សូល​ បាន​សង្កត់​ធ្ងន់​លើ​៣​ចំណុច​គួរ​ឱ្យ​សង្ស័យ​បំផុត​ ពិសេស​រូប​ថត​សព​លោកអគ្គ​លេខា​ត្រូវ​បាន​ថត​តាម​របៀប​មិន​ឱ្យ​ឃើញផ្នែក​​ជុំ​វិញ​ភ្នែក​ខាង​ស្តាំ ។ នេះ​មិន​មែន​បាន​សេចក្តី​ថា គេ​លាក់​បាំង​ស្នាម​របួស​មួយ​គឺ​ស្នា​មរបួស​ដែល​ផ្តាច​់​ជី​វិត​លោក​អគ្គ​លេខាធិការ​។ ជន​តែ​ម្នាក់​គត់​ដែល​គេ​ឃើញ​នៅ​រស់​ក្រោយ​ធ្លាក់​យន្ត​ហោះ​គឺ​Harold Julian ។

ពេល​ដឹង​ខ្លួន​ដំបូង​ក្នុង​មន្ទីរ​ពេទ្យ​Harold Julian​ បាន​និយាយ​ពី​ស្នូរ​ផ្ទុះ​មុន​ពេល​យន្ត​ហោះ​ធ្លាក់​ ។ ប៉ុន្តែ​សម្តី​Harold Julian​មិនត្រូវ​​បាន​គេ​បញ្ចូល​ក្នុង​របាយ​ការណ៍​ទេ​ ដោយ​គេ​សំអាង​ថា​សម្តី​មនុស្ស​និយាយ​នៅ​ពេល​របួស​ធ្ងន់​ពុំ​អាច​យក​ជា​ការ ​បាន​។ ប៉ុន្តែ​លោក​ស្រីSusan Williams រកបា​នរបាយ​ការណ៍​​មួយ​របស់​វេជ្ជ​បណ្ឌិត​ម្នាក់​ដែល​អះ​អាង​ច្បាស់​ថា Harold Julian ពេល​នេះ​ថ្វី​បើរ​បួស​ធ្ងន់​តែ​ស្មារតី​នៅ​ភ្លឺ​ស្វាង​ល្អធម្មតា​។ មន្ត្រី​ផ្នែក​ចារ​កម្ម​អាមេរិក​ម្នាក់​ដែល​ធ្វើ​ការ​ក្នុង​ស្ថានីយ​​ចាត់​ចែង​រលក​សំឡេង​នៅ​កោះ​Sip និយាយ​ថា ខ្លួន​បាន​ឮ​សំឡេង​ខ្សែ​អាត់​ចេញ​ពី​បន្ទប់​បើក​បរ​នៅ​Ndola ។

ក្នុង​នោះ​សំឡេង​អាកាស​យានិក​ម្នាក់​​រាយការណ៍​ពី​កិច្ច​ការ​របស់​ខ្លួន​ដែល​បាន​ចូល​កៀក​យន្ត​ហោះ DC-៦ដឹក​លោក​ដាកហាំ​ម៉ា​ហ្សូល​ បន្ទាប់មក​ឮ​​ស្នូរ​កាំ​ភ្លើង​មួយ​គ្រាប់រួច​​​ហើយ​ឮសំឡេង​អាកាស​​យានិក​ដដែល​រូប​នោះ​ស្រែក​ឡើង«ខ្ញុំ​បាញ់​ត្រូវ​វា​​ហើយ»។ លោក​ស្រី​Susan William អះអាងប្រាប់​BBC«ថ្វី​បើ​ពេល​នោះ​គេ​មិន​ឃើញ​មាន​ផ្សែង​គ្រាប់​កាំ​ភ្លើង​មែន​ តែ​មាន​ភស្តុតាង​ជា​ច្រើន​ជួយ​ឱ្យ​ដឹង​បាន​ថា​ យន្តហោះ​DC-៦​ពិត​ជា​ត្រូវ​បាញ់​ទម្លាក់​ដោយ​យន្តហោះ​អាថ៌​កំបាំង​មួយ​គ្រឿង​ផ្សេងទៀត​ មិន​មែន​វា​ធ្លាក់​ដោយ​សារ​ឧប្បត្តិ​ហេតុ​ចៃ​ដន្យ​ទេ»។

តាម​ការ​យល់​ឃើញរបស់​គាត់​ មានមនុស្សជា​ច្រើន​មាន​ចេតនា​រារាំង​មិន​ឱ្យ​លោក​អគ្គលេខាធិការ​​ និង​មេដឹកនាំ​ផ្តាច់​ខ្លួន​ម៉យ​ត្ស៊ិបេ​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​តាម​​រយៈ​ការ​ចរចា​ទល់​​មុខ​គ្នា ។ គាត់​និយាយ​យោង​សម្តី​អ្នក​ឯក​ទេស​ថា យន្ត​ហោះDC-៦​កំពុង​បន្ទាប​ខ្លួ​ន​កណ្តាល​រាត្រី​ខាង​ខ្នើត​មាន​ពន្លឺ​ព្រះ​ចន្ទ​ចាំង​ច្បាស់​យ៉ាង​នេះ​ ស្រួល​បាញ់​ប្រហារ​ណាស់​ ឱ្យ​តែ​ដៃ​ត្រង់​ចំណាយ​គ្រាប់​កាំ​ភ្លើង​ត្រឹម​មួយ​គ្រាប់​សម្រេច​​ផល​ភ្លាម ។

ទាំង​លោក​ស្រី​Susan Willaims ទាំង​Knut ក្មួយ​ប្រុស​លោកដាកហាំ​ម៉ា​ហ្សូល ​បាន​រួម​គ្នា​អំពាវ​នាវ​សុំ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​រឿង​នេះ​ឡើង​វិញ​ដោយ​ធ្វើ​យ៉ាង​ល្អិត​ល្អន់​ និង​ស្មោះត្រង់​​។ មិន​មែ​ន​តែ​ជន​ពី​រ​នាក់​នេះ​ទេ មនុស្ស​ជា​ច្រើន​ក្នុង​ពិភព​លោក​សុទ្ធ​តែ​ចង់​រក​ឱ្យ​ឃើញ​ការ​ពិត ​តើ​អានុភាព​ណា​ខ្លះ​រួម​ដៃ​គ្នា​ប្រល័យ​ជីវិត​បុរស​ដែល​គេហៅ​ថា​កូឡុមបូសម័យ​ទំនើប​របស់​អង្គ​ការ​សហប្រជា​ជាតិ​រូប​នេះ​ ។ តើអាច​មាន​ការ​ស៊ើប​អង្កេត​ដ៏​ត្រឹម​ត្រូវ​ឡើង​វិញ​តាម​សំណូម​ពរ​ខាង​លើ​ទេ​? តាមមើល​ប្រ​ហែល​គ្មាន​សង្ឃឹម​ឡើយ​ ៕​​

លោក​​​ដាក​ហាំម៉ា​ហ្សូល អតីត​អគ្គ​​លេខាធិការ​​អង្គការ​​​សហ​ប្រជាជាតិ​

 

គ្រោះ​មហន្ត​រាយ​ដ៏អាក្រក់​​ជា​ប្រវត្តិ​សាស្ត្រ​ប្រចាំ​ឆ្នាំ​២០១១ ថតបានតាម​ផ្កាយ​រណប


នៅក្នុងឆ្នាំ​២០១១ នេះមាន​កើត​ហេតុ​​ការណ៍​ជា​ប្រវត្តិ​សាស្ត្រ​​យ៉ាង​ច្រើន​​ រួម​មាន​គ្រោះ​​មហន្ត​រាយ​​ពីធម្ម​ជាតិ​​ដូច​ជា​រលក​យក្ស​ស៊ូណា​មី រញ្ជួយ​ដី ​ផ្ទុះភ្នំភ្លើង ឬគ្រោះថ្នាក់​​កើត​ឡើង​​ដោយ​សារ​មនុស្ស​បង្ក​​ ដូច​ជា​ការ​បង្ក្រាប​​ក្រុម​បាតុ​ករ​​នៅ​ក្នុង​ពិភព​​អារ៉ាប់ ​និង​ប្រតិ​បត្តិ​ការ​បណ្តេញ​​មេដឹក​នាំ​​ភេរវ​ករ​ជាដើម ។ សម្រាប់​​ហេតុ​ការណ៍​​គួរ​ឱ្យ​​តក់​ស្លុត​ខាង​លើ​ត្រូវ​បាន​​ប្រមូល​ផ្តុំ​ និង​រៀប​រៀង​ឡើង​ដោយ​​ប្រព័ន្ធ​​វ៉េប​សាយ​ BBC តាមរយៈ​​​រូប​​ភាព​​ដែល​ថត​បាន​ពីទី​ខ្ពស់​ដូចជា​តាម​រយៈ​ផ្កាយ​​រណប​​ជាដើម ។ ​សម្រាប់រូប​​ភាព​នៃ​​គ្រោះ​មហន្តរាយ​​ដ៏អាក្រក់​​ជា​ប្រវត្តិ​សាស្ត្រប្រចាំឆ្នាំ​២០១១ នេះ​រួម​មាន ៖

១-​ទីលាន​ទ័ររី នៅទីក្រុង​គែរ ក្លាយ​ជា​មជ្ឈ​មណ្ឌល​បដិ​វត្ត​ប្រជា​ជន​ ឬ​រដ្ឋ​ប្រហារ​​ប្រជា​ជន​អេហ្ស៊ីប ​ដែល​បាន​ថត​កាលពី​ថ្ងៃទី​១១ កុម្ភៈ កន្លង​មក ។

២-ក្រុង​ណាតូរី ខេត្តមីយ៉ាងី ប្រទេស​ជប៉ុន ត្រូវ​បាន​បំផ្លិច​បំផ្លាញ​​ដោយ​រលក​យក្ស​ស៊ូណាមី កាលពីថ្ងៃទី១១ មីនា ឆ្នាំ២០១១ ។

៣-ទូដាក់​ទំនិញ​រាយប៉ាយ​នៅ​ពាស​ពេញ​​បរិវេណ​​កំពង់​ផែ «សេនដាយ» ​របស់ជប៉ុន ស្ថិត​ក្នុង​តំបន់​​ទទួល​រង​ការ​វាយ​ប្រហារ​ពីរលក​​យក្ស​ស៊ូណាមី ​កាលពី​ថ្ងៃទី១១ មីនា ។

៤-រូប​ភាពរោងចក្រ​​អគ្គិសនី​​ដើរដោយថាម​ពល​នុយ​ក្លេអែរ ហ្វូគូស៊ី​ម៉ា ​ដែល​ថត​បាន​ក្រោយ​ពី​ការផ្ទុះរយៈ​ពេល​៣នាទី​នៅជប៉ុន ។​

៥-ភ្នំភ្លើង «ពូយេអួយ ហ្គ័រ​ដុន ហ្គាវយេ» ប្រទេសស៊ី​លី បានផ្ទុះ​បញ្ចេញ​​​ផ្សែង និង​កម្ទេច​កម្ទីទៅលើ​​លំហ​អាកាស​ជាច្រើន​​គីឡូ​ម៉ែត្រ​កាលពី​ថ្ងៃទី១១ មិថុនា កន្លងទៅ ។

៦-រូបភាពពីស្ថានីយ​អវកាស​អន្តរជាតិ​ដែល​បានថត ខណៈ​​ពេល​យាន​អវកាស «អាត្លង់​ទីស» ​ឆ្ពោះ​ទៅ​ស្រទាប់​បរិយាកាស​​ផែនដី ។

៧-​ភ្នំភ្លើង​​នៅបាត​សមុទ្រ​​បា​ន​ផ្ទុះ​នៅខាង​ក្រៅ​​ឆ្នេរ​​កោះ​ «អេល​អៀរ៉ូ» ជាកោះ​មួយ​ក្នុង​ប្រជុំ​កោះ «ខាណេរី» ស្ថិត​នៅ​ភាគខាង​លិច​ឆៀង​ខាង​ជើង​អាហ្រ្វិក​ ដោយ​បញ្ចេញ​​ផ្សែង​ និង​ផេះ​ពណ៌បៃតង ​នៅលើ​ផ្ទៃទឹក ។

៨-គ្រោង​ឧទ្ធម្ភាគចក្រ «ស្តេល» នៃ​កង​​កុំម៉ង់​ដូ​​វាយ​ប្រហារ​លោក​ប៊ីន ​ឡាដេន នៅទី​ក្រុង​អាប់​បុត​តា​បាត ប្រទេសប៉ា​គីស្ថាន ​កាលពី​ថ្ងៃទី​២ ឧសភា អាចមើល​ឃើញពី​លើ​​លំហ​អាកាស​តាមរយៈ​ផ្កាយរណប​​រប​ស់​ក្រុម​ហ៊ុន «ជីអូ​អាយ» ដែលផ្តល់​​សេវាកម្មរូបភាព​​ពីផ្កាយ​រណប។

 

ចំណាត់​ថ្នាក់​ទាំង​១០នៃ​ការរញ្ជួយ​ដី​ធ្ងន់​ធ្ង​រ​ជា​ប្រ​វត្តិ​សាស្ត្រ​លើ​ពិ​ភព​លោក​


គ្រោះ​​ធម្ម​ជាតិ​​នៅ​លើ​ពិ​ភព​លោក​មាន​ច្រើន​ប្រភេទ​​ដូច​ជា​គ្រោះ​ទឹកជំនន់ ខ្យល់​ព្យុះ​​ និង​អគ្គិ​ភ័យ​ជា​ដើម​ ប៉ុន្តែ​អ្វី​ដែល​ធ្ងន់​ធ្ងរ និង​បង្កើត​​​ការ​ខូច​ខាត​ច្រើន​បំផុត គឺ​ហេតុ​ការណ៍​រញ្ជួយដី ។ ចាប់​តាំង​ពីសម័យ​​​អតី​ត​កាល​​មក ការ​រញ្ជួយ​ដី​ធ្លាប់​កើត​ឡើង​នៅ​លើ​ពិ​ភព​លោក​​ច្រើន​លើក​ច្រើន​សា​​ បង្ក​ការ​ខូច​ខាត​និង​​ធ្វើឱ្យ​ប៉ះ​ពាល់​ដល់​ពិ​ភព​លោក​យ៉ាង​​ខ្លាំង​​រួម​ទាំង​​​មិន​អាច​​ទស្ស​ន៍​​ទាយ​បាន​ថា តើ​វា​​នឹង​កើត​ឡើង​នៅ​ពេល​ណា​​ទៀត នៅ​ថ្ងៃ​អនា​គត ? ​ខាង​ក្រោម​នេះ គឺ​ជា​គ្រោះ​រញ្ជួយ​ដី​ដ៏​ធ្ងន់​ធ្ងរ​បំផុត​ចំនួន​១០​​លំ​ដាប់​ថ្នាក់​​​​​​ដំបូង ដែល​មនុស្ស​​ជាតិ​ជួប​ប្រ​ទះ​​នា​ពេល​កន្លងមក ​និង​ជា​ប្រ​វត្តិ​សាស្ត្រ​រួម​មាន៖

១-រញ្ជួយ​ដី​នៅ​ទី​ក្រុង​បា​ឌី​ប៊ី​​យ៉ា ប្រទេស​ស៊ីលី ឆ្នាំ​១៩៦០ ៖ ចាត់​​ទុក​ថា​​ជា​ការ​រញ្ជួយ​​ដី​ដ៏​ធ្ងន់​ធ្ងរ​​ជា​ប្រ​វត្តិ​សាស្ត្រ​នៅលើ​ពិ​ភព​លោក កើត​ឡើង​​កាល​ពី​ថ្ងៃ​ទី​២២​ ឧសភា ​១៩៦០ ​​មាន​កម្លាំង​​​៩,៥​រិច​ស្ទ័រ និង​មាន​រលក​យក្ស​ស៊ូណា​មី បង្ក​ការ​ខូច​ខាត​​ដល់​លំ​នៅ​ឋាន​​​របស់​ប្រ​ជា​ជន ។

២-រញ្ជួយ​ដី​នៅ​អា​ឡា​ស្កា សហ​រដ្ឋ​​អា​មេរិក​ឆ្នាំ​១៩៦៤ ៖ ហេតុ​ការ​​ណ៍​ខាង​លើ​បាន​​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​​​២៧ មីនា ​១៩៦៤ នៅ​ភាគ​ខាង​ត្បូង​រដ្ឋ​​អា​ឡា​ស្កា ​ស្ថិត​ក្នុង​ជម្រៅ​១៤​គីឡូ​ម៉ែត្រ មាន​កម្លាំង​​​៩,២​រិច​ស្ទ័រ ចាត់​ទុក​​ថា ជា​គ្រោះ​រញ្ជួយ​ដី​ជា​ប្រ​វត្តិ​សាស្ត្រ​របស់​អា​មេរិក និង​នៅ​ទ្វី​ប​អា​មេរិក​​​ខាង​ជើង ។ គ្រោះ​​​រញ្ជួ​យ​ដី​នេះ​បង្ក​ការ​ខូ​ច​ខាត​ប្រ​ហែល​៣១០​​លាន​ដុល្លារនា​សម័យ​​នោះ​ គឺ​​ប្រហែល​​២,១២​ពាន់លាន​ដុល្លារ​ ក្នុង​ពេល​បច្ចុប្បន្ន​ ទោះ​ជា​យ៉ាង​ណា​​​មាន​របាយ​ការណ៍​ស្តី​ពីអ្នក​ស្លាប់​តែ​ចំនួន​១៤៣​​នាក់ ដែល​ចាត់​ទុក​ថា តិច​បំផុត​បើ​ប្រៀប​​ធៀប​​នឹង​គ្រោះ​​ធម្ម​ជាតិ​ដែល​​កើត​ឡើង ។

៣-រញ្ជួយ​ដី​នៅ​ម​​ហា​សមុទ្រ​ឥណ្ឌាឆ្នាំ​២០០៤ ៖ គ្រោះ​ម​ហន្ត​រាយ​​ធម្ម​ជាតិ​​​នេះ បាន​កើត​​ឡើង​កាល​ពី​ថ្ងៃ​ទី​២៦ ធ្នូ ២០០៤ ​បណ្តាល​ឱ្យ​មាន​​​រលក​យក្ស​ស៊ូ​ណា​មី​​នៅ​ភាគ​ខាង​ត្បូង​ប្រ​ទេស​ថៃ និង​បង្ក​ការ​ខូច​ខាត​យ៉ាង​ដំណំ ។ ​តាម​ទី​ភ្នាក់​ងារ​​​ស្រាវ​ជ្រាវ​ធរណី​វិទ្យា​​សហ​រដ្ឋ​​អា​មេរិក​ (USGS) ​​ឱ្យ​ដឹង​​ថា ​អ្នក​ស្លាប់​សរុប​ក្នុង​ហេតុ​ការណ៍​​ខាង​លើ​មាន​ចំនួន​​២២៧.៨៩៨​នាក់ ​​ក្នុង​នោះ​ប្រ​ទេស​​ឥណ្ឌូ​ណេស៊ី​​​ទទួល​​ផល​ប៉ះ​ពាល់​ខ្លាំង​ជាង​គេ គឺ​មាន​អ្នក​ស្លាប់​​ជាង​​១​សែន​នាក់ ។​

៤-​រញ្ជួយ​ដី​នៅ​ឈូង​សមុទ្រ​ «​កាំ​ឆាត​កា» ប្រ​ទេស​រុស្ស៊ី ឆ្នាំ​១៩៥២ ៖ គ្រោះ​រញ្ជួយ​ដី​​​ខា​ងលើ​បាន​កើតឡើង​ កាល​ពី​ថ្ងៃ​ទី​៤ វិច្ឆិកា ​១៩៥២ នៅ​បរិវេណ​ឆ្នេរ​សមុទ្រ​​​ភាគ​ខាង​កើត​​​ឈូង​សមុទ្រ​កាំ​ឆាត​កា ប្រ​ទេស​រុស្ស៊ី ដោយ​ចំណុច​​កណ្តាល​​នៃ​ការ​រញ្ជួយ​​ស្ថិត​នៅ​ក្នុង​ជម្រៅ​​ក្រោម​សមុទ្រ​​ប្រ​ហែល​៣០គីឡូម៉ែត្រ ​​មាន​កម្លាំង​​៨,២​រិច​ស្ទ័រ និង​បង្ក​​ការ​ខូច​​ខាត​យ៉ាង​ច្រើន ។

៥-រញ្ជួយ​ដី​នៅ​ប្រ​ទេស​ជប៉ុន ឆ្នាំ​២០១១ ៖ ចាត់​ទុក​ថា ​ជា​គ្រោះ​​​ម​ហន្ត​រាយ​​​​ធម្ម​ជាតិ​បង្ក​ការ​ខូច​​ខាត​ដល់​​ប្រ​ទេស​ជប៉ុន​ច្រើន​​​​បំផុត​​ក្នុង​ប្រ​វត្តិ​សាស្ត្រ​​របស់​ប្រ​ទេស​នេះ​ ។​ ក្រៅ​ពី​ជួប​​​​នឹង​គ្រោះ​រញ្ជួយ​ដី​​មាន​កម្លាំង​៩​រិច​ស្ទ័រ​នោះ ថែម​ទាំង​ជួប​នឹង​រលក​យក្ស​ស៊ូ​ណា​មី​ ​បង្ក​ការ​ខូច​ខាត​ដ៏​ម​ហា​សាល រួម​ទាំង​​បង្ក​ការ​​​ខូច​ខាត​ចង្ក្រាន​រ៉េ​អាក់​ទ័រ របស់រោង​ចក្រ​​អគ្គិ​សនី​​ប្រើ​ថាម​ពុល​នុយ​ក្លេ​អ៊ែរថែម​ទៀត​ ។​ ហេតុ​ការណ៍​ខាង​លើ​បណ្តាល​ឱ្យ​មនុស្ស​​ចំនួន​១៥.៨៤២នាក់ ស្លាប់​ និង​ជា​​ច្រើន​នាក់​ទៀត​​រង​របួស ។​

៦-រញ្ជួយ​ដី​នៅ​កោះ​ស៊ូ​ម៉ា​ត្រា​ក្នុង​ឆ្នាំ​​១៨៣៣​ ៖ គ្រោះ​ម​ហន្ត​រាយ​​នេះ បាន​កើត​ឡើង​​កាល​ពី​ថ្ងៃ​ទី២៤ វិច្ឆិកា ​១៨៣៣ ​​នៅ​ភាគ​និរតី​កោះ​ស៊ូ​ម៉ា​ត្រា​​ ប្រទេស​ឥណ្ឌូ​ណេស៊ី ​មាន​កម្លាំង​​ពី​៨,៨ ទៅ​៩,២​រិចស្ទ័រ ​បណ្តាលឱ្យ​​​ស្លាប់​បាត់​​បង់​ជីវិត​​និង​បាត់​បង់​លំ​នៅ​ឋាន​យ៉ាង​ច្រើន​ ។​

៧​-រញ្ជួយ​ដី​នៅ​អេ​ក្វា​ទ័រ​-កូ​ឡុំ​ប៊ី​ឆ្នាំ​១៩០៦​​ ៖ ហេតុ​ការ​​ណ៍​បាន​កើត​ឡើង​ ​កាល​ពី​​ថ្ងៃ​ទី​៣១ មករា ១៩០៦ នៅ​ខាង​ក្រៅ​ឆ្នេរ​ប្រ​ទេស​​អេ​ក្វា​ទ័រ ដោយ​មាន​កម្លាំង​៨,៨​រិច​ស្ទ័រ បង្ក​ឱ្យមាន​​រលក​យក្ស​ស៊ូ​ណា​មី លាត​សន្ធឹង​​ផល​​ប៉ះ​ពាល់​ទៅ​លើ​ទី​​ក្រុង​ម៉ៃ​​ខា​យ​ ​ប្រ​ទេស​កូ​ឡុំ​ប៊ី​​ បណ្តាល​ឱ្យ​​ស្លាប់​បាត់​បង់​ជីវិត​​ប្រហែល​ពី​៥០០​​ដល់​១.៥០០​​​នាក់ ។

៨-​រញ្ជួយ​ដី​នៅ​ប្រ​ទេស​ស៊ី​លី ក្នុង​​ឆ្នាំ​២០១០ ៖ ជា​គ្រោះ​រញ្ជួយ​ដី​ដ៏​ធ្ងន់​ធ្ងរ​មួយ​នៅ​ប្រ​ទេស​​ស៊ីលី​កើត​ឡើង​​នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ ២០១០ ​មាន​កម្លាំង​​៨,៨​​រិច​ស្ទ័រ ដែល​ចំណុច​កណ្តាល​​​នៃការ​​រញ្ជួយ​ស្ថិត​​នៅ​​​​ក្នុង​ជម្រៅ​​៣៥​គី​ឡូ​ម៉ែត្រ និង​មាន​ចម្ងាយ​ពី​ឆ្នេរ​​សមុទ្រ​​ប្រ​ទេស​​ស៊ីលី ប្រ​ហែល​៣​គីឡូម៉ែត្រ ។ កម្លាំង​​នៃ​ការ​ញ័រ​រញ្ជួយ​ខាង​លើ​​​ បង្កើត​ឱ្យ​មានរ​លក​​យក្ស​ស៊ូ​ណា​មី និង​មាន​ការ​ប្រ​កាស​​អាសន្ន​​ពី​ការ​រញ្ជួយ​ដី​​ចំនួន​៥៣​ប្រ​ទេស​ នៅ​លើ​ពិភព​លោក​ ​។ កម្លាំង​​​រញ្ជួយ​​នេះ​​បង្ក​ឱ្យ​មាន​ការ​ខូច​ខាត​ដល់​ប្រ​ទេស​ប្រ​ទេស​ស៊ីលី ដោយ​​​ដាច់​ចរន្ត​​អគ្គិសនី​​ក្នុង​ប្រ​ទេស​ច្រើន​ជាង​៩៣​​%​​ ។

៩-រញ្ជួយ​ដី​នៅ​តំបន់​ភ្ជាប់​​​​សំ​បក​ផែន​ដី​ ​កា​ស្កា​ឌី​យ៉ា សហ​រដ្ឋ​​អា​មេរិក​ ឆ្នាំ​១៧០០​ ៖ អ្នក​ជំនាញ​មាន​ជំនឿ​ថា គ្រោះ​រញ្ជួ​យដី​​នេះ កើត​ឡើង​​កាល​ពី​ថ្ងៃ​​ទី​២៦ ​មក​រា ១៧០០​ នៅ​តំ​បន់​​ត​ភ្ជាប់​សំ​បក​​ផែន​ដី​​កា​ស្កា​ឌី​យ៉ា ​សហ​រដ្ឋ​​អា​មេរិក​ ដោយ​​មានកម្លាំង​​ពី​៨,៧​ ទៅ​៩,២​រិច​​ស្ទ័រ ។​​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក្នុង​សម័យ​អតី​ត​​​កាល​មិន​​​មាន​ការ​កត់​ត្រា​​ទិន្ន​ន័យ​ទាក់​ទិន​​នឹង​កា​រ​រញ្ជួយ​ដី​​​នេះ​​​ទេ រួម​ទាំង​ផល​ប៉ះ​ពាល់​នៃ​រលក​​យក្ស​ស៊ូ​ណា​មី ​ទៅ​លើ​តំ​បន់ផ្សេង​​​ ដែល​រង​​គ្រោះ ។

១០​-រញ្ជួយ​ដី​នៅ​ទី​ក្រុង​​បា​ល​ប៉ា​រ៉ៃសូ ប្រ​ទេស​ស៊ី​លី​ឆ្នាំ​១៧៣០​ ៖ ហេតុ​ការណ៍​បាន​កើត​ឡើង​ នៅ​ថ្ងៃ​ទី​៨ កក្កដា ​១៧៣០ ដោយ​មាន​កម្លាំង​ញ័រ​រញ្ជួយ​​​៩​​រិច​ស្ទ័រ ​និង​បង្ក​ឱ្យមាន​​រលក​យក្ស​ស៊ូ​ណា​មី​ កម្ពស់​ដល់​ទៅ​១៦​ម៉ែត្រ រហូត​ធ្វើ​ឱ្យ​មានគ្រោះ​​ទឹក​ជំនន់​ក្នុង​​ទីក្រុង​​បាល​ប៉ា​រ៉ៃ​​សូ ដែល​ជា​ក្រុងកំពង់​ផែបច្ចុប្បន្ន​​របស់​ប្រ​ទេស​ស៊ី​លី ។​ គ្រោះ​ធម្ម​ជាតិ​នេះ​ បណ្តាល​ឱ្យ​ទី​ក្រុង​​បាល​​ប៉ា​រ៉ៃសូ និង​ក្រុង​​ទីល​ទីល របស់​ស៊ី​លី ​ខូច​ខាត​ទាំង​ស្រុង ប៉ុន្តែ​​អ្នក​ស្លាប់​​មាន​ចំនួន​​តិច​​តួច​​ទេ​ ៕

 

កុល​សម្ព័ន្ធ​​ដានី​រក្សា​​ប្រ​ពៃ​ណី​​ឆ្អើរ​សាក​​សព​ និង​កាត់​​ម្រាម​ដៃ​​ដើម្បី​កាន់​​ទុក្ខ​អ្ន​ក​​ស្លាប់​


កុល​សម្ព័ន្ធ​ដានី​(Dani) ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ ត្រូវ​​បាន​រក​ឃើញ​តាំ​ង​ពី​ទសវត្ស​ឆ្នាំ​១៩៣០​ នៃ​សតវត្ស​ទី​២០​ម៉្លេះ ប៉ុន្តែ​រហូត​មក​ដល់​សព្វ​ថ្ងៃ​កុល​សម្ព័ន្ធ​មួយ​នេះ​​អត់​ប្រែ​ប្រួលអ្វី​សោះ ​នៅ​តែ​ប្រកាន់​ទំ​នៀម​ទម្លាប់​​ប្រ​ពៃ​ណី​ឆ្អើរ​សព​មេ​កន្ទ្រាញ​ទុក​គោរព​បូ​ជា​ឱ្យ​បាន​យូរ​ និង​កាត់​ម្រាម​ដៃ​​ខ្លួន​​ឯង​មួយ​ថ្នាំង​រាល់​ពេល​មាន​សាច់​ញាតិ​ណា​ម្នាក់ស្លាប់ ។ កុល​​សម្ព័ន្ធ​យុគ​ថ្ម​ក្នុង​សតវត្ស​ទី​២១កុល​សម្ព័ន្ធ​​ដា​នី​ផ្តុំ​គ្នា​​នៅ​ភូមិ​​​វី​សាឡេប​(Wesalep) ឃ្លាត​​ពី​វ៉ា​មេ​ណា​ (Wamena) ក្នុង​ចម្ងាយ​ផ្លូវ​ត្រូវ​ដើរ​កាត់​ព្រៃ​មួយ​សប្តាហ៍​ទើប​​ដល់​។ ​ភូមិ​វី​សាឡេប​ នៅ​ក្នុង​ព្រៃ​ជ្រៅ​​លើ​ខ្នង​ភ្នំ​ មួយ​នៅ​ជាប់​ភ្នំ​ Jayawijaya ដែល​ជា​ជួរ​ភ្នំ​​ខ្ពស់​ជាង​នី​វ៉ូ​ទឹក​សមុទ្រ​​៤.៨០០ម៉ែត្រ​​(ភ្នំ​ខ្ពស់​ទី​២​នៅប្រ​ទេស​ឥណ្ឌូណេ​ស៊ី​)។ ​

ដា​នី ជា​កុល​សម្ព័ន្ធ​មួយ​ធំ​មាន​សមាជិក​ប្រហែល​២៥០.០០០នាក់​។ ​ តំ​បន់មាន​កុលសម្ព័ន្ធ​ដានី​រស់​នៅ​ផ្តុំ​គ្នា​ច្រើន​ គឺ​តំបន់​ វ៉ា​មេណា ខ្ពស់​ជាង​នី​វ៉ូ​ទឹក​សមុទ្រ​១.០០០​ម៉ែត្រ​​ ក្តោប​ដោយ​ប្រ​ជុំ​ភ្នំ​ Zyklopenberge។​ ដែនកោះ​ញូវហ្គីនៀ​ (New Guinea) ​ប៉ែក​ខាង​ឥណ្ឌូណេ​ស៊ី​ជា​ដែនដី​ដាច់​ស្រ​យាល​ ធ្វើ​ដំណើ​ទៅ​មក​បាន​​តែ​ដោយ​សារ​យន្ត​ហោះ​ប៉ុណ្ណោះ ។ ដូច្នេះ​​​​ហើយ​ទើប​​​ដែន​ដី​សម្បូរ​កុល​សម្ព័ន្ធ​ដានី​នេះ​ ហាក់​ដូច​ត្រូវគេ​បំ​ភ្លេច​ចោល​ក្នុង​ជីវិតសម័យ​​ទំ​នើប​ដែល​មាន​ការរី​កច​ម្រើន​​​ឈាន​ឡើង​ជា​​និច្ច​។

ទសវត្ស​ឆ្នាំ១៩៣០​នៃ​សត​វត្ស​ទី​២០​ មាន​ដំ​ណើ​​ររុក​​​រក​ច្រើន​គួរ​សម​មក​កាន់​ដែន​ដី​ព្រៃ​ភ្នំ​នេះ​ ហើយ​​ក្នុង​ចំណោម​ទិដ្ឋភាព​​ប្លែក​ៗ​ ដែល​រក​ឃើញ​ពេល​នោះ​​ គេ​ភ្ញាក់​ផ្អើ​ល​ខ្លាំង​មែន​ទែន​​នៅ​ពេល​ប្រទះ​​កុល​សម្ព័ន្ធ​​ស្បែក​ក្រហម​មួយ​ប្រ​ភេទ​ នៅ​តែ​រក្សា​ការ​រស់​នៅ​តាម​បែប​បុ​ព្វ​កាល​ គឺ​កុល​សម្ព័ន្ធ​ដានី​នេះឯង​ ។ ​កុល​សម្ព័ន្ធ​ដានី​ និ​យម​រស់​នៅ​ក្នុង​ខ្ទម​​មូលៗ​ ដែល​គេ​ឱ្យ​ឈ្មោះ​ថា honai ​ព្រោះ​វាធ្វើ​ពី​​ឈើ honai ​និង​ស្លឹក​​ឈើ​។ ​ថ្វី​បើ​ប្រុសៗ​ដានី​​អនុញ្ញាត​ឱ្យ​មាន​ប្រពន្ធ​ច្រើន​បាន​ តែ​ត្រូវ​ធានា​ឱ្យ​ប្រ​ពន្ធ​ម្នាក់ៗ​មាន​ខ្ទម​មូល​មួយ​ជ​ា​សម្បតិ្ត​ផ្ទាល់​ខ្លួន​ រួម​ជា​មួយ​ដី​ធ្លីខ្លះ​ល្ម​ម​ដាំ​ដុះ​ចិញ្ចឹម​ជី​វិត​បាន​ ។

អាច​និយាយ​បាន​ថា​ នៅ​ក្នុង​ចំណោម​កុល​សម្ព័ន្ធ​ដានីក្នុង​ប្រទេស​ឥណ្ឌូណេ​ស៊ី​ មាន​តែ​សហ​គមន៍​ដានី​​ក្នុង​ជ្រលង​ Baliem ប៉ុណ្ណោះ​ រក្សា​ការ​ប្រតិ​បត្តិ​តាម​បែប​បុរាណ​ខ្ពស់​ជាង​សហគមន៍​ដានី​ក្នុង​តំ​បន់​ឯទៀតៗ ។ ​ជំ​នូន​សម្រាប់​ការ​ប្រពន្ធ​របស់​កុល​សម្ព័ន្ធ​ដានី​គឺ​ ជ្រូក​៤ឬ៥ក្បាល​ធំ​ៗ​គួរសម​ ។ ការ​ដែលត្រូវ​ដោះ​ស្រាយ​ឱ្យ​ប្រ​ពន្ធ​​ម្នាក់​មាន​ខ្ទម​មូល​មួយ​ដោយ​ឡែក​ គឺ​ផ្តើម​ចេញ​ពី​ទំនៀម​ទម្លាប់​​រស់​នៅ​ដាច់​គ្នា​ ។ ពួក​គេ​មិន​រស់​នៅ​ជា​មួយ​គ្នា​ក្នុងលំ​នៅ​ឋានតែ​មួយ​ឡើយ ។ ខ្ទម​មួយ​សម្រាប់​តែ​ស្ត្រី​ម្នាក់​​​ បុរស​ម្នាក់​រស់​នៅ​ជាមួយ​កូនៗ​របស់​ខ្លួន​ប៉ុណ្ណោះ​ ។ សូម្បី​ប្តីប្រ​ពន្ធ​ក៏​មិន​រស់​នៅ​ជា​មួយ​គ្នា​ក្រោម​ដំបូល​តែ​មួយ​ដែរ​ ត្រូវ​ការ​គ្នា​សឹមកាត់​រក​គ្នា​ រួច​ហើយ​ត្រ​ឡប់​ទៅ​ខ្ទម​របស់​ខ្លួន​វិញ ។

​របប​មាតា​ធិប​តេយ្យ​នៅ​តែ​រក្សា​បាន​ក្នុង​កុល​សម្ព័ន្ធ​មួយ​នេះ​រហូត​​ដល់​សព្វ​ថ្ងៃ​, ស្រី​ៗ​រ៉ាប់រង​កិច្ច​ការ​​ទាំង​អស់​​ តាំង​ពី​ការ​ងារ​ស្រែ​​ចម្ការ​ រក​ផលានុ​ផល​ ធ្វើ​ម្ហូប​ មើ​លថែ​ទាំ​កូន​។ ចំណែក​ប្រុសៗ​ដានីរ៉ាប់​រង​ការ​ងារ​សាង​សង់​ ក៏​ដូច​ជួស​ជុល​លំនៅ​ឋាន​​របស់​ប្រ​ពន្ធ​ និង​ចេញ​បរ​បាញ់​សត្វ​ពេល​​ណា​ប្រ​ពន្ធ​ណា​ម្នាក់​ប្រាប់​ថា​ អស់ម្ហូប​ ។ ពេល​វេលា​ភាគច្រើន​របស់​ប្រុសៗ​ដានី​ ច្រើន​តែ​ទំនេរ​ ហេតុ​នេះ​​តែង​ជួប​ជុំ​គ្នា​ជក​់​បារី​ហុយ​ទ្រលោម​​ និង​ព្រោក​ប្រាជ្ញ​ក្នុ​ង​ខ្ទម​របស់​អ្នក​ណា​ម្នាក់​ ។​

​ប្រុស​ៗដានី​​អត់​ស្លៀ​ក​​ខោ​ ឬប៉ឹងទេ ​ពាក់តែ​ Koteka ធ្វើ​​អំ​ពី​សម្បក​ឃ្លោក​ហាល​ស្ងួត​សម្រាប់​បិទ​បាំង​ប្រដាប់​ភេទ​ប៉ុណ្ណោះ​។ នេះ​ជា​ប្រ​ភេទ​ឃ្លោក​ពិសេស​​ម្យ៉ា​ង​រាង​វែង​ព្រលាំបំ​ពង់ប្ញ​ស្សី​​ ដែល​មា​ន​តែ​កុល​សម្ព័ន្ធ​​ដានី​ ទើបមាន​គ្រាប់​ពូជ​ឃ្លោក​ប្រភេទ​នេះ​ ហើយ​តែង​ដាំ​ដុះ​​​វា​ជាប់​ជា​ប្រ​ចាំ​សម្រាប់​ប្រុសៗ​ប្រើ​ការ​​បិទ​បាំង​អង្គ​ជាតរបស់​ខ្លួន​ ។ ​គេ​ចោះ​ក្បាល​ឃ្លោក​ឱ្យ​មាន​​ប្រ​ហោង​ធំ​ល្មម​​ស៊ក​ច្រកទាំង​អង្គជាត ទាំង​អណ្ឌៈ(ទាំង​មេ​ទាំង​ពង​)​ចូល​ក្នុ​ងនោះ​ ​ហើយ​ប្រើ​​ខ្សែ​ចងជាប់​ចង្កេះ​​​​កុំឱ្យ​​វា​របូត​ចេញ​កេរ្តិ៍កណ្តាល​វាល​ ។ រីឯ​ផ្នែក​ខាង​ចុង​សម្បក​ឃ្លោក​ គេ​ដោត​កន្ទុយ​កណ្តុរ​​ Irian Jaya ដែល​ខ្លួន​ប្រមាញ់​បា​ន​​សម្រាប់​លម្អផង​ សម្រាប់​​បង្អួត​សមត្ថ​ភាពប្រ​មាញ់​កណ្តុរ​ Irian Jaya ផង​។ ​

ស្រីៗ​កុល​សម្ព័ន្ធ​ដានី​​លែង​ខ្លួន​មួយកំណាត់​លើ​ បិទ​បាំង​តែ​ល្វែង​ក្រោម​ប៉ុណ្ណោះ​។ ស្រី្តមាន​ប្តី​​ស្លៀក​សំ​ពត់​ប្រពៃ​ណី​ត្បាញ​ពី​ស្មៅ​ចាប់ពី​ចុង​ឆ្អឹង​ជំនីរ​ផុត​ចុះ​ក្រោម​​, ស្រី​ក្រមុំ​ស្លៀក​សំពត់​​ត្បាញ​ពីស្មៅ​ចាប់​ពីចង្កេះ​ដល់​ជង្គង់​ ។ ​ក្រៅ​ពី​នេះ​​ ស្រីៗ​កុល​សម្ព័ន្ធ​ដានី​​តែ​ង​ត្បាញ​ថង់​ noken ពី​សរសៃ​សម្បក​ឈើ​សម្រាប់​ប្រើ​រៀង​ខ្លួន​ ។ ថ្វី​បើ​ត្បាញ​ពី​សរសៃ​សំបក​ឈើ​​ តែថង់​ noken ​ជាប់​ល្អ​ណាស់​​ទ្រទ្រង់​របស់​ធ្ងន់​បាន​ ។ វា​មាន​ខ្សែ​​សម្រាប់​ស្ពាយ​លើ​ស្មា​, បើ​មិន​ដូច្នេះ​ទេ​​រុំ​ព័ទ្ធ​ក្បាល​ សម្រាប់​ដាក់​អុស​ឬចំណី​អាហារ​​, ពេល​ខ្លះ​​ដាក់​កូន​តូច​របស់​ខ្លូនដែលទើប​តែ​​ចេះ​វារ ​ឬលូន​ក៏​មាន​ ។​

​វប្បធម៌​ដោយ​ឡែក​ម្យ៉ាង​ទៀត​របស់​កុល​សម្ព័ន្ធ​ដានី​ គឺ​ស្រី​ៗបន្ទាប់​ពី​​សម្រាល​កូន​ហើយ​ តមដំ​ណេក​នៅ​ជា​មួយ​ប្រុស​ចាប់​ពី​​២ឆ្នាំ​ដល់​៥ឆ្នំា។ ពួកគេ​យល់​ថា​​ ធ្វើ​ដូច្នេះ​​​ ដើម្បី​ឱ្យ​មនុស្ស​ស្រី​មាន​អារម្មណ៍​មូល​​​​លើ​ការ​មើល​ថែ​រក្សា​កូន​បាន​ល្អ ​ដល់​កូន​ធំ​បន្តិច​​​ទើប​អាច​រក​ការ​សប្បាយ​ផ្ទាល់​​ខ្លួន​បាន ។​ ​ពី​ដើម​ប្រុស​ៗ​ក្នុង​កុលសម្ព័ន​​​ដានី​ ល្បី​​ណាស់​ខាង​ប្រ​មាញ់​​ក្បាលមនុស្ស​​ តែ​សព្វ​ថ្ងៃ​ស្ថិត​ក្រោម​ការ​គាប​សង្កត់​​​របស់​អា​ជ្ញា​ធរ​ ពួក​គេ​សុខ​ចិត្ត​លះ​​បង់​​ទំ​នៀម​ទម្លាប់​​នោះ​ចោល។ ប៉ុន្តែ​​ពួក​គេ​នៅ រក្សា​ទំ​នៀម​ទម្លាប់​​ប្រ​ពៃ​ណី​​ពាក់​ក្រវិល​ច្រមុះ​​ធ្វើ​ពី​ខ្នាយ​ជ្រូក​ព្រៃ​​ ដៃ​កាន់​លំ​ពែង​​​ ស្មា​ស្ពាយ​ធ្នូ​ ព្រួញ​ ។

សម័យ​មុន​​ដែលមិន​ទាន់​​​មាន​ការ​អន្ត​រាគមន៍​​ពី​អាជ្ញាធរ​​​​ អ្នក​ប្រ​យុទ្ធ​​ដានី​ខ្លាំង​ក្លា​ក្នុង​ការ​ធ្វើ​សង្រ្គាម​ណាស់​​ ច្រើន​តែ​បាន​ទទួ​លជ័យ​ជម្នះលើ​អ្នក​ប្រ​យុទ្ធ​របស់​កុល​សម្ព័ន្ធ​​ឯ​ទៀត​ រាល់​លើក​មាន​ការ​ប្រយុទ្ធ​ទន្ទ្រានដណ្តើម​ដែន​ដី​ និង​​ដណ្តើម​ស្រី​ ។ ជ័យ​ភ័ណ្ឌ​សំខាន់​​បំ​ផុត​​រាល់​ពេល​ប្រ​យុទ្ធ​​គ្នា​ម្តងៗ​ គឺ​ក្បាល​សត្រូវ​​, អ្នក​ណា​កាត់​ក្បាល​​​សត្រូវ​បាន​ច្រើន​ជាង​គេ​ ក្លាយ​ជា​បុគ្គល​​អ​ស្ចារ្យ​​បាន​ទទួល​ការ​កោត​សរសើរ​​ ។ ព្រោះ​​តែ​ចង់​បា​ន​ក្បាល​សត្រូវ​​ដើម្បី​បង្អួត​ស្នាដៃ​ខ្លួន​​ ទើប​ពួក​គេ​​ប្រយុទ្ធ​​អត់​រា​ថយ​​ ដឹង​តែ​សម្រុកចូល​យក​ឈ្នះ​ដៃ​​ ធ្វើ​ឱ្យ​ម្ខាង​ទៀត​ត​តាំង​​បាន​បន្តិ​ច​ខ្លាច​ត្រូវ​កាត់​ក្បាល​ក៏​រត់​ប្រាសអាយុ​, ទម្រាំ​តែ​ត្រឡប់​មក​វិញ​ ស្រី​ៗ​ក្មេង​ៗ​​ ត្រូវ​អ្នក​ប្រ​យុទ្ធ​ខាង​កុល​សម្ព័ន្ធ​ដានី​ចាប់​យក​អស់​ពី​ភូមិ​។

ឆ្អើរ​សព​ឱ្យ​ក្លាយ​ទៅ​ជា​សព​​អប់​ទុក​បាន​យូរ​ប្រការ​ចម្លែក​​មួយ​បែប​ទៀ​ត​របស់​កុល​សម្ព័ន្ធ​ដានី​​ គឺ​ទំនៀមទម្លាប់​​ឆ្អើរ​សព​មេ​កន្រ្ទាញ​​របស់​ខ្លួន​​​ទុក​គោរ​ព​បូ​ជា​​ឱ្យ​បាន​យូរ​ ។ សព​ឆ្អើរ​ទាល់​តែ​ឡើង​ខ្មៅ​​​ឃ្លីក​ដូច​ដុំ​ធ្យូង​នោះ​ កុល​សម្ព័ន្ធ​ដានី​លើក​តម្កើង​ជា​​រត​ន​វត្ថុ​ ជា​វត្ថុ​ខ្ពង់​ខ្ពស់​សំខាន់​បំ​ផុត​​ក្នុង​ជីវ​ភាព​ស្មា​រតី​របស់​ខ្លួន​។ សព​មេ​កន្ទ្រា​ញ​ក្រោយ​ពេល​ស្លាប់​ត្រូវបាន​តម្កល់​​ក្នុង​ផ្ទះ​​មួយដែលកុល​សម្ព័ន្ធ​ដានី​​ប្រ​សិទ្ធ​នាម​ថា ផ្ទះ​​ស័ក្តិ​សិទ្ធិ។ ​ទាំ​ង​ផ្ទះ​នោះ​​ ទាំង​សព​​មេ​កន្ទ្រាញ​ឋិត​ក្រោម​ការ​ការពារ​​យ៉ាង​​យក​ចិត្ត​ទុក​ដាក់​​ពី​មេ​កន្ទ្រាញ​ថ្មី​ ។ អត់​អ្នក​ណា​ចូល​ផ្ទះ​នោះ​បានទេ​​ ប្រសិន​បើ​គ្មា​នការ​អនុ​ញ្ញាត​ចាំ​បាច់​ពី​មេ​កន្ទ្រាញ​ថ្មី។​

អ្នក​ណា​បំ​ពាន​បញ្ញត្តិ​ដែល​មាន​តាំង​ពី​ដូនតា​មក​នេះ​នឹង​ក្លាយ​ជា​អ្នក​ទោសឧក្រិដ្ឋ​​ ត្រូ​វ​​​មនុស្ស​​ក្នុង​កុល​សម្ព័ន្ធ​​ព្រួត​គ្នា​ផ្តន្ទា​ទោស​ដោយ​កាត់​ក្បា​លចោល​ ។ មេ​កន្ទ្រាញ​កុល​សម្ព័ន្ធ​ដានី​​ មាន​អំ​ណាច​មិន​ខុស​ពី​​ស្តេច​តូច​មួយ​អង្គ​ឡើយ ។ ​ពី​ដើម​ អ្នក​បាន​ឡើង​កាន់​តំ​ណែង​​មេ​កន្ទ្រាញ​​ គឺ​អ្នក​ប្រ​យុទ្ធ​ដ៏​ក្លាហាន​អង់​អាច​​ ពូកែ​ជាង​គេ​ ធ្លាប់​ដឹក​នាំ​ប្រ​យុទ្ធ​​រាប់​​មិន​អស់​​ក្នុង​ការ​ប្រយុទ្ធ​ទន្ទ្រាន​​ដែន​ដី​​កុល​សម្ព័ន្ធ​ឯ​ទៀត​។ មេ​កន្ទ្រាញជា​អ្នក​ឯក​ទេស​​ខាង​ប្រមាញ់​ក្បាល​មនុស្ស​ និង​ដឹក​នាំការ​ប្រ​យុទ្ធ​ប្រមាញ់ក្បាល​មនុស្ស​ ។​

​នៅ​ពេល​ឈឺ​ធ្ងន់​​ដឹង​ខ្លួន​មិនអាច​រស់​បាន​តទៅ​ទៀត​ មេ​កន្ទ្រាញ​ដ៏​ល្បី​ល្បាញ​នោះ​​ ប្រកាស​​​កំណត់​យក​អ្នក​ណា​ម្នាក់​ឡើង​ស្នង​​តំ​ណែង​​ខ្លួន​​ ដើម្បី​ដឹក​នាំ​​កុល​សម្ព័ន្ធ​ទាំង​មូល ។ ការ​សម្រច​យក​មេ​កន្ទ្រាញ​បន្ទាប់​​ គឺជា​សិទ្ធិ​ផ្តាច់​មុខ​របស់​គាត់​ ត្រូវ​គោរព​តាម​ទាំ​ង​អស់​គ្នា ។ ​លុះ​មេ​កន្ទ្រាញ​ស្លាប់ទៅ​​ មេកន្ទ្រាញ​ថ្មី​​មាន​ភារកិច្ច​អប់​សព​មេ​កន្ទ្រាញ​មុនទុក​សម្រាប់​ឱ្យ​កុល​សម្ព័ន្ធ​​គោរព​​បូ​ជា​។ គោល​ដៅ​នៃ​ការ​អប់​សព​ទុក​​ គឺ​ទី១-ដើម្បីជាការ​រំលឹកដល់​គុណ​បំ​ណាច់​គាត់​​កាល​នៅ​រស់​ ទី​២-​​ដើម្បីឱ្យ​កុល​សម្ព័ន្ធ​ដានី​​ទាំង​មូល​​មាន​សំណាង​ល្អ​ បាន​ដួងព្រលឹង​មេ​កន្ទ្រាញ​មុន​តាម​ថែរក្សា​ការពារ ។​

កុល​សម្ព័ន្ធ​ដានី​ មាន​របៀប​ទុក​ដាក់​សព​​ច្រើន​បែប​​ តែ​ភាគ​ច្រើន​និយម​បូជា បន្ទាប់​ពី​បូជា​​រួច​យក​ធាតុ​ទៅបញ្ចុះ​ភ្លាម ។​ កន្លែង​បញ្ចុះ​ធាតុ​ ត្រូ​វបាន​គេ​​ពូនដី​​ឱ្យខ្ពស់​ជា​ង​ផ្ទៃ​ដី​​ជុំ​វិញ​បន្តិច​​ ងាយ​សម្គាល់​ដឹង​​ តែ​មិ​ន​ខ្ពស់​ដូច​ផ្នូរ​ជន​ជាតិ​ឯ​ទៀ​ត​ឡើយ​ ។​ មាន​តែ​មេ​កន្ទ្រាញ​ដែល​ជា​បុគ្គល​ដ៏​មហិ​មា​ទើប​គេ​អប់សព​ទុក​​ តែ​ក៏​ត្រូវ​បាន​មេ​កន្ទ្រាញ​រូប​នោះ​ខ្លួនឯង​អនុញ្ញាត​មុន​​ពេល​ស្លាប់​ដែរ​ទើប​ធ្វើ​បាន​ ។ មេ​កន្ទ្រាញ​​ខ្លះ​មិន​ចង់​ឱ្យ​​គេ​អប់​សព​​ខ្លួន​ ព្រោះ​​អាក្រក់​មើល​ពេក ​ដូច្នេះ​​សព​គាត់​ត្រូវ​ចាត់​ចែង​តាម​របៀប​ផ្សេង​​​ដែល​​មេ​កន្ទ្រាញ​ថ្មី​ជា​អ្នក​កំ​ណត់​​​។​

ព្រោះ​តែដូច្នេះ​​ ទើប​ឆ្លង​កាត់​​ប៉ុន្មាន​ពាន់​ឆ្នាំ​មក​ហើយ​​ សព​អប់​មេ​កន្ទ្រាញ​មាន​តិច​តួច​ ។ នៅ​ជ្រលង​ភ្នំ​ Baliem ទាំង​មូល​​​ អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​ប្រ​មាណ​១០​សព​​ប៉ុណ្ណោះ​​ ដែ​ល​សព​ខ្លះ​មាន​អា​យុ​កាល​រាប់​រយ​ឆ្នាំ​មក​ហើយ ។ ​និយាយ​ថា​ អប់​សព​ តែ​តាម​ពិត​​ឆ្អើរ​​បំ​ពក់​ផ្សែង​ទៅ​វិញទេ ​គឺ​ឆ្អើរ​ទាល់តែ​​ក្រៀម​​មែន​ទែន​​ ដើម្បី​ទុក​គោរព​បូ​ជា​​​បានយូរ។ ​កិច្ច​ការ​ឆ្អើរ​សព​​នេះ​ធ្វើ​​​ក្នុង​ផ្ទះ​មេ​កន្ទ្រាញ​​តែ​ម្តង​ ហើយអ្នក​​មាន​សិទ្ធិ​​ចូល​ក្នុង​​ផ្ទះ​​នោះ​​ដើម្បី​ឆ្អើ​រ​សព​ គឺ​មេ​កន្ទ្រាញ​​ថ្មី​ ព្រោះ​កិច្ច​ការ​ពិ​សិដ្ឋ​មាន​តម្លៃ​ក្រៃ​លែង​ មនុស្ស​ធម្មតាមិន​អាច​លូក​ដៃ​បាន​ឡើយ​ សូម្បី​ដើរ​ទៅ​ជិត​ផ្ទះ​​​ធ្វើ​កិច្ច​ការ​ពិ​សិដ្ឋ​​នោះ​ក៏​មិន​បាន​ផង​។

​ដំបូង​បំផុត​ មេកន្ទ្រាញ​ថ្មី​​ ខ្វេះ​ត្រង់​ចង្កេះ​សព​ បារយក​គ្រឿង​ក្នុង​​ចេញទាំង​អស់​​​ ហើយ​រៀ​ប​​ចំ​រាងកាយ​សព​ឱ្យ​​​ឋិត​ក្នុង​ឥរិយា​បថអង្គុយ​​បញ្ឈរ​​ជង្គង់​ផ្អឹប​ចូល​ទ្រូង​ យក​ខ្សែ​ចង​ណែន​​កុំ​ឱ្យ​រលា​ចេញ​បាន​ បន្ទាប់​មក​​ទើប​លើក​សព​ដាក់​លើចង្អើរ​ដែល​រៀប​ចំ​ហើយ​​ស្រេច​​ ។​ ចង្អើរ​សម្រាប់​ឆ្អើរ​សព​​​មាន​កម្ពស់​ពី​១​ម៉ែត្រ​ដល់​១,៥ម៉ែត្រ​។ លុះដាក់​សព​ឱ្យអង្គុយ​លើ​ចង្អើរ​​ និង​រៀប​ឈើ​ទប់​ជុំ​វិញ​​ជាប់​ល្អ​ហើយ​ មេកន្ទ្រាញ​ថ្មី​​​ចាប់​ផ្តើម​បង្កាត់​ភ្លើង​ដុត​​ពី​ក្រោម​ឱ្យ​កម្តៅ​ជះ​ឡើង​ត្រង់​​ជា​មួយ​ផ្សែង​ខ្មួល​ខ្មាញ់​ ។ ធ្វើ​យ៉ាង​នេះ​ជាប់​រហូត​ទាំង​ថ្ងៃ​ទាំង​យប​់​​​។ ខ្លាញ​់​ក្នុង​ខ្លួន​សព​ចេះ​តែ​ហូ​រស្រក់​ចុះតាម​រន្ធ​ចោះ​​ត្រង់​ចង្កេះ​។ ​

បើ​សម្គាល់​ឃើញ​ខ្លាញ់​​ស្ទះ​ត្រង់​​ណា​​មិន​អាច​​ហូរ​​តាម​រន្ធ​នោះ​បា​ន​មេកន្ទ្រាញថ្មី​យក​ម្ជុល​​ធំ​ចាក់​​ទម្លុះ​​ស្បែក​ឱ្យ​ខ្លាញ់​​ស្ទះ​នោះ​ហូរ​ចេញ​បាន​​ស្រួល ។ រយៈ​ពេល​ឆ្អើរ​សព​​​មិន​មែន​​ធ្វើ​ត្រឹម​តែ​​មួយ​ថ្ងៃ​មួយ​យប់​ ឬ​ពីរបី​​ថ្ងៃ​ពី​របី​យប់​ចប់​ទេ គឺ​​ប្រព្រឹត្ត​ជាប់រហូត​​ចាប់ពី​មួយ​ខែ​ ទៅ​ដល់​បី​ខែ​ក៏​មាន​​ ទាល់​តែ​​​ពេល​ណា​សព​រួញ​ខ្លី​​​ដូ​ច​គល់​អុស ​និង​​ឡើង​ខ្មៅ​​ដូច​ធ្យូង​​មួយ​ដុំ​​មើល​ពី​ចម្ងាយ​​សឹង​ថា​មិនដឹង​​សព​មនុស្ស​​ ទើប​សន្មតថា​ចប់​ការ​ងារ​​។ ដល់​ពេល​នោះ​​ សព​​អស់​ខ្លាញ់​ និង​ទឹក​ពីក្នុង​ខ្លួន​​ទៅ​ហើយ ​ថែម​ទាំង​សាច់​ក៏​ស្ងួត​​​រឹង​កំព្រឺស​ទៀត​​ ទម្ងន់​នៅ​សល់​តិច​តួច​បំ​ផុត​​ ញ៉ឹង​ដៃ​ម្ខាងធូរ​ល្ហុយ ។​

គេ​មិនដឹង​ច្បាស់​ថា​ សព​ឆ្អើរ​​ទាល់​តែ​ដូច​ដុំធ្យូង​បែប​នេះ​​​អាច​រក្សាទុក​បាន​យូរ​ប៉ុន្មាន​ទេ ​តែ​កន្លង​មក​​អ្នក​ស្រាវ​ជ្រាវ​​ពិ​និត្យ​ឃើញ​​សព​ខ្លះ​​មាន​អា​យុ​កាល​៥០០ឆ្នាំទៅ​ហើយ នៅតែ​អត់​ទាន់​ខូច​ទៀត ។ សព​ដែលមាន​អាយុកាល​​តិច​ជាង​គេ​ដែលបានពិនិត្យ​ឃើញ​គឺ​ ​ជាង​២០០​ឆ្នាំ។ នេះ​បើ​តាម​ការ​រុក​រក​កន្លង​មក​របស់​ក្រុម​ស្រាវ​ជ្រាវ។ ​ផ្ទះ​ឆ្អើរ​សព​មេ​កន្ទ្រាញ​ ​ផ្ទះ​ខ្លះ​​ជួស​ជុល​រាប់​សិប​ដង​ទៅ​ហើយ តែ​សព​មេ​កន្ទ្រាញ​នៅ​ដដែល។ កុល​សម្ព័ន្ធ​ដានី​មាន​ជំនឿ​​ថាមេ​កន្ទ្រាញ​របស់​ខ្លួន​ជា​បុគ្គល​អមតៈ តែង​​ស្ថិត​ស្ថេររហូត​​ជា​មួយ​ការ​ស្ថិត​ស្ថេរ​លើ​ផែន​ដី​របស់​កុល​សម្ព័ន្ធ​​ដានី ដើម្បី​ថែ​រក្សា​ការ​ពារ​កុល​សម្ព័ន្ធ​ដែល​ខ្លួន​ធ្លាប់ដឹក​នាំ​កន្លង​មក។ រាល់ឱកាស​ប្រារព្ធ​ពិធី​បុណ្យ​តាម​ប្រពៃណី​កុល​សម្ព័ន្ធ មេ​កន្ទ្រាញ​ថ្មី​ត្រូវ​រៀបចំ​សែន​ព្រេន​មេ​កន្ទ្រាញ​ចាស់​ជា​មុន​សិន។

សំណែន​រួម​មាន​ជ្រូក និង​មាន់​ ជា​របស់​សំខាន់​ជាង​គេ​ដែល​មិន​អាច​ខ្វះ​បាន។ សែន​មេ​កន្ទ្រាញ​​ចាស់​រួច​រាល់​ទើប​ដល់​ពិធី​ឯទៀត ក៏​ដូច​ជា​ដល់​ពេល​មេ​កន្ទ្រាញ​​ថ្មី​​មាន​សិទ្ធិ​លើក​សព​មេ​កន្ទ្រាញ​ចាស់​ចេញ​ក្រៅ​ផ្ទះ​ឱ្យ​សមា​ជិក​កុល​សម្ព័ន្ធ​បាន​ឃើញ​​ផ្ទាល់​ភ្នែក​ និង​បាន​គោរព​បូជា។ គេ​នាំ​គ្នា​យក​កម្រង​គ្រឿង​អលង្ការ​ផ្សេង​ៗ​ពាក់​នៅ.ក​សព ដើម្បី​សុំ​សេចក្តី​សុខ​សេចក្តី​​ចម្រើន។ ​សព​អប់​មេ​កន្ទ្រាញ​ចាស់​ទាល់​តែ​អ្នក​មាន​អំណាច​​លើ​គេ​ទើប​មាន​សិទ្ធិ​មើល​ថែ​រក្សា និង​លើក​ចេញ​ពី​ផ្ទះ​ឱ្យ​ឃើញ​ជា​សាធា​រណៈ។ អ្នក​នោះ​គឺ​មេ​កន្ទ្រាញ​ថ្មី​ហ្នឹង​ឯង។ មាន​សព​អប់​នៅ​ជា​មួយ​ខ្លួន​ មេ​កន្ទ្រាញ​ថ្មី​កាន់​តែ​មាន​អំណាច និង​បាន​ទទួល​ការ​គោរព​ខ្លាំង​ឡើង។

សហ​គមន៍​ណា​មាន​សព​អប់​មេ​កន្ទ្រាញ​ចាស់ តែង​មាន​មោទន​ភាព​ ព្រោះ​បាន​សហ​គមន៍​កុល​សម្ព័ន្ធ​ដានី​នៅ​កន្លែង​ឯទៀត​កោត​សរ​សើរ​យ៉ាង​ខ្លាំង។ ទំនៀម​ទម្លាប់​ប្រពៃណី​កាត់​ម្រាម​ដៃ​ពេល​មាន​សាច់​ញាតិ​ស្លាប់កុល​សម្ព័ន្ធ​ដានីមិន​ត្រឹម​តែ​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ដោយ​សារ​ទំនៀម​ទម្លាប់​រស់នៅ​ក្នុង​ខ្ទម​ផ្សេង​ៗ​គ្នា និង​ឆ្អើរ​សព​មេ​កន្ទ្រាញ​ទុក​គោរព​បូជា​ប៉ុណ្ណោះ​ទេ នៅ​មាន​ទំនៀម​ទម្លាប់​ស្ម័គ្រចិត្ត​​ធ្វើ​ទុក្ករ​កម្ម​គួរឱ្យ​ញាក់​​សាច់​ដ៏​ចម្លែក​មួយ​ទៀត គឺ​កាត់​ម្រាម​ដៃ​ខ្លួន​ឯង​ជា​ការ​កាន់​ទុក្ខ​ចំពោះ​អ្នក​បាត់​បង់​ជីវិត។

ត្រូវ​បាន​ចាត់​ទុក​​ជា​កុល​សម្ព័ន្ធ​​យុគថ្ម​ក្នុង​សត​វត្ស​ទី​២១ ព្រោះ​កុល​សម្ព័ន្ធ​ដានី​នៅ​រក្សា​ខ្ជាប់​ខ្ជួន​ទំនៀម​ទម្លាប់​បុព្វ​កាល​របស់​ខ្លួន​រហូត​ដល់​សព្វ​ថ្ងៃ ពិសេស​ទំនៀម​ទម្លាប់​កាត់​ម្រាម​ដៃ​ ទោះ​អ្នក​ណា​​ពេប​ជ្រាយ​ថា​ហួស​សម័យ​យ៉ាង​ម៉េច​ក៏​ដោយ។ រាល់​ពេល​មាន​សាច់​ញាតិ​ណា​ម្នាក់​ស្លាប់ មិន​ថា​ស្លាប់​ដោយ​ប្រការ​អ្វី​ទេ មនុស្ស​ស្រី​ដែល​ជាប់​សាច់​ឈាម​ត្រូវ​តែ​​កាត់​ម្រាម​ដៃ​ខ្លួន​ឯង​មួយ​២ថ្នាំង​ ជា​ការ​កាន់​ទុក្ខ​​សម្តែង​ការ​នឹក​រលឹក​គ្មាន​ពេល​ស្បើយ។ អ្នក​ខ្លះ​រហូត​ដល់​កាត់​ម្រាម​ដៃ​ម្តង​​ថ្នាំង​ក៏​មាន។ សម្រាប់​កុល​សម្ព័ន្ធ​ដានី ការបាត់​បង់​សាច់​ញាតិ​មិន​មែន​គ្រាន់​តែ​ជា​ការ​ឈឺ​ចាប់​ផ្លូវ​ចិត្ត​ទេ រូប​កាយ​ក៏​ឈឺ​ចាប់​ដែរ។

ហេតុ​នេះ​សូម​មិត្ត​កុំ​ភ្ញាក់​ផ្អើល​ពេល​ទៅ​ដល់​តំបន់​រស់​នៅ​របស់​កុល​សម្ព័ន្ធ​ដានី ហើយ​ឃើញ​ស្រី​ៗ​​ក្នុង​កុល​សម្ព័ន្ធ​នោះ​ពិការ​ម្រាម​ដៃ។ ពួក​គេ​ពិការ​ដោយ​ការ​ធ្វើ​ទុក្ករ​កម្ម​ខ្លួន​ឯង មិន​មែន​ដោយ​សារ​អ្នក​ណា​ធ្វើ​ទារុណ​កម្ម​ឡើយ។ បាត់​ម្រាម​ដៃ​មួយ​ថ្នាំង​មាន​ន័យ​ស្មើ​នឹង​ស្ត្រី​នោះ​បាត់​បង់​សាច់​ញាតិ​ម្នាក់។ ទំនៀម​ទម្លាប់​នេះ កុល​សម្ព័ន្ធ​ដានី​ហៅ​ថា Ikipalin។ តាម​ទស្សនៈរបស់​កុល​សម្ព័ន្ធ​ដានី ​ការ​បាត់​បង់​ម្រាម​ដៃ​នឹង​ធ្វើ​ឱ្យ​ការ​នឹក​រលឹក​​ចំពោះ​អ្នក​ស្លាប់​ទៅ​កាន់​​តែ​ដិត​ដាម​​ជ្រៅ​ក្នុង​អារម្មណ៍​ថែម​ទៀត​​អស់​មួយ​ជីវិត។ ប៉ុន្តែ​ពេល​ខ្លះ​គេ​ក៏​យល់​ថា​កាត់​ម្រាម​ដៃ​ជំនួស​ឱ្យ​ការ​ទួញ​សោក​រីងរៃ​ជា​រៀង​រហូត​ដែរ។

ដើម្បី​កាត់​ម្រាម​ដៃ​ខ្លួនឯង​មួយ​ថ្នាំង​ ឬ​២​ថ្នាំង​ ស្ត្រី​ក្នុង​កុល​សម្ព័ន្ធ​​ដានី​ប្រើ​ដុំ​ថ្ម​មាន​មុខ​មុត ព្រោះ​ពួក​គេ​​នៅ​ប្រើ​ប្រាស់​ថ្ម​ជា​ឧបករណ៍​កាត់ ពុះ​ច្រៀក​នៅ​ឡើយ សម​នឹង​ពាក្យ​ថា ​កុល​សម្ព័ន្ធ​យុគ​ថ្ម​ពិត​មែន។ ការ​កាត់​ម្រាម​ដៃ​ដោយ​ដុំ​ថ្ម​ទម្រាំ​តែ​​ដាច់​មាន​ការ​ឈឺ​ចាប់ខ្លាំង​សម្បើម​ណាស់, មិន​តែ​ប៉ុណ្ណោះ​ផល​វិបាក​ក៏​មាន​ច្រើន ព្រោះ​ម្រាម​ដៃ​មិន​បាន​ដាច់​ត្មិល​ភ្លាម​ដូច​កាត់​នឹង​កាំបិត​ឯណា, ទាល់​តែ​ដំ​ច្រើន​ដង​ទើប​ដាច់​អស់ ឯ​ឆ្អឹង​ត្រង់​កន្លែង​កាត់​នោះ​ក៏​មាន​បែក​ជា​បំណែក​តូច​ៗ​ទៀត។ ដូច្នេះ​ត្រូវ​ព្យាបាល​យូរ។ ក្រោយ​កាត់​បាន​ហើយ គេ​ប្រើ​ស្លឹក​ឈើ​សម្រាប់​ឃាត់​ឈាម និង​ព្យា​បាល​ម្រាម​ដៃ​​អស់ជា​ច្រើន​ខែ​ទម្រាំ​ជា។ ថ្វី​បើក​ឈឺ​ចាប់​ខ្លាំង និង​ប្រឈម​មុខ​ការ​ឆ្លង​មេរោគ​បង្ក​ឱ្យ​រលេះ​រលួយ​ច្រើន​ខែ តែ​ទំនៀម​ទម្លាប់​កុល​សម្ព័ន្ធ​ដានី​ប្រតិ​បត្តិ​រាប់​ពាន់​ឆ្នាំ​មក​ហើយ គ្មាន​បំណង​ផ្លាស់​ប្តូរ​ ឬ​បោះ​បង់​ចោល​ឡើយ។

តាម​ការ​ឱ្យ​ដឹង​ពី​ចាស់​ៗ​ក្នុង​កុល​សម្ព័ន្ធ​​ដានី​ដែល​​ចេះ​ចាំ​រឿង​​រ៉ា​វ​ច្រើន គឺ​កាល​ដើម​ឡើយ​ស្រី​ៗ​ត្រូវ​កាត់​ត្រចៀក​ម្តង​មួយ​ចំណិតរាល់​ពេល​មាន​សាច់​ញាតិ​ណា​ម្នាក់​ស្លាប់ តែ​ក្រោយ​មក​គេ​ប្តូរ​មក​កាត់​ម្រាម​ដៃ​វិញ ដើម្បី​កុំ​ឱ្យ​អាក្រក់​មើល​ពេក។ រីឯ​ការ​កាត់​ម្រាម​ដៃ​នេះ ក៏​មិន​មែន​ធ្វើ​ភ្លាម​ៗ​បន្ទាប់​ពី​មាន​សាច់​ញាតិ​ណា​ម្នាក់​ស្លាប់​ដែរ គឺ​ធ្វើ​បន្ទាប់​ពី​កាន់​ទុក្ខ​តាម​របៀប​​យក​ភក់​បាត​ស្ទឹង​​មក​ប៉ាត​មុខ​មាត់ និង​ខ្លួន​ប្រាណ​ក្នុង​រយៈ​ពេល​ចាត់​ចែង​សព​សិន, ទាល់​តែ​ចាត់​ចែង​សព​រួច​រាល់​ទើប​គេ​លាង​ជម្រះ​ខ្លួន​ឱ្យ​ស្អាតបាត​វិញ ហើយ​គិត​គូរ​រឿង​កាត់​ម្រាម​ដៃ​ជា​ក្រោយ​តាម​ពេល​វេលា​សម​ស្រប​ណា​មួយ​ក៏​បាន កុំ​ឱ្យ​តែ​បង្អែ​បង្អង់​យូរ​ពេក។

ស្ត្រី​ម្នាក់​ឈ្មោះ Mereka លា​បាត​ដៃ​ទាំង​២​ឱ្យ​អ្នក​ទេស​ចរមើល ឃើញ​សល់​តែ​ម្រាម​បួន​ប៉ុណ្ណោះ​នៅ​គង់​វង្ស​ល្អ គិត​ទាំង​មេ​ដៃ​ផង​ ក្រៅ​ពី​នោះ​សុទ្ធ​តែ​អស់​២​ថ្នាំង។ Mereka ថា​មក​ពី​ខ្លួន​បាត់​បង់​សាច់​​ញាតិ​ច្រើន​ពេក​ទើប​សល់​តែ​ម្រាម​ដៃ​ប៉ុណ្ណឹង។ គាត់​និយាយ​បន្ត​ថា ពេល​មាន​បង​ប្អូន​ ឬ​សាច់​ញាតិ​ណា​ម្នាក់​ស្លាប់ គាត់​មិន​ហ៊ាន​ព្រងើយ​កន្តើយ​ទេ ប្រញាប់​ប្រញាល់​រក​ភក់​បាត​ស្ទឹង ឬ​ព្រែក​ប៉ាត​ពេញ​មុខ​មាត់​ដៃ​ជើង​ និង​ខ្លួន​​ប្រាណ​ទាំង​មូល ដែល​ការ​ធ្វើ​បែប​នេះ​គេ​ហៅ​ថា កាន់​ទុក្ខ​ជំហាន​ដំបូង។ ស្ត្រី​ណា​ក៏​ធ្វើ​​អ៊ី​ចឹង​ដែរ​ឱ្យ​តែ​ជាប់​សាច់​​ឈាម​ជា​មួយ​អ្នក​ស្លាប់។ ការ​កាន់​ទុក្ខ​ជំហាន​ដំបូង​នោះ ធ្វើ​ពេញ​រយៈ​ពេល​ចាត់​ចែង​សព, លុះ​​ចាត់​ចែង​សព​រួច​រាល់​ហើយ ត្រូវ​រក​ឱកាស​សម​ស្រប​អនុ​វត្ត​ការ​កាន់​ទុក្ខ​ជំហាន​ទី​២​ទៀត គឺ​កាត់​ម្រាម​ដៃ។ ​

ស្ត្រី​ឈ្មោះ Mereka អះ​អាង​ថា​ ក្នុង​ករណី​អស់​ម្រាម​ដៃ​សម្រាប់​កាត់​ ត្រូវ​កាត់​ស្លឹក​​ត្រចៀកបើ​អស់​ស្លឹក​ត្រចៀក​ទៀតកាត់​ច្រមុះ។ អ្នក​ណា​ត្រូវ​កាត់​ដល់​ច្រមុះ​ទៀត​មុខ​មាត់​អាក្រក់​មើល​ណាស់, ក្មេង​ៗ​ឃើញ​រត់​បះ​សក់។ របៀប​កាត់​ម្រាម​ដៃ​ដែល​ជា​ជំហាន​កាន់​ទុក្ខ​ទី២​នេះ, បើ​តាម​ការ​ឱ្យ​ដឹង​ពី​ស្ត្រី​ឈ្មោះ Mereka គឺ​ធ្វើ​យ៉ាង​សម្ងាត់​បំផុត មិន​មែន​ធ្វើ​ចំហ​ឱ្យ​គេ​ឃើញ​ទេ លុះ​ត្រា​កាត់​រួច​រាល់​ទើប​ឱ្យ​គេ​ឃើញ​បាន។ ស្រី​ៗ​តែង​លួច​លាក់​សំលៀង​មុខ​ដុំ​ថ្ម ឬ​ដឹង​ធ្វើ​ពី​ថ្ម, សំលៀង​ឱ្យ​មុត​ដោយ​​អត់​ប្រាប់​អ្នក​ណា​ទាំង​អស់ រួច​ហើយ​ចូល​ព្រៃ​រក​កន្លែង​ស្ងាត់​កាត់​ម្រាម​ដៃ​ខ្លួន​ឯង, កាត់​បាន​ហើយ​ត្រឡប់​មក​ភូមិ​បង្ហាញ​ឱ្យ​គេ​ឯង​មើល។

ពេល​នោះ​ អ្នក​ភូមិ​រួម​គ្នា​យក​ឆ្អឹង​ស្មង​ជើង​បក្សី caswari (បក្សី​ម្យ៉ាង​ធំ​ប្រហាក់​ប្រហែឥន្ទ្រី) សំលៀង​ឱ្យ​មុត​ជួយ​កាត់​យក​ចេញ​នូវ​បំណែក​ឆ្អឹង​ថ្នាំង​ម្រាម​ដៃ​ដែល​បែក​នៅ​ជាប់​នឹង​សាច់, យក​ចេញ​ទាល់​តែ​អស់ ទើប​បេះ​ស្លឹក​ឈើ​ព្រៃ​បុក​ឱ្យ​ហ្មត់​បំពោក​ចូល​ និង​រុំ​វិញ។ ស្នាម​ដំបៅ​កន្លែង​កាត់​​នោះ​កជា​​ខ្ទុះ​ចុក​ចាប់​ច្រើន​ខែ​ទម្រាំ​ជា, ជួន​កាល​ឆ្លង​មេ​រោគ​មើល​មិន​ជា​បណ្តាល​​ឱ្យ​ស្លាប់​ទៀត​ផង​ក៏​មាន។ ប៉ុន្តែ​សម្រាប់​​ស្ត្រី​កុល​សម្ព័ន្ធ​ដានី​ ទោះ​កាត់​ម្រាម​ដៃ​ហើយ​មាន​ការ​ចុក​ចាប់​យ៉ាង​ណា​ក៏​មិន​បោះ​បង់​ការ​ងារ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន ដោយ​នៅ​តែ​ចូល​ព្រៃ​រក​ផ្លែ​ឈើ មើម​ឈើ ឬ​ប្រមាញ់​សត្វ​តូច​ៗ​ល្មម​នឹង​កម្លាំង​ខ្លួន ព្រោះ​ថា​ការ​ចុក​ចាប់​ស្នាម​របួស​ប៉ុណ្ណឹង​មិន​អាច​ប្រៀប​ផ្ទឹម​ការ​ឈឺ​ចាប់​ដោយ​សារ​បាត់​បង់​សាច់​ញាតិ​ឡើយ។

ស្ត្រី​ឈ្មោះ Mereka បញ្ជាក់​ថា កុល​សម្ព័ន្ធ​ដានី​គ្មាន​​ថ្នាំ​អ្វី​ផ្សេង​សម្រាប់​ជួយ​រម្ងាប់​ ឬ​កាត់​បន្ថយ​ការ​ចុក​ចាប់​ទេ, ចេះ​តែ​ត្រឹម​ប្រើ​ស្លឹក​ឈើ​ព្រៃ​ដែល​ធ្លាប់​ប្រើ​ត​ៗ​គ្នា​សម្រាប់​ព្យបាល​ប៉ុណ្ណោះ។ អ្នក​ខ្លះ​​ឆាប់​ជា អ្នកខ្លះ​ក្រ​ជា អ្នក​ខ្លះ​ទៀត​ស្នាម​របួស​ចេះ​តែ​ស៊ី​រាល​ដាល​រហូត​ដល់​ស្លាប់​ក៏​មាន។ ការ​កាត់​ម្រាម​ដៃ​នេះ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ណាស់ តែ​ទោះ​ឈឺ​ចុក​ចាប់​យ៉ាង​ណាក៏​ត្រូវ​ខិត​ខំ​ធ្វើ​ការ​ប្រចាំ​ថ្ងៃ ព្រោះ​វា​ជា​ទំនៀម​ទម្លាប់​​​តាំង​ពី​ដើម​រៀង​មក មិន​អាច​គេច​វេះបាន​ទេ, ​វៀរ​​លែង​តែ​ស្នាម​ដំបៅ​ដល់​ថ្នាក់​ឡើង​កូន​កណ្តុរ​ក្តៅ​ខ្លួន​សន្លប់​សន្លិន​លើក​ដៃ​លើក​ជើង​លែង​រួច ទើប​អាច​ផ្អាក​ការ​ងារ​សម្រាក​នៅ​ផ្ទះ​មួយ​រយៈ​បាន។ ការ​កាត់​ម្រាម​ដៃ​នេះ សូម្បី​ប្រុស​ៗ​ខ្លះ​ក៏​ធ្វើ​តាម​ស្រី​ៗដែរ ដើម្បី​សម្តែង​ក្តី​នឹក​រលឹក​សោក​ស្តាយ​ចំពោះ​អ្នក​ស្លាប់​ទៅ។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ថ្វី​បើ​ការ​ងារ​ទេស​ចរ​ណ៍រីក​ចម្រើន​ខ្លាំង មាន​អ្នក​ទេស​ចរ​ច្រើន​​ឡើង​ៗ​ទៅ​ដល់​តំបន់​ភូមិ​​កររបស់​កុល​សម្ព័ន្ធ​ដានី ពិសេស​ទៅ​ជ្រលង​ភ្នំ​ Baliem តែ​ការ​រស់​នៅ​របស់​កុល​សម្ព័ន្ធដានីនេះ​គ្មាន​ការ​ប្រែ​ប្រួល​ខុស​ពី​មុន​ឡើយ ទំនៀម​ទម្លាប់​ប្រពៃណី​ហួស​សម័យ​ពី​មុន​មក​យ៉ាង​ណា ពួក​គេ​នៅ​តែ​រក្សា​ប្រតិ​បត្តិ​តាម​យ៉ាង​នោះ​ដដែល​អត់​មាន​កែ​លម្អ បន្ធូរ​បន្ថយ​ ឬ​បោះ​បង់​ចោល​សោះ ៕

 

អាថ៌​កំបាំង​ “ស្លាប់​ហើយរស់​វិញ​” របស់​ស្តេច​ត្សាអាឡិចសានដឺទី១របស់រុស្ស៊ី



Alexander I of Russia

រឿង​រ៉ាវ​ស្តេច​ត្សា​រុស្ស៊ី​មួយ​អង្គ​ដែល​បាន​យក​ឈ្នះ​លើ​ណាប៉ូឡេ​អុង នៅ​តែ​បង្កចម្ងល់​សម្រាប់​ប្រជា​ជន​រុស្ស៊ី​រហូត​មក​​ទល់​សព្វថ្ងៃ​ថា តើ​ទ្រង់​ពិត​ជា​នៅ​មាន​ព្រះ​ជន្ម​ត្រេច​ចរ​ផ្សង​ព្រេង​រាប់​សិប​ឆ្នាំ​ក្រោយ​ពេល​សោ​យ​ទិ​វង្គត​មែ​ន​ឬ? នៅ​មាន​សំណួរ​មួយ​ទៀត ​តើ​ស្តេច​អង្គ​នេះ លួច​សហាយ​ស្មន់​ជា​មួយ​ប្អូន​ស្រី​បង្កើត​ខ្លួន​ឯង​មែន​ឬ? អាឡិច​សាន​ដឺ​ទី​១ (AlexsanderI) ប្រសូត​នៅ​​ឆ្នាំ​១៧៧៧​ ឡើង​គ្រង​រាជ្យ​ពេល​ព្រះ​ជន្ម​គម្រប់​២៤​វស្សា​ចុង​ឆ្នាំ​១៨២៥ ស្តេច​ត្សា​អង្គ​នេះ ត្រូវ​បាន​គេ​ប្រកាស​ថា សោយ​ទិវង្គ​ត​នៅតំបន់​​ Taganrog ពេល​ទ្រង​​់​យាង​លម្ហែ​ព្រះ​កា​យ​ទៅ​ទី​នោះ​ ។ ប៉ុន្តែ​បន្ទាប់​មក​មិន​យូរ​ប៉ុន្មាន ប្រទេស​រុស្ស៊ី​ទាំង​មូល​ពុះ​កញ្ជ្រោល​ជា​មួយ​ពាក្យ​ចចាម​អារ៉ាម​ថា​ទ្រង់​នៅ​មាន​ព្រះ​ជ​ន្ម​នៅ​ឡើយ តាម​ពិត​ទ្រង់​រៀប​ចំ​«ផែន​ការ​សោយ​ទិ​វង្កត»​ដោយ​ព្រះ​អង្គឯង​ ក្នុង​បំណង​ដក​ខ្លួន​ពី​រាជ​សម្បត្តិ​​ដើម្បី​បាន​រស់​ក្នុង​ជិវិត​ផ្សង​ព្រេង​រសាត់​អណ្តែត ដែល​ទ្រង់ស្រេក​ឃ្លាន​ជីវិត​បែបនេះ​ ជា​យូរ​មក​ហើយ ។

អាថ៌​កំបាំង​ក្នុង​កា្តរ​មឈូស:
តាម​វិទ្យុ​រុស្ស៊ី​​ផ្សាយ​ថ្ងៃ​ទី​៣ ធ្នូ ២០១០ និង​សៀវភៅ​វិជ្ជា​សមោធាន​ Wikipedia គេ​ដឹង​ថា​ស្តេច​ត្សា​រុស្ស៊ី​អាឡិច​សាន​ដឺ​ទី​១ មាន​ព្រះ​​នាម​ពេញ​ថា អាឡិច​សាន​ដឺ ប៉ាវ​ឡូវិច (ប្រសូតថ្ងៃ​ទី​២៣ កញ្ញា ១៧៧៧ សោយ​ទិវង្គត​ថ្ងៃ​ទី​១៩ វិច្ឆិកា ១៨២៥)​ជាស្តេច​ត្សាទី​១៤របស់​រុស្ស៊ី ឡើង​សោយ​រាជ្យ​​ថ្ងៃ​ទី​២៣ មីនា ១៨០១ ដល់​ថ្ងៃ​ទី​១ កញ្ញា ១៨២៥ ។ មិន​ត្រឹម​តែ​សោយ​រាជ្យ​​ជា​ស្តេច​រុស្ស៊ី​ប៉ុណ្ណោះទេ ទ្រង់​​ថែម​ទាំង​មាន​តួនា​ទី​​ជា​ស្តេច​ប្រទេស​ប៉ូឡូញ​ចាប់​ពី​ឆ្នាំ​១៨១៥ ដល់​១៨២៥ ទៀត ។ លើស​ពី​នេះ​​ទ្រង់​ជាជន​ជាតិ​រុស្ស៊ី​​ដំបូង​បង្អស់​ដែល​បាន​ស្តេច​ប្រទេស​ហ្វាំង​ឡង់ និង​ប្រទេស​ឡាតវី​យ៉ា តែង​តាំង​គោរម​ងារ​​ថា​មហាឌុក (Due) របស់​ប្រទេស​ទាំង​ពី​រនោះ​ផង​ដែរ ។

អាឡិច​សានដឺទី​១ ជា​បុត្រ​ច្បង​ក្នុង​ចំណោម​បុត្រា​បុត្រី​៤​អង្គ​របស់​ស្តេ​ច​ប៉ាវេលទី​១ (PavelI) និង​ព្រះ​មហេសី​ម៉ារី​យ៉ា ហ្វេ​អូ​ដូ​រ៉ូវណា(Maria Feodozovna) ។ ព្រះ​អង្គ​ឡើង​សោយ​រាជ្យ​បន្ទាប់​​ពី​ព្រះ​បិតា​ត្រូវ​ធ្វើ​ឃាត​ពេល​ច្បាំង​ជា​មួយ​ណា​ប៉ូឡេអុង​ ។ ក្នុង​រាជ្យ​ព្រះ​អង្គ​មាន​ការ​​កែ​លម្អ​ការ​ងារ​ជា​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់​ពិសេស​កែ​លម្អ​របប​ប្រជា​ធិបតេយ្យ​ ។ ថ្វី​បើ​ក្នុង​រយៈ​ពេល​នេះ​មាន​សង្គ្រាម​ធំ​ជា​បន្ត​បន្ទាប់​ តែ​ព្រះ​អង្គ​ដឹក​នាំ​ប្រទេស​រុស្ស៊ី​ប្រយុទ្ធ​ឈ្នះ​រហូត​ជាអាទិ៍​ឈ្នះ​ចក្រ​ភព​អុត​តូប៉ង់ ឈ្នះ​ណាប៉ូឡេ​អុង ឈ្នះ​ស៊ុយអែត​… រហូត​កាន់​កាប់​ប្រទេស​ហ្វាំង​ឡង់​ទាំង​មូល​និង​កាន់​កាប់​ប៉ូឡូញ​បាន​មួយ​ផ្នែក​ ។

​ចំណោម​​ជោគ​ជ័យ​បន្ត​បន្ទាប់​លើ​សមរភូមិ​ជោគជ័យ​ដែល​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​បំ​ផុត​របស់​ស្តេច​​អាឡិច​សានដឺ​ទី​១ គឺ​ការ​វាយ​បំ​បាក់​ណាប៉ូឡេ​អុង​​ ដែល​ជា​កំពូល​ជើ​ង​ខ្លាំង​នៅ​អឺ​រ៉ុប​ជំនាន់​នោះ ។ ​ប៉ុន្តែ​ទោះ​ដូច្នេះ​ក្តី​នា​ដំណាក់​កាល​ចុង​ក្រោយ​ទ្រង់​ដឹក​នាំ​​ការ​ងារ​មាន​ការ​ភ្លាំង​ភ្លាត់​ច្រើន​ធ្វើ​ឱ្យ​ក​ិត្តិ​​នាម​ថយ​ចុះ ដែល​ការ​ភ្លាំង​ភ្លាត់​ទាំង​នោះ​ផ្តើម​ចេញ​ពី​ភាព​នឿយ​ណាយ​ចំពោះ​ឋានៈខ្លួន​ជា​ស្តេច​ផែន​ដី​ឋិត​ត្រដែត​ត្រដឹម​ខ្ពស់​ដាច់គេ។ ​​អ្នក​នៅ​ជុំ​វិញ​ចេះ​តែ​ងឿង​ឆ្ងល់​ពេល​ឮ​ព្រះ​អង្គ​ឧស្សាហ៍ទន្ទេញ​ពាក្យ​ស្រេក​ឃ្លាន​ជីវិត​មួយ​ថ្មី ដែល​ជា​ជីវិត​អត់​ជំពាក់​ជំពិន​ភារកិច្ច​អ្វី​ទាំង​អស់។ ទ្រង់ចង់​បាន​ជីវិត​ផ្សង​ព្រេង​ ចង់​ទៅ​ណា​ទៅ​ភ្លាម​ចង់​ធ្វើ​អ្វី​​ធ្វើ​ភ្លាម​ តាម​ការ​យល់​ឃើញ​រប​ស់​ខ្លួន​វាជា​ជីវិត​​ដែល​មើល​ទៅ​មាន​ន័យ​ណាស់​សម្រាប់​ទ្រង់ ។ រហូត​ដល់​ពេល​ខ្លះ​ទ្រង់ព្រលយ​ពាក្យ​ត្រង់​ៗថា ចង់​ចុះ​ចោល​រាជ​បល្ល័ង្ក​ក្នុង​ឆ្នាំ​១៨២​៥​ទៀត​ផង ។

មហាក្សត្រ​អង្គ​នេះ កាន់តែ​បង្ហាញ​ភាព​នឿយ​ណាយ​ខ្លាំង​ឡើង រហូត​ដល់​ថ្ងៃ​មួយ​ក្នុង​ខែ​កញ្ញា​ ១៨២៥ ទ្រង់​មាន​បន្ទូល​ថា ចង់​យាង​ក្រសាល​លម្ហែ​ព្រះ​កាយ​នៅ​ទី​ប្រជុំ​ជន​ដាច់​ស្រាល​Taganrog ។​ ពេល​នាំ​ព្រះ​មហេសី​ទៅ​ដល់​ទី​នោះ​ទ្រង់​ហាក់​ដូច​សប្បាយ​នឹង​ទិដ្ឋ​ភាព​ថ្មី​អត់​ចង់​យាង​ត្រឡប់​​ចូល​វាំង​វិញ រហូត​ដល់​ថ្ងៃ​ទី​១៩ វិច្ឆិកា ស្រាប់​តែមាន​ការ​ឆោឡោ​ថា​ទ្រង់​សោយ​ទិវង្គត​ដែល​ពេល​នោះ​ទ្រង់​ទើប​តែ​មាន​ព្រះ​ជ​ន្ម​៤៨ឆ្នាំ ប៉ុណ្ណោះ ។ ពី​មុន​មក​ទ្រង់​មាំ​មួន​ធ​ម្មតា​​ស្រាប់​តែ​សុខ​ៗ​មាន​ព័ត៌​មាន​ដូច្នេះ​កើត​ឡើង​ធ្វើ​ឱ្យ​ប្រជា​ជន​រុស្ស៊ី​ស្រឡាំង​កាំង​ពេញប្រទេស ។ ប៉ុន្តែ​ទន្ទឹម​គ្នា​នោះ​ អ្នក​ដែល​ធ្លាប់​ដឹង​រឿង​​ទ្រង់​នឿយ​ណាយ​ជីវិត​​​ជា​ស្តេច​តាំង​ពី​យូរ​មក​ហើយ​យល់​ថា ព្រះ​​រាជា​ដ៏​ខ្លាំង​ពូ​កែ​របស់​ខ្លួន​អត់​ទាន់​​អស់​ព្រះ​ជន្ម​វស្សា​ទេ ​នេះ​គ្រាន់​តែ​ជា​ការ​រៀបចំ​ឆាក​របស់​ទ្រង់​​ដើម្បី​សម្រេច​បំណង​ជ្រើស​យក​ជីវិត​ដើរ​ផ្សង​ព្រេង​គ្រប់​ទី​កន្លែង​ប៉ុណ្ណោះ ។

ចំពោះ​អ្នក​ជឿ​លើ​ការ​សនិ្នដ្ឋាន​នេះ​ លើក​ឡើង​​នូវ​ហេតុ​​ផល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដោយ​៖ទីមួយ​ប្រសិន​បើ​ការ​សម្រាក​ព្រះ​កាយ​ដោយ​គ្មាន​គោល​ដៅ​ពិសេស​ផ្សេង​ទេ ហេតុ​អ្វី​ជ្រើស​យក​តំបន់​ Taganrog ដែល​ម្ខាង​ទល់​នឹង​វាល​ស្មៅ​មហាល្វឹង​ល្វើយ​ ខ្យល់​ និង​ខ្សាច់​បក់​មក​ស្ទើរ​បើក​ភ្នែក​មិន​រួច​ ហើយ​ម្ខាង​ទៀត​ជា​សមុទ្រ​ Arov មានក្លិន​មិន​សូវ​ល្អ? ទី​ពីរ ព័ត៌​មាន​បញ្ជាក់​ថា ព្រះ​រាជា​សុខៗ​ស្រាប់​តែ​ព្រះ​ឈួន​ធ្ងន់​ចៃ​ដន្យ​ទើប​ឈាន​ដល់​សោយ​ទិវង្គ​ត​ ចុះ​ហេតុ​អ្វី​ចំណាយ​វេជ្ជ​បណ្ឌិត​១០​នាក់​ដែល​កោះ​ហៅ​ចូល​ព្យាបាល​រោគ​ថ្វាយ​ព្រះ​អង្គ​មាន​តែ​២​នាក់ប៉ុណ្ណោះ ចុះ​ហត្ថ​លេខាលើ​តារាង​វិនិច្ឆ័យ​ជំងឺ ឯ​៨​នាក់​ទៀត​អត់​ចុះ​ហត្ថ​លេខា​?

រឿង​រ៉ាវ​ព្រះ​​សព​ស្តេច​ត្សា​អាឡិច​សានដឺ​ទី​១​ ក៏​មាន​ហេតុ​ផល​ច្រើន​គួរ​ឱ្យ​សង្ស័យ​ ។ ព្រះ​រាជា​សោយ​ទិ​វង្គ​ត​បាន​២​ថ្ងៃ​ទើប​ប្រមូល​កម្លាំង​ចូល​ទៅ​អម​សព​ និង​រុំ​សព ពួក​អ្នក​មាន​ឈ្មោះ​ត្រូវ​ចូល​រួម​ធ្វើ​កិច្ច​ការ​នោះភ្ញាក់​​ស្ទើរ​ភ្លាត់​សំឡេង​គ្រប់​គ្នា​ ព្រោះ​ឃើញ​មុខ​សព​ខូច​ខ្ទេច​ស្ទើរ​មើល​មិន​ស្គាល​់​អ្នកណា​ជា​អ្នកណា ។ បន្ទាប់​មក​មឈូស​ត្រូវ​បិទ​គម្រប​ជា​ប់​រហូត​ពេញ​រយៈពេល​ប្រារព្ធ​ពិធី​គោរ​ព​ព្រះ​សព​​ចុង​ក្រោយ ​​​ហាម​បើក​ដាច់​ខាត ។ ព្រោះតែ​ដូច្នេះ ទើប​គេ​គិត​ថា​អ្វី​នៅ​ក្នុង​មឈូស​នោះ​គ្រាន់​តែ​ជា​«របស់​ជំនួស»​ ។ មិន​តែ​ប៉ុណ្ណោះ​ទាហាន​ម្នាក់​យាម​ព្រះ​រាជ​ដំណាក់​នៅ​ Tanganrog អះ​អា​ងថា អ្វី​ដែល​នៅ​ក្នុង​យប់​មួយ​មុន​​មាន​ព័ត៌​មាន​ឆោឡោ​ពី​ការ​សោយ​ទិវង្គ​ត​ដ៏​ប្រថុច​ញ៉ុច​របស់​ព្រះ​​ករុណា ​ខ្លួន​ឃើញ​បុរស​ម្នាក់​រូប​រាង​ដូច​ព្រះ​​ករុណា លោតចេញ​តាម​បង្អួច​រាជ​ដំណាក់ គេ​ច​ខ្លួន​យ៉ាង​រហ័ស​ចូល​ក្នុង​ស្រមោល​រាត្រី​ ។

ហេតុ​ផល​ទាំង​នេះ​ហើយ​ដែល​អ្នក​មិន​ជឿ​ថា​ព្រះ​​រាជា​ខ្លួន​សោយ​ទិវង្គត​នៅ​​តែ​មិន​ជឿ​ដដែល​​ ចង់​អ្នក​ណា​បញ្ចុះ​បញ្ចូល​ថា​ម៉េច​ក៏​អត់​​ខ្ចី​​ជឿ​​ រហូត​ដល់​មួយ​សត​វត្ស​ក្រោយ​គឺ​ឆ្នាំ​១៩២៥ ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​រឿង​នេះ គេ​សម្រេច​ចិត្ត​គាស់​ផ្នូរ​ស្តេច​​អាឡិច​សាន​ដឺ​ទី​១ មើល​ឱ្យ​ច្បាស់​ លុះ​គាស់​ផ្នូរ​បាន​ហើយ​នាំ​គ្នា​បើក​គម្រប​មឈូស​ចេញ​ស្រាប់​តែ​ឡឹង​ឡង់​គ្រប់​គ្នា​ ព្រោះ​មឈូស​ទទេ​ស្អាតគ្មាន​អ្វី​សោះ​ ។ ដល់​ពេល​នោះ​ទើប​គេ​ជឿថា​ការ​សោយ​ទិ​វង្គ​ត​របស់​ស្តេច​ត្សា​អាឡិច​សាន​ដឺទី​​១​កាល​មួយ​សត​វត្ស​មុន​គឺ​ឆ្នាំ​១៨២៥​ជា​ការ​រៀ​ប​ចំ​ឆាក​បំ​ភាន់​មហាជន​ពិត​​ប្រាកដ​មែន ។ ប៉ុន្តែ​ទោះ​ដូច្នេះ​ក៏​ដោយ​ក៏​នៅ​មាន​មនុស្ស​មួយ​ចំនួន​នៅ​តែ​មិន​អស់​ចិត្ត​ថា​ជា​ការ​រៀប​ឆាក​បំ​ភាន់មហា​ជន​ដដែល ។

ស្តេច​ត្សា​បង្ហាញ​ខ្លួន​រាប់​សិប​ឆ្នាំ​ក្រោយ​​ពី​សោយ​ទិវ​ង្គត ​
១០​ឆ្នាំ​ក្រោយ​ការ​បញ្ចុះ​សព​មហាក្សត្រ​អាឡិច​សាន​ដឺទី​១ ពាក្យ​ចចាម​អារ៉ាម​ស្តី​ពី​ស្តេច​ត្សា​​អង្គ​នេះ អត់​ទាន់​សោយ​ទិវង្គត​លេច​ឮកាន់​តែ​ខ្លាំង​​បន្ទាប់​ពី​គេ​ប្រទះ​ឃើញ​បុរស​ចំណាស់​ម្នាក់​ ឫក​ពា​ថ្លៃ​ថ្នូរ​គួរ​ឱ្យ​គោរ​ព ប្រាប់​ថា​ខ្លួន​ឈ្មោះ​ផ្យូដ័រ​គូស្មិច​ (Fyodor Kuzmich) មាន​រូប​រាង​ដូច​អាឡិច​សាន​ដឺទី១ ។ បុរស​ចំណាស់​នោះ​មិន​ត្រឹម​តែ​មាន​រូប​រាង​ដូច​ព្រះរាជា​ប៉ុណ្ណោះទេ ទម្លាប់​មួយ​ទៀត​ក៏​ដូច​គ្នា​ដែរ គឺ​ចូល​ចិត្ត​យក​មេ​ដៃ​ស៊ក​ចូលចន្លោះ​ខ្សែ​ក្រវាត់​រាល់​លើក​ឈរ​និយាយរឿង​អ្វី​មួយ រហូត​ដល់​ទាហាន​ចាស់​ម្នាក់​ឃើញ​ភ្លាម​លុត​ជង្គង់​ស្រែក​ឡើង​យ៉ាង​រំ​ភើប«​នេះ​ពិតជា​មហាក្សត្រ​ពួក​យើង​ហើយ ព្រះ​អង្គ​អត់ទាន់​​សោយ​​ទិវង្គត​ដូច​ពាក្យ​គេ​ថាទេ​» ។

ក្រោយ​មក​បុរស​ចំណាស់​ឈ្មោះ​ផ្យូដ័រ​គូស្មិច​ត្រូវ​និរទេស​ទៅ​តំបន់​ស៊ី​បេរី​ដោយ​ហេតុ​ប៉ូលិស​​ហៅ​សួរ​ដេញ​ដោល​ពី​អត្ត​សញ្ញា​ណ​ក្នុង​ខ្លួន ពុំ​មាន​អ្វី​បញ្ជាក់​បាន​។ ប៉ុន្តែ​ទោះ​ស្ថិត​​ក្នុង​ស្ថាន​ភាព​ជា​មនុស្ស​ត្រូវនិរទេស​ខ្លួន​ក៏​ដោយ​គាត់​អត់​បង្ហាញ​​អាការ​មិន​សប្បាយ​ចិត្ត​ ឬព្រួយ​បារម្ភ​អ្វី​ឡើយ ហាក់ដូច​គិត​ថា​បាន​ទៅ​តំបន់​ដាច់​ស្រាល​កាន់តែ​សប្បាយ​ទៅ​វិញ ​។ រស់​នៅ​ទឹក​ដី​តំបន់​ស៊ី​បេរី​មួយ​រយៈ​ គាត់​បាន​មនុស្ស​ជុំ​វិញ​ខ្លួន​កោត​សរសើរ​ និង​គោរព​គ្រប់​​គ្នា ព្រោះ​ការ​និយាយ​របស​់គាត់​​មាន​លក្ខណៈ​ជា​មនុស្ស​ចេះ​ដឹង​ខ្ពស់​​យល់​ច្បាស់​លាស់​ពី​បញ្ហា​នយោបាយ​ ក៏​ដូច​ជា​ការ​វិ​វឌ្ឍន៍របស់​ប្រទេសជាតិ​ និង​ពិភពលោក​ ។ គាត់​ចូល​ចិត្ត​សរសើរ​ការ​ងារ​លោក​មេសាសនា​​Mosc​ow Philarset សរសើ​រ​ស្នា​ដៃ​លោក​សេនា​​ប្រមុខ​ Kutuzow ក្នុង​ការ​ដង្ហែ​ស្តេ​​ច​អាឡិច​​​សាន​ដឺទី​១ វាយ​បំបាក់​អំនួត​ណាប៉ូ​ឡេ​អុង​ ធ្វើ​ឱ្យ​រុស្ស៊ី​មាន​កិត្តិ​យស​ខ្ពង់​ខ្ពស់​ ប្រទេស​អឺរ៉ុប​កោ​ត​សរ​សើរ​ទូទាំង​ទ្វីប ព្រម​ទាំង​និយាយ​ពី​ស្នាដៃ​មនុស្ស​សំខាន់​មួយ​ចំនួន​ទៀត​ជា​ជំនិត​ស្តេច​អាឡិច​សាន​ដឺទី​១ ។

រាល់​ការ​និយាយ​ស្តី​របស់​គាត់​តែ​ង​លើក​ឡើង​នូវ​ទឡ្ហីករណ៍​ច្បាស់​ៗ ដូច​គាត់​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ដែរ ។ យូរ​ៗម្តង​គេ​ឃើញ​មាន​​មនុស្ស​យក​ប្រាក់​កាស​ និង​អំណោយ​ផ្សេងៗ​​មកជូន​គាត់​ ដោយ​ប្រាប់​ថា​ជា​របស់​ស្ត្រី​ម្នាក់​ឈ្មោះ​ Masia ​Fedorovna ស្រដៀង​ៗ​ព្រះ​នាម​ព្រះ​មាតា​ស្តេច​ត្សា​អាឡិច​សាន​​ដឺទី​១ ។ ក្រៅ​ពី​នេះ នារី​កូន​កំព្រា​ដែល​ផ្យូដ័រ​គូស្មិច​ចិញ្ចើម​បី​បាច់​មាន​មុខ​មាត់រូប​​រាង​ដូច​កូន​ស្រី​អត់​ខាន់​ស្លា​របស់​ស្តេច​អាឡិច​សានដឺ​ទី​១ ជា​មួយ​ស្រី​កំណាន់​ក្រៅ​វាំង​ម្នាក់។ ពេល​មាន​អ្នក​ណា​សម្តែង​បំណង​ចង់​បាន​រាង​នោះ​ធ្វើ​កូន​ប្រសា​ខ្លួន​គាត់​តែង​បដិសេធ​ហើយ​គាត់​ឧស្សាហ៍​ប្រាប់​កូ​ន​ស្រី​ចិញ្ចើម​​រូប​នោះ​ថា កូន​មាន​ឈាម​ជ័រ​អត្ត​ភាព​ខ្ពង់​ខ្ពស់​គ្រួសារ​​របស់​កូន​ត្រូវ​តែ​ជា​អ្នក​មាន​មហា​ស័ក្តិ​ខ្ពស់​ក្នុង​ជួរ​កង​ទ័ព​​​ ។

ជីវិត​កូន​អនាគត​ទៅ​ត្រូវ​តែមាន​សេចក្តី​សុខ មិន​អាច​ជា​ជីវិត​តោក​យ៉ាក​រហេម​រហាម​ទេ ។ ក្រោយ​មក​អ្វី​ៗ​​ដូច​ការ​លើកឡើង​របស់គាត់​មែន នាង​ក្រ​មុំ​ម្នាក់​នោះ​បាន​គាត់​ណែ​នាំ​ឱ្យ​ស្គាល់​និង​រាប់​អាន​គ្នា​ជាមួយ​គ្រួសារ​អភិជន​មួយចំនួន នាង​ថែម​ទាំង​បាន​ស្គាល់​រាប់​អាន​គ្នា​ជា​មួយ​ស្តេច​រុស្ស៊ី​កំពុង​សោយ​រាជ្យ​ទៀតផង ។ ផ្យូដ័រ​គូស្មិច​អនិច្ច​កម្ម​ថ្ងៃ​ទី​២១ មេសា ១៨៦៤ ក្រោ​យ​ការ​សោយ​ទិវង្គត​ដ៏​ចម្រូង​ចម្រាស​​​​​របស់​ស្តេច​អាឡិច​សានដឺ​ទី​១ ចំនួន​៣៩​ឆ្នាំ ។ ផ្ទាំង​សិលា​​​លើ​ក្បាល​ផ្នូរ​គាត់ គេ​ឆ្លាក់​អក្សរ​ធំ​ៗ​ ដាក់​ថា «ទី​សម្រាក​តាម​ការ​ជ្រើស​របស់​ព្រះ​ជា​ម្ចាស់​ផ្យូជ័រ​គូស្មិច» ។ ដំណឹង​ផ្យូដ័រ​គូស្មិច​អស់​ជីវិត លោក​វេជ្ជ​បណ្ឌិត​មួយរូប​ដែល​ធ្លាប់​ព្យា បាល​ថ្វាយ​អាឡិច​សាន​ដឺទី​១ ឮភ្លាម​ហូរ​ទឹក​ភ្នែក​បន្លឺសំឡេង​អួល​ដើមក «​ព្រះ​រាជា​សោយ​ទិ​វង្គ​ត​ហើយ!» ។ លោក​វេជ្ជ​បណ្ឌិត​រូប​នេះ​មិន​ដែល​ចូលរួម​ក្នុង​ពិធី​បុណ្យ​រំ​លឹក​វិញ្ញាណក្ខន្ធ​​ស្តេច​អាឡិច​សាន​ដឺទី១ ម្តង​ណាឡើយ តែសម្រាប់​ថ្ងៃ​អស់​ជិវិត​របស់​ផ្យូជ័រ​គូស្មិច​គាត់​ប្រារព្ធ​ម្នាក់​ឯង​យ៉ាង​ទៀង​ទាត់ ។

ក្រោយ​មាន​ព័ត៌មាន​ពី​ការ​ស្លាប់​របស់​ផ្យូដ័រ​គូស្មិច​រឿង​រ៉ាវ​ស្តេច​អាឡិច​សាន​ដឺ​ទី​១ ផ្ទុះ​ការ​ជជែក​គ្នា​គិលជា​ថ្មី​ម្តង​ទៀត ​ពេល​ពួក​អ្នក​មិន​អស់​មិន​ហើយ​ក្នុង​ចិត្ត​តាំង​សំណួរ​ថា​បើ​ព្រះ​ករុណា​អាឡិច​សាន​ដឺទី​១ រៀប​ចំ​ឆាក​សោយ​ទិវង្គ​ត ដើម្បី​សម្រេច​បំណង​ជ្រើស​រើសជីវិត​​ផ្សង​ព្រេង​មែន ហេតុ​អ្វី​មុន​ចេញ​ទៅ​មិន​សម្រេច​ចិត្ត​ជ្រើស​រើ​សអ្នក​ស្នង​រាជ​សម្បត្តិ​ឱ្យហើយ​​? ម្យ៉ាង​ទៀត ដើម្បី​ឱ្យ​រៀប​ឆាក​នេះ​ទទួល​ជោគជ័យ​ លុះ​ត្រា​មាន​មនុស្ស​​ច្រើន​គាំ​ទ្រ​ពិសេស​ព្រះ​មហេសី​ប៉ុន្តែ​លិខិត​ផ្ញើ​ជូន​មនុស្ស​ជំនិត​ៗ​បន្ទាប់​ពី​ធ្លាក់​ក្នុង​ស្ថានភាព​ស្រី​មេម៉ាយ ព្រះ​មហេសី​សម្តែង​ចេញ​នូវការ​ឈឺ​ចាប់​ពិតៗ​ដូច​ត្រូវ​ព្រះ​ស្វា​មី​សោយទិ​​វង្គត​​ចោល​ពិត​មែន ​បន្ទាប់មក​​ក៏​រស់​នៅ​ក្នុង​ស្ថាន​ភាព​​ទុក្ខសោក​នេះរៀង​​​រហូត​ តើ​ព្រះ​​ម​ហេ​សី​​ពូកែ​ទ្រ​ឈឺ​​ចាប់​​យ៉ាង​ហ្នឹងឬ ? ​ពេល​បរិយា​កាស​​​ក្នុង​ប្រ​ទេស​រុស្ស៊ី​​ជ្រួល​ជ្រើម​​​​ជា​ថ្មី​បន្ទាប់​ពី​​​ផ្យូដ័រ គូ​ស្មិច​​អស់​ជី​វិត ​ស្រាប់​តែ​លេចមុខ​ព្រះ​​អង្គម្ចាស់​មួយ​​អង្គ​​ចេញ​មក​​​បក​ស្រាយ​ ។ ​

ព្រះ​អង្គ​​​ម្ចាស់អង្គ​នោះ​​ព្រះនាម Nicolas Mikhailovich ​ត្រូវ​ជា​ក្មួយ​​ស្តេច​​​ត្សា​​អាឡិច​សាន​ដឺ​​ទី​១ ។ ​ទ្រង់​មាន​បន្ទូល​ថាអាឡិច​​សាន​ដឺ​ទី​១ សោយ​ទិវង្គត​ឆ្នាំ​១៨​២៥ ពិត​ប្រា​ក​ដ​​មែន។ដំ​បូង​ទ្រង់​ក៏​​សង្ស័យ​​​​ការ​រៀប​ចំ​ឆាក​​ដូច​មនុស្ស​​​ភាគ​ច្រើន​​ដែរ ប៉ុន្តែ​ក្រោយ​​ចំណាយ​ពេល​​រាប់​សិប​ឆ្នាំ​ស្រាវ​ជ្រាវ​​​​​ឯក​សារ​ទាំង​អស់​​​​​រក​ឃើញ​​​ថា មិន​មែន​រៀប​​​ឆាក​​​ទេ ​វា​ជា​រឿង​ពិត​ ។ ចុះ​វត្ត​មាន​​ផ្យូ​ដ័រ គូ​ស្មិច នោះ​​បក​​ស្រាយ​យ៉ាង​​​ណា? តាម​ពិត​​ផ្យូ​​ដ័រ គូ​ស្មិច​ ជា​បង​ប្រុស​​រួម​​ឪពុក​ខុស​ម្តាយ​​របស់​​អា​ឡិច​សាន​ដឺ​ទី​១ ​ជា​​បុត្រ​ស្តេច​​ប៉ា​​វែល​ទី​១ ជា​មួយ​ស្រី​​ក្រៅ​វាំាំង​​​​ម្នាក់ ។

អ្វី​​​ៗ​​បើ​កុំ​មាន​ព្រះ​អង្គ​ម្ចាស់​ Nicolas Mikhailovich ​ចេញ​មុខ​​អះ​អាង​​​ដូច្នេះ​​ បរិយា​កាស​​ប្រ​ហែល​មិន​តឹង​តែង​​ហួស​​ពេក​ទេ តែ​លុះ​មាន​ការ​​​បញ្ជាក់​​អ៊ីចឹង​​ស្រាប់តែ​អ្វី​ៗ​គ្រប់​យ៉ាង​​រឹត​វិល​វល់​ខ្លាំង​​​ថែម​ទៀត ​​នៅ​​ទី​ណា​​ក៏​មានការ​​​​ជជែក​គ្នា​​មិន​អស់​មិន​ហើយ រហូត​ដល់​ឆ្នាំ​១៩២៥ គាស់​ផ្នូរ​​ឃើញ​​​ម​ឈូ​ស​​​​​ទទេ​ស្អាត ទើប​ភាព​មិន​អស់​មិន​ហើយ​​របស់​ប្រ​ជា​ជន​​សូវៀត​​ជុំ​វិញ​អាថ៌កំបាំង​​ស្តេច​អា​ឡិច​​សាន់​ដឺ​ទី​១​ ស្ងប់​ស្ងាត់​​វិញ​ច្រើន។ ប៉ុន្តែ​ទោះ​ដូច្នេះ​ក្តី​កា​រងឿង​ឆ្ងល់​ជុំ​វិញ​​រឿង​រ៉ាវ​​​របស់​ស្តេច​​ដ៏​ពូ​កែ​​អង្គ​​នេះ នៅ​តែមាន​រហូត​​​ដល់​​សព្វ​ថ្ងៃ ។

ការ​សង្ស័យ​​ពី​សេ្នហា​​ច្រាស​​​ស្រ​កី​ជា​មួយ​ប្អូនស្រី​បង្កើត
​អា​ឡិច​​សាន​ដឺ​ទី​១ បាន​ព្រះ​ម​ហា​ក្សត្រិយា​នី Ekaterena ​ជាវ​នី​តូន រៀប​​អភិ​សេក​​​ឱ្យ​មាន​អគ្គ​​​ម​ហេសី​​​តាំង​ពី​​ព្រះ​ជន្ម​១៦​វស្សា ខណៈ​​កូន​ក្រ​មុំ​​​ព្រះ​ជន្ម​១៤​វស្សា ជា​រាជ​បុត្រី សេ្តច​​នគរ​ Bazen។ ជា​ដំណាក់​កាល​ដំ​បូង​​ស្តេច​​ត្សា​​អង្គ​នេះ​ល្បី​ខាង​មាន​ស្នេហា​ពាស​វាល​​ជា​មួយ​​ស្រី​ក្នុង​​វាំង​ផង​​ ក្រៅវាំង​ផង​ ​ឱ្យ​​តែ​ស្អាត​​ទទួល​​ក្រ​សោប​ទាំង​អស់ រហូត​ក្រោយ​​មក​ត្រូវ​គេ​​សង្ស័យ​​លួច​លាក់​មាន​ទំនាក់​ទំនង​ស្នេហា​​​​ជា​មួយ​​ប្អូន​ស្រី​​បង្កើត Ekaterina ​ដែល​ជា​​រាជ​ធី​តា​មួយ​​អង្គ​មាន​​សម្រស់​​ផូរ​ផង់ដូច​កញ្ញា​ឋាន​សួ​គ៌ ។ មូល​ដ្ឋាន​​នៃ​ការ​សង្ស័យ​​គឺ​ភាព​ស្និ​ទ្ធ​ស្នាល​​​គ្នា​ហួស​ប្រ​មាណ​លើស​​ពី​ភាពស្និទ្ធ​ស្នាល​នៃ​មនោ​សញ្ចេត​នា​​បង​ប្អូន​បង្កើត​ យប់​ឡើង​​សា​សង​​គ្នា ប្រ​ឡែង​គ្នា​​កក្អឹក​​ស្ទើ​​រ​រាល់​​ៗ​ភ្លឺ, ​នៅ​ក្នុងវាំង​ឃើញ​គ្នា​រាល់​ថ្ងៃ​នៅ​តែ​សរសេរ​សំបុត្រ​ឱ្យ​គ្នា​រាល់​ថ្ងៃ​ទៀត​ ​បើ​មាន​ការ​​​ត្រូវ​បែក​​គ្នា​៣​-៤ថ្ងៃ ផ្ញើ​​​សំ​បុត្រ​​ទៅ​មក​​រឹ​ត​តែ​ច្រើន​​ ដែល​សុទ្ធ​សឹង​​ជា​សំ​បុត្រ​​ផ្ទុកទឹក​ដ​ម​ស្នេហា​​យ៉ាង​ជ្រាល​ជ្រៅ​​ មិន​មែន​​សំបុត្រ​ធម្ម​តា​​​រវាង​បង​ប្អូន​ឡើយ ។

ត​ទៅ​នេះ​ជា​ខ្លឹម​សារ​ក្នុង​សំបុត្រ​មួយ​ច្បាប់​របស់​​ស្តេច​​ត្សា​ផ្ញើ​ឱ្យ​ប្អូន​ស្រី​​ «​នារីជា​ទី​ស្នេហា​​ដ៏ជ្រា​ល​ជ្រៅ​​ក្នុង​ដួង​ចិត្ត​បង! ​ទេព​ធីតា​​ស្នេ​ហា​ក្នុង​ដួង​ចិត្ត​បង​! អូន​ពិតជា​​ពណ៌​ត្រ​ចះ​ត្រ​ចង់​របស់​​​សត​វត្ស ។ ជា​វត្ថុ​ដ៏​សែន​អស្ចារ្យ​ក្នុង​ពិ​ភព​ធម្ម​ជាតិ…» «​ច្រ​មុះ​ដ៏​ច្រ​ឡឹង​សែន​សម​​​សួន​អើយ! នារី​ដែល​បង​ស្រ​ឡាញ់​បំផុត​​​អើយ​! អូន​កំពុង​ធ្វើ​អី​ហ្នឹង​? បង​ចង់​​ផ្អឹប​បបូរ​មាត់​ថើប​ស្រូប​ពិ​ដោរ​ច្រ​មុះ​​ច្រ​ឡឹង​​របស់​អូន…» ។ «​បង​កំពុង​ឆ្កួត​​វង្វេង​​ដោយ​សារ​អូន…» ។ «​បង​ស្រ​ឡាញ់​អូន​ស្ទើរ​ឆ្កួត​ទៅ​ហើយ​បង​​អរ​ស្ទើរ​ឡប់​ស្មារតី​​​រាល់​ពេល​ឃើញ​មុខ​អូន ។ បង​ប្រៀប​បាន​មនុស្ស​ម្នាក់​​​ត្រេច​ចរ​ពេញ​ពិ​ភព​​ផែន​ដី ដើម្បី​បានស្ថិត​ក្នុង​រង្វង់​ដៃ​អូន​ឱ្យ​ចិត្ត​ធូរ​ស្រាល​បន្តិច​…» ។

ទាំង​នេះ​ជា​ខ្លឹម​សារ​​​ចោះ​ៗ​ដក​ស្រង់​​ចេញ​ពី​សំបុត្រ​​​មួយ​​ច្បាប់ ។ តើ​​ការ​​​ថ្លា​ថ្លែង​​បែប​នេះ ដូច​​សម្តី​បង​​​​ប្រុស​ម្នាក់​និយាយ​ទៅ​កាន់​ប្អូនស្រី​ខ្លួន​​ទេ ? ឆ្នាំ​១៨០៨ ​ពេល​ស្តេច​​​ណា​ប៉ូ​ឡេ​អុង​របស់​ប្រ​ទេស​បារាំង​​ស្នើ​សុំ​​ដណ្តឹង​ព្រះ​នាង Ekaterina ​ស្តេច​ត្សា​​អា​ឡិច​​សាន​ដឺ​ទី១ មាន​អា​កប្ប​ករិយា​​​​រសាប់​រសល់​​​ពិ​បាក​​​​ព្រះ​ទ័យ​​​មែន​ទែន ទ្រង់​រក​​គ្រប់​មធ្យោ​បាយ​​​រា​រាំង​​​ដោយ​ឆ្លើយ​តប​​​ថា មាន​តែ​​មាតា​​​បង្កើត​ប៉ុណ្ណោះ​ទើបមានសិទ្ធិ​​ទុក​ដាក់​កូន​ស្រី​រូបនេះ ។ ព្រោះ​តែ​​ដូច្នេះ​​ ទើប​ព្រះ​មហា​ក្សត្រ​យានី​​​មា​តា​របស់​​ទ្រង់ ទាម​ទារ​លក្ខ​ខណ្ឌ​​តឹង​តែង​​បំផុត​ជា​មួយ​​ណា​​ប៉ូ​ឡេ​អុង ល្មម​តែ​​​ណា​ប៉ូ​ឡេ​អុង​ទៅ​លែង​រួច​​​ ព្រោះ​​ដឹង​ថា គេ​មិន​​​​ត្រូវ​ការ​​រូប​​​ខ្លួន​ភ្ជាប់​​​សាច់​ឈាម​ជា​មួយ​គេ ។

​ទោះ​បី​​ដូច្នេះ​​ក្តី​ ​ស្តេច​​ត្សា​អា​ឡិច​​សាន​ដឺ​​ទី​១ នៅ​តែ​បារម្ភ​​ខ្លាច​ស្តេច​​បា​រាំង​​រូប​នេះ ក្រាញ​ននៀល​​សុំ​ចូល​ណ្តឹង​ប្អូន​ស្រី​​​ម្តង​ទៀត ទ្រង់​ក៏​លើក​នាង​រៀប​​ការ​ឱ្យ​​អភិជន​រុស្ស៊ី​​​សាមញ្ញ​ម្នាក់ ។ ប៉ុន្តែ​​​អភិជន​​រូប​នោះ​​អភ័ព្វ​មែនទែន បាន​ធ្វើ​ប្តី​កូន​​ស្រី​ស្តេច​​​៣​ឆ្នាំ​ ក៏​អស់​ជីវិត ធ្វើ​ឱ្យ​បង​ប្អូន​​ស្តេច​ត្សា​​​អា​ឡិច​​​សាន់ដឺ​ទី​១ មាន​ឱ​កាស​​សិ្នទ្ធ​ស្នាល​​​គ្នា​ដូច​​មុន​ដដែល ។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ វា​ក៏​ជា​រឿង​រ៉ាវ​​ឯទៀត​ក្នុង​​​​វាំង​ដែរ ស្នេ​ហា​ច្រាសស្រ​កី​នេះ​កើត​ឡើង​ពិត​ដូច​ការ​សង្ស័យ​មែន​​ ឬ​មិន​មែន​នៅ​តែ​ជា​ប្រ​វត្តិសាស្ត្រ​​​​អាថ៌កំ​បាំង​រហូត​​ដល់​សព្វ​ថ្ងៃ ៕

 

ទីផ្សារងងឹតទិញ-លក់​គ្រឿង​ក្នុង​មនុស្ស​ តើអមនុស្ស​ធម៌​ឬ​សង្គ្រោះ​ជីវិតមនុស្ស?


មិន​លក់បាន​អី​សង​បំណុល !
ស្នាមវះរាងបញ្ឆិត ​ឡើង​របស់មេសឌី​ ហាសាន់​ (Mehdi Hassan) អាយុ​២៣​ឆ្នាំ​ចាប់​​ពី​ចុង​កណ្តៀត​ក្អម​ដល់​ចំណុច​មួយ​ក្រោម​ទ្រូង​ នៅ​តែ​បង្ក​ការ​ឈឺ​ផ្សារាល់​ថ្ងៃ​ បន្ទាប់​ពី​វះ​កាត់​នៅ​រដ្ឋ​ធានី​ដាកា​ កាលពី​៥ខែ​មុន​ ។​ មេខ្យល់​ម្នាក់​សន្យា​ទិញ​យក​ថ្លើម​ចំនួន​២​ភាគ​៣​ របស់​មេសឌី​ហាសាន់​ ក្នុង​តម្លៃ​៣០០.០០០​តាកា​(រូបិយប័ណ្ណ​បង់​ក្លា​ដេស​ ប្រហាក់​ប្រហែល​ ៣.៩៦០ ដុល្លារ អាមេរិក)​ ។

នៅ​ភូមិ​ក្រី​ក្រ​បា​ម៉ុន​ក្រាម​ ដែល​មេសឌី​ ហាសាន់​ រស់​នៅ​នាភាគ​ខាង​ជើង​ប្រទេស​បង់​ក្លា​ដេស​ ប្រាក់​៣០០.០០០តាកា​ជា​ចំនួន​ច្រើន​គួរ​សម​ ។ ប៉ុន្តែ​មេ​ខ្យល់​រូប​នោះអត់បង្ហាញ​ខ្លួន​ក្រោយ​ពេល​មេសឌី​ ហាសាន់​ វះ​កាត់​អស់​រយៈ​ពេល​១០ម៉ោងទេ ធ្វើឱ្យេមសឌី​ ហាសាន់​ អស់​សង្ឃឹម​ព្រោះ​ជាប់​កុន​នៅ​រដ្ឋ​ធានី​ដាកា​ជា​មួយ​ការ​ចុកខ្ទោក​ៗ​ត្រង់​ ចន្លោះ​ពោះ​និង​ទ្រូ​ង ។​ បុរស​កំសត់​ស្រក់​ទឹក​ភ្នែក​ត្អូញ​ត្អែ​រ​ពី​ការ​ក្បត់​ពាក្យ​សន្យា​របស់​មេ ​ខ្យល់​ដោយ​គេ​អត់​បាន​ផ្តល់​ឱ្យ​ខ្លួន​សូម្បី​មួយ​សេន​ ។ ​ប៉ុន្តែ​ទី​បំផុត​បុរស​កសិករ​ដែល​ចិញ្ចឹម​ជី​វិត​ដោយ​សារ​របរ​ស៊ី​ឈ្នួល​ ដាំ​ដុះ​ឱ្យ​គេ​ខួប​ប្រាំ​ង​-វស្សា​រូប​នេះ​ បាន​អ្នក​ជំងឺ​ម្នាក់​ទិញ​យក​ទៅវិញ​នូវ​ចំណែក​ថ្លើម​ដែល​វះ​េចញ​រួច​នោះ​ ក្នុង​តម្លៃ​ដែល​ហៅថា “ប៉ះ​ប៉ូវ​” ប្រមាណ​១៤៥.០០០​តាកា​ ។ ចំនួន​ប្រាក់​ប៉ុណ្ណឹងមិន​ជួយ​អ្វី​បាន​ច្រើន​ទេ​សម្រាប់​មេស​ឌី​ ហាសាន់​,​លើស​ពី​នេះ​ខ្លួន​ត្រូវ​ទទួល​ផល​វិ​បាក​ចុកចាប់​និង​បាត់​បង់​ សមត្ថ​ភាព​ពល​កម្ម​ចិញ្ចឹម​ជីវិត​ទៀត​ផង​។

នៅ​ប្រទេស​បង់​ក្លា​ដេស​ ការ​ជួញ​ដូរ​គ្រឿង​ក្នុង​មនុស្ស​ត្រូវ​បាន​ចាត់​ទុក​ជា​អា​ជីវកម្ម​ខុស​​ ច្បាប់​តែ​កាក់​កប​ខ្លាំង​ ។ មួយ​ឆ្នាំ​ៗមាន​មនុស្ស​រាប់​រយ​នាក់​លក់​សរី​រាង្គ​ខ្លួន​នៅ​ទី​ផ្សារងងឹត​ ឱ្យពួក​មេ​ខ្យល់​ជាមួយក្តី​សង្ឃឹមរំដោះ​ខ្លួន​ពីការ​អត់​ឃ្លាន​បាន​មួយ​ ផ្នែក​ ដឹងអី​ទី​បំ​ផុត​ជី​វិត​មិន​ត្រឹម​តែអត់​ប្រែ​ប្រួល​ប៉ុណ្ណោះ​ថែម​ទាំង​មាន​ ជំងឺ​ពិបាក​ព្យាបាល​ច្រើន​បែប​ទៀត​ផង​។​ អាជីវកម្ម​អមនុស្ស​ធម៌​នេះ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ទូលំទូលាយ​តាម​ប្រព័ន្ធ ឃោសនានាខែ​សីហា​ ២០១១ នេះ​បន្ទាប់​ពី​ប៉ូលិស​បង់​ក្លា​ដេស​ក្តោប​បាន​បណ្តាញ​មួយ​នៅ​ចយ​បឺុ​ហាត​ (Joypashat) ភាគខាង​ជើង​​ប្រ​ទេស​បង់​ក្លា​ដេស​ ដែ​ល​ជា​បណ្តាញ​អាជីវកម្ម​ទិញ​-លក់​គ្រឿង​ក្នុង​មនុស្ស​ ។

ក្រោយ​ចាប់​បាន​ពួក​មេខ្យល់​មួយ​ចំនួន
​ ប៉ូលិស​ស​រក​ឃើញ​ថា​ គ្រាន់​តែ​នៅ​ចយ​ប៉ឺហាត​តែ​មួយ​ ដោយ​មិន​រាប់​តំ​បន់​ផ្សេង​ៗ​នៅ​ក្បែរ​គ្នា​ផង ​មាន​អ្នក​លក់​ក្រលៀន​ចំនួន​៤៣​នាក់​ ។​ អ្នក​យក​ព័ត៌​មាន​ឱ្យទូរទស្សន៍​មួយ​រូប​ដែល​តាម​ដាន​ហេតុ​ការណ៍​នេះ​យ៉​ាង​ យក​ចិត្ត​ទុក​ដាក់​បាន​ឱ្យ​ដឹង​ថា​ អ្នក​សុខ​ចិត្ត​ឡើង​តុ​វះ​កាត់​លក់​គ្រឿង​ក្នុង​ឱ្យ​គេ​ភាគ​ច្រើន​ជា​មនុស្ស ​អស់​សង្ឃឹម​ក្នុង​ជីវិត​ព្រោះ​កាន់​តែ​លិច​ជ្រៅ​ទៅ​ៗ​ក្នុង​បំណុល​របស់​ពួក ​ឱ្យ​ខ្ចី​ប្រាក់​យក​ការ​ខ្ពស់​នៅតាម​ជន​បទ​។

នាង​សេលី​ណា​ អាក់​តឺ​ ( Selina Akter) អាយុ​២៥​ឆ្នាំ​ ប្រកប​រប​រដាំ​បន្លែ​លក់​នៅ​ភូមិ​បេ
រ៉ិនឌី ​ សុខ​ចិត្ត​លក់​ក្រ​លៀន​យក​ប្រាក់​សង​រំលស់​បំ​ណុល​គ្រួសារ​ ដែល​ជំ​ពាក់​គេ​ឡើង​ដល់​៤០០.០០០​តាកា​។ ​ក្រលៀ​ន​នោះ​លក់​បាន​តែ​២២០.០០០តាកា​ប៉ុណ្ណោះ​។ ​មនុស្ស​៣នាក់​ទៀត​ក្នុង​គ្រួសារ​នាង​គឺ​ប្តី​នាង​ ឳពុក​ក្មេក​ និង​ប្អូន​ថ្លៃ​ប្រុស​នាង​ក៏​ស្ម័គ្រ​ចិត្ត​លក់​ក្រលៀ​ន​រៀង​ខ្លួន​ ដើម្បី​រួម​គ្នាសង្គ្រោះគ្រួសារ​ ។

លោក​ហ្វាសលុល ការីម​ មេ​ប៉ូលិស​ដឹកនាំ​ប្រតិបត្តិការ​ស៊ើប​អង្កេត​ស្រាវជ្រាវ​ រក​បណ្តាញ​ជួញ​ដូរ​គ្រឿងក្នុង​មនុស្ស​នៅ​ចយ​ប៉ឺហាត​បាន​ឱ្យ​ដឹង​ថា​ ពួក​ជន​ពាល​ធ្វើ​សកម្ម​ភាព​ក្រោម​ការ​ចាត់​ចែង​របស់​បុរស​ម្នាក់​ឈ្មោះ​អាប់ ​ឌុស​ សាតា (Abdus Sathar) ​នៅ​ក្នុង​មូល​ដ្ឋាន​តែ​ម្តង​។ ​ឆ្នាំ​២០០៥​ អាប់​ឌុស​សាតា​ ជា​បុគ្គលិក​រោង​ចក្រ​កាត់​ដេរ​មួយ​។​ កាល​នោះ​វា​ក្រ​ពេក​ជំ​ពាក់​បំ​ណុល​វ័ណ្ឌ​.ក​ក៏​លក់​ក្រ​លៀន​ខ្លួន​ឱ្យ​អ្នក ​ជំងឺ​ម្នាក់​។​ បន្ទាប់​ពីលក់​ក្រ​លៀន​រួច​ស្រាប់​តែ​វា​មើល​ឃើញ​ឳកាស​រក​ប្រាក់​បាន​ស្រួល​ ពី​របរ​ទិញ​លក់​គ្រឿង​ក្នុង​មនុស្ស​ក៏ឈប់​ធ្វើ​ការ​រោង​ចក្រ​ត្រ​ឡប់​មក​ចយ​ ប៉ឺហាត​ដើរ​បញ្ចុះបញ្ចូល​អ្នក​ក្រី​ក្រ​ឯ​ទៀត​ឱ្យលក់គ្រឿងក្នុងណា​មួយ​ ដើម្បី​មាន​ប្រាក់​ដោះ​បំណុលគេ​ ​។ ដំបូង​វា​រក​ស៊ី​ម្នាក់​ឯង​បន្ទាប់​មក​បង្កើត​បណ្តាញ​ផ្ទាល់​ខ្លួន​ពង្រីក​ ការ​ទាក់​ម៉ូយ​កាន់​តែ​ទូលំ​ទូលាយ​ទៅ​ដល់​តំបន់​ផ្សេង​ទៀត​។

លោក​ហ្វាស​លុល​ ការីម​និយាយ​ថា ពួក​ជន​ពាល​ទាំង​នោះ​បន្ទាប់​ពី​បញ្ចុះ​បញ្ចូល​បាន​អ្នក​ណា​ម្នាក់​ វា​នាំ​គេ​ទៅ​រដ្ឋ​ធានី​ដាកា​ ដើម្បី​អនុវត្ត​ការ​ពិសោធ​ចាំបាច់​មួយងចំនួន​​ រួច​ហើយ​រួម​ដៃ​ជាមួយ​បុគ្គ​លិក​ពេ​ទ្យ​ធ្វើ​សំបុត្រ​ស្នាម​ក្លែង​ក្លាយ​ បង្កើត​ទំនាក់​ទំនង​ស្របច្បាប់​រវាង​អ្នក​ជំងឺ​និង​អ្នក​យល់​ព្រម​ផ្តល់​ គ្រឿង​ក្នុង​ ព្រោះ​តាម​ច្បាប់​បង់​ក្លាដេស​ មាន​តែ​សមាជិក​ក្នុង​គ្រួសារ​ទេ ​​​​​​ទើប​អាច​ផ្តល់​គ្រឿង​ក្នុង​របស់​ខ្លួន​បាន​។

នៅ​ការិយាល័យ​ប៉ូលិស​តំបន់​ចយ​បឺុហាត​លោក​ហ្វាសលុល​ ការីម​ បង្ហាញ​សំបុត្រ​ស្នាម​ដែល​គេ​ត្រូវ​រ៉ូវ​គ្នា​ធ្វើ​ឱ្យ​មេសឌី​ ហាសាន់​ ទៅ​វះ​កាត់​ថ្លើម​នៅ​រដ្ឋធានី​ដាកា ។ ​តាម​សំបុត្រ​​ស្នាម​ក្លែង​ក្លាយ​នោះ​ មេសឌី​ ហាសាន់​ ជា​ចៅប្រុស​របស់​អ្នក​ជំងឺ​ទីមួយ​ លុះ​អត់់​ឃើញ​អ្នក​ជំងឺ​មក​ទទួល​យក​ថ្លើម​២ភាគ​៣​ដែល​វះ​កាត់​រួច​គេ​ធ្វើ​ សំបុត្រ​ស្នាម​ក្លែង​ក្លាយ​មួយ​ទៀត​បញ្ជាក់​ថា​ មេសឌី​ ហាសាន់​ជាកូន​ប្រុស​អ្នក​ជំងឺ​ទី​ពីរ​ ​គឺអ្នក​យល់​ព្រម​ទិញ​យក​ថ្លើម​វះ​កាត់​រួច​នោះ​វិញ​ក្នុង​តម្លៃ​”ប៉ះប៉ូវ” ១៤៥.០០០តាកា ។


មេសឌី ហាសាន់ និង​ស្នាមវះ​លក់ថ្លើម​មួយ​​ផ្នែក

 

ស្ត្រីដែល​​​​នៅ​ជិត​​​​ស្និទ្ធ​និយាយថា​​​​សត្រូវ​​​ធំបំផុត​​​របស់កាដាហ្វី​​​គឺប្រេង​


ក្នុង​​​ការ​ផ្តល់​​សម្ភាសន៍​​ដល់​​​កាសែត​ថ្មីៗ​​នេះ ​ គិលានុបដ្ឋាយិកា​​  Oksana Balynskaya នៅ​​​អ៊ុយ​ក្រែន​​ ​ដែល​​ធ្លាប់ធ្វើ​​ការ​៣​ឆ្នាំនៅ​​ទីក្រុង​​​ទ្រីប៉ូលី​ ក្បែរ​​​មេដឹកនាំ​​​កាដាហ្វី​​ បានអះអាង​​​ថា អ្នក​​​ធ្វើការ​​​​ក្បែរ​​កាដាហ្វី​​​​ សុទ្ធ​តែ​​​ចូលចិត្ត​​​កាដាហ្វី​​ ខ្លះ​​ហៅកាដាហ្វី​​«​​​លោក​​​ពូ» «​​លោក​​​អ៊ំ»​ យ៉ាង​​​​ស្និទ្ធស្នាល​​ធម្មតា​ ។

តាម​ការ​​​លើក​​ឡើង​របស់​នាង​​​Oksana Balynskaya ​រយៈ​​ពេល​​កោលាហល​​ នៅ​​​ប្រទេស​​​​លីប៊ី​​ គ្រួសារ​​​នាង​​​ទាំងមូល​​​​បើក​ទូរទស្សន៍​​​​តាមដាន​​​ជាប់​​រហូត ។

«​​​ខ្ញុំ​ស្មាន​​​មិន​ដល់​​​​សោះ​​ថា ម​នុស្ស​​​អស្ចារ្យ​​​ដូច​​​​កាដាហ្វី​​​អនិច្ចកម្ម​​គួរឱ្យ​អាណោចអាធ័ម​​​​ បែប  នេះ​​។ ​​គាត់​​​ធ្លាប់​​និយាយ​ញឹក​ញាប់​​ប្រាប់​​ពួក​ខ្ញុំ​​ថា​​ ទោះមាន​​រឿង​អ្វី​​កើត​​​ឡើង​​ក៏ដោយ​ គាត់​​មិន​​រត់​​​​ចោល​​​ប្រជាជន​​​គាត់​​ដាច់​ខាត។គាត់​នឹង​នៅ​ជាមួយ​​​​ ប្រជាជន​​​គាត់​​រហូត​ដំណាក់កាល​​​ចុង​ក្រោយ​។  ប្រហែល​គាត់​មាន​អារម្មណ៍​​​ពិភាល់​ឃើញ​​​​មុន​​ថា រឿង​​​​អាក្រក់​​នឹង​កើត​​​មាន​ក្នុង​​​ពេល​ណា​​មួយ​​ ទើប​​​គាត់​និយាយអ៊ីចឹង​​ ។ ​អ៊ំកាដាហ្វី​​​ជា​​មនុស្ស​​​​​​សង់​ស៊ីប (Sensible) ណាស់​​ ។ ​ខ្ញុំ សម្គាល់​​​ឃើញ​​​​ប្រការ​​នេះ​​ពេល​​គាត់​សម្រេច​​​ចុចឈ្មោះ​​​ជ្រើស​​​​ មនុស្ស​​​ពីទីក្រុង​​គៀវ ប្រទេស​​អ៊ុយ​ក្រែន  ទៅ​ធ្វើ​​គិលានុបដ្ឋាយិកា​​របស់គាត់​​នៅលីប៊ី​។  សាក​គិត​​ទៅ​មើល​​ ពួក​ខ្ញុំ​​មានគ្នា​៦​នាក់​​​​​សម្រាប់​​ឱ្យ​គាត់​​​​ជ្រើស​​រើស។ គាត់​​​ចាប់​ដៃ​​​​ពួក​ខ្ញុំ​​​ម្នាក់ម្តង​​​​ទាល់​តែ​គ្រប់គ្នា​​ រួចចុច​​យក​២​នាក់​​ ភ្លាម ។  ​ចំណោម​​​​មនុស្ស​​ស្និទ្ធ​​​ស្នាល​​គាត់​ គ្មាន​​​អ្នក​​ណា​​ចៃដន្យ​​​ទេ គាត់​​​រើស​ដោយ​​ខ្លួន​ឯង​​បាន​ត្រឹមត្រូវ​​​​ល្អ​ណាស់​ អត់​ច្រឡំដាច់​ខាត ។ គ្រប់​​គ្នា​សុទ្ធ​តែស្មោះ​​ត្រង់​​​ចំពោះគាត់​​ ព្រោះ​​គាត់​​​យក​​ចិត្ត​​ទុក​​ដាក់​​​ការរស់​​​នៅរបស់​​ពួកគេ​​ និង​ការងារ​ពួក​​គេ​យ៉ាង​​ដិត​ដល់។​ ​គាត់​​​យល់​​​ការងារ​​ម្នាក់ៗ​​ ច្បាស់​​ជាង​​បុគ្គល​​​នោះ​​យល់​​​ខ្លួន​​​ឯង​ទៅ​ទៀត ។ នេះ​ជា​រឿង​​ឈឺ​​ចាប់​​​​​​បំផុត​​​សម្រាប់​​​​ខ្ញុំ​​ដែល​​​ចាប់​​​ពីពេល​​ ​នេះទៅ​​អ៊ំ​កាដាហ្វី​​​លែង​មាន​​លើ​​លោក​​​ទៀត​» ។

គិលានុបដ្ឋាយិកា​​​​​ផ្ទាល់​​​​​​​របស់​​​កាដាហ្វី​​​ ​រូបនេះ​  អះអាង​​​ថា​រូប​​ភាព​តាម​​​កញ្ចក់​​​ទូរទស្សន៍​​​​ដែល​​​បង្ហាញ​​ពី​ប្រជា​​ ជន​លីប៊ី​ហ៊ោកញ្ជ្រៀវ​អបអរ​​​​ពេល​​ឮ​កាដាហ្វី​​​ស្លាប់​​នោះ​ ជា​រូប​តុបតែង​​​​បោក​ប្រាស់​​។ «ខ្ញុំ​​​​យល់ថា​​ប្រជាជន​​លីប៊ី​​​​ស្រឡាញ់​​អ៊ំ​កាដាហ្វី​​ ​ណាស់​ ។  ប៉ុន្តែ​ពេល​ក្រុម​បះ​បោរ​​ទទួល​​​​ជ័យ​ជម្នះ​​ ពួក​គេ​តាម​​​គោល​ការណ៍​​អែប​ខ្លាំង​ ឃ្លាត​ខ្សោយ​ ក៏​ឈរ​ខាងអ្នក​​ឈ្នះ​ក្នុង​សង្គ្រាម​​​ដ៏​​​ហិន​ហោច​ នោះ ។  ដឹងទេ​ ប្រជា​ជន​​លីប៊ី​​​មាន​​លក្ខណៈ​​ធម្មជាតិ​​​ធម្មតា​​ៗ​ដូច​កុមារ​​​​តូចៗ​​ អុីចឹង ខាងណា​ខ្លាំង​​អែប​​​​ខាងហ្នឹង​​សូម្បី​​ក្នុង​​ពេល​​​គ្មាន​​​អ្វី​ធ្វើឱ្យ ​​អាក់​អន់​ចិត្ត​​​កាលពី​អតីត​កាល​​ក៏ដោយ ។ នេះ​ជា​​​លក្ខណៈ​ពិសេស​ដក់​ជា​ប់ក្នុង​​​​ឈាម​ជ័រ​​ពួកគេ​ ។ ព្រោះ​​តែ​ដូច្នេះ​​ទើប​​អ៊ំ​កាដាហ្វី​​​កាន់អំណាច​​​បាន​ជាប់​​៤០ឆ្នាំ​ ព្រោះ​​​រយៈពេល​នោះ​​​ជនជាតិ​​លីប៊ី​​​​ម្នាក់​ណា​ក៏​សម្គាល់​​ឃើញ​​​ក្នុង​ ​​ដៃរដ្ឋ  Jamahirya មាន​អំណាច​​មុតមាំ​ ហេតុ​នេះ​ឈរខាង​​រដ្ឋ Jamahirya  ​​​គ្រប់គ្នា​។ ការ​​​​កាន់អំណាច​​​បាន​យូរ​របស់​​​​អ៊ំ​កាដាហ្វី​​មិន​មែន​បាន​សេចក្តី​ថា គាត់​​ផ្តាច់​​ការ​​ឬគាត់​ជា​​ឃាតក​ដូច​ពួក​សត្រូវ​គាត់​​​ស្រែក​​ក្តែងៗ​ទេ ។ ​ការ​​ចោទ​​​គាត់​​​ធ្វើ​បាប​​រាស្ត្រ​ខ្លួន​​ឯង​​​ជាការ​បោក​​ប្រាស់​​​ ទាំង​ស្រុង​។  នៅលីប៊ី​​៣ឆ្នាំ ខ្ញុំ​មិន​​​ដែល​សម្គាល់​​​ឃើញ​​​មាន​ប្រការបែបនេះ​ទេ  គឺគ្មាន​​​ទេ ។ ផ្ទុយ​​​ទៅ​វិញ​​ ខ្ញុំ​​​ហ៊ាន​​​អះអាង​​ថា អ៊ំ​​​កាដាហ្វី​​​ជា​ថ្នាក់​​​ដឹកនាំ​​ទទួល​​​​ការ​​​គោរព​​​ស្រឡាញ់​​​ពេញ​ ​ប្រទេស​​លីប៊ី​ ។ ខ្ញុំ​​​សម្គាល់​​​ឃើញ​​​ប្រការ​នេះ​ក្នុង​ពន្លឺ​​​ភ្នែក​​​​ប្រជាជន​​​​ ធម្មតា​​ ពេល​អ៊ំ​កាដាហ្វី​​​​​ថ្លែង​​ទៅ​កាន់​​​​ប្រជា​​រាស្ត្រ​​​នៅ​​​ទី​លាន​​​​ ខៀវ​នាទីក្រុង​​​ទ្រីប៉ូលី ដែល​​​ពួក​ខ្ញុំ​​​ប្រចាំ​ការ​ក្នុង​​​រថយន្ត​​សង្គ្រោះ​​​បន្ទាន់​​​ក្បែរ​ ​នោះ​ ។

លីប៊ី​​​ជា​ប្រទេស​​​អ្នក​មាន​ ។ រក​ឯណា​បាន​ដែល​យើង​​​ចំណាយ​ត្រឹម​​១​អឺរ៉ូ​ ទិញ​​​ប្រេងសាំង​​​​បាន​១៧​លីត្រ​​? រកឯណា​បាន​ដែល​​៥​ឆ្នាំ​ម្តង​​ជួយ​​​​ឱ្យគ្រួសារ​​​​ថ្មី​ថ្មោង​​​អាច​​ទិញ​ ​​បាន​រថយន្ត​​​មួយ​គ្រឿង​​​ប្រើ​ប្រាស់​​​​ផ្ទាល់​ខ្លួន​ ?  គោល​​នយោបាយ​​​​​ផ្ទះ​សម្បែង​​​របស់​​លីប៊ី​ គឺក្នុង​​​​រវាង​​៥ឆ្នាំ​​ ពលរដ្ឋ​​​​​លីប៊ី​​រូប​ណា​​ក៏​​​​មាន​ផ្ទះ​ផ្ទាល់ខ្លួន​​​ដោយ​មិន​​​បាច់​​ បង់​​ប្រាក់​ ។  នេះ​​​ឬ​ផ្តាច់ការ​ ?  តាម​ពិត​​អ៊ំំ​កាដា​ហ្វី​​​​ មាន​​ស្រូវ​​​​ធំបំផុត​​​មួយ​ដែល​​ធ្វើ​​ឱ្យ​គាត់​​​​ស្លាប់​​​បិទ​ភ្នែក​​ មិន​ជិត​​គឺ​ប្រេង​​​ហ្នឹង​​​តែម្តង ។  បើ​លីប៊ី​​ក្រីក្រ​​ អត់​មាន​ប្រេង​ក៏អត់​​មាន​​រឿង​អ្វី​កើត​ឡើង​ដែរ»។

តាម​ការ​​​​អះអាង​​​របស់​​គិលានុបដ្ឋាយិកា​​  Oksana Balynskaya​​នៅ​លីប៊ី​​​​ពីមុន​​ មាន​​តែ​​​​ពួក​​​​ជន​អន្តោ​ប្រវេសន៍​​​​​ទេដែល​​​​​តូច​ចិត្ត​​​តូចថ្លើម​​ កាដាហ្វី​​ ព្រោះ​​​​ខ្លួនមិន​ទទួល​អាទិភាព​​ដូច​ជន​លីប៊ី​​​​ពីកំណើត ។  ពួកជន​​អន្តោ​ប្រវេសន៍​​ទាំង​​នោះ​​ហើយ​ជា​​អ្នក​​កកូរទឹក​ឱ្យ​ល្អក់​ ​ហើយ​​​ពួក​បស្ចិម​​​ប្រទេស​ ដែល​​សំឡក់​សំឡឹង​​ប្រេង​​​លីប៊ី​តាំងពី​យូរ ​ប្រញាប់​​ប្រញាល់​​វាយ​​ប៉ោត​​វាយ​ស្គរ​​​ហក់​ចូល​​ជួយ​​​ពួកនោះ​ភ្លាម ៕

 
 
Follow

Get every new post delivered to your Inbox.

Join 342 other followers